សុខភាព &raquo សុខភាព

ផ្អែក​តាម​ការ​វិភាគ​ថ្មី​មួយ​របស់​មូលនិធិ​សុខភាព អង់គ្លេស Age UK បាន​បង្ហាញ​ថា ការ​ផ្លាស់​ប្តូរ​ចោល​នូវ​របៀបរបប​រស់នៅ​មិនល្អ​អាច​ជួយ​ទប់ស្កាត់​ការ​ធ្លាក់​ចុះ​សមត្ថភាព​ខួរក្បាល ជា​ពិសេស​គឺ​ជំងឺ​វង្វេងវង្វាន់ ។

ការ​វិភាគ​ទៅ​លើ​ទិន្នន័យ​នៃ​ការ​សិក្សា​ពិសោធន៍​មួយ​ចំនួន​កន្លង​មក បាន​រក​ឃើញ​ថា ប្រហែលជា​៧៦​ភាគរយ​នៃ​ការ​ចុះ​អន់​ថយ​ផ្នែក​ខួរក្បាល​ក្នុង​នោះ​ដូច​ជា ភ្លេចភ្លាំង​ច្រើន ល្បឿន​នៃ​ការ​គិត​យឿ​ត​ជាង​មុន​...​គឺ​ត្រូវ​បាន​ទប់ស្កាត់​ឬ​ក៏​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​ដោយ​ការ​ផ្លាស់​ប្តូរ​របៀបរបប​រស់នៅ​ក៏​ដូច​ជា កត្តាបរិស្ថាន​ផ្សេង​ទៀត​រួម​បញ្ចូល​ទាំង​កម្រិត​នៃ​ការ​អប់រំ​ផង​ដែរ ។

ក្រុម​អ្នកវិភាគ​បាន​ផ្តល់​ជា​អនុសាសន៍​ថា មាន​វិធានការ​ងាយ​ៗ និង​ប្រកបដោយ​ប្រសិទ្ធភាព​៥​ចំណុច​ដែល​មនុស្ស​ទាំងឡាយ​អាចយ​កមក​អនុវត្ត​ដើម្បី​រក្សា​សុខភាព​ខួរក្បាល​ក៏​ដូច​ជា​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​ភ្លេចភ្លាំង ។ វិធានការ​ទាំងនោះ​គឺជា​ផ្នែក​មួយ​នៃ​ការ​រស់នៅ​ល្អ​ក្នុង​នោះ​មាន​ដូច​ជា ហាត់ប្រាណ​ទៀងទាត់ ទទួលទាន​របប​អាហារ​ដែល​ផ្តល់​អត្ថប្រយោជន៍​ចំពោះ​សុខភាព មិន​ជក់បារី  ទទួលទាន​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម ។ ចំណែក​ភាពធាត់​លើស​ទម្ងន់​និង​បញ្ហា​លើសឈាម​ក៏​ត្រូវ​បាន​រក​ឃើញ​ថា​ជា​ផ្នែក​មួយ​ពាក់ព័ន្ធ​ផង​ដែរ ។ បញ្ចុះទម្ងន់​និង​រក្សា​សម្ពាធ​ធម្មតា​គឺ​អាច​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ភ្លេចភ្លាំង​បាន ។

ការ​សិក្សា​ដ៏​ធំ​មួយ​របស់​ចក្រភព​អង់គ្លេស​ដែល​ប្រើ​ពេល​ជាង​៣០​ឆ្នាំ​បាន​រក​ឃើញ​ថា បុរស​វ័យ​ចន្លោះ​ពី​៤០​ទៅ​៥៩​ឆ្នាំ​ដែល​អនុវត្ត​ការ​រស់នៅ​៤​ទៅ​៥​ចំណុច​ដូច​ខាង​ដើម​គឺ​អាច​កាត់​បន្ថយ​ហានិភ័យ​ចុះ​ខ្សោយ​សមត្ថភាព​ខួរក្បាល​និង​ហានិភ័យ​កើត​ជំងឺ​ភ្លេចភ្លាំង​បាន​៣៦​ភាគរយ ។

មូលនិធិ Age UK សង្ឃឹមថា របកគំហើញ​ថ្មី​នេះ​នឹង​ជួយ​លើកទឹកចិត្ត​ដល់​សារ​ធារ​ណ​ជន​ទូទៅ​បោះបង់​ចោល​ទម្លាប់​រស់នៅ​មិនល្អ​ហើយ​ចាប់​យក​វិធានការ​៤-៥​ចំណុច​របស់​យើង​កាត់​បន្ថយ​ឱ្យ​នូវ​ហានិភ័យ​ធ្លាក់​ចុះ​សមត្ថភាព​ខួរក្បាល និង​ជំងឺ​ភ្លេចភ្លាំង ។

នាយក​មូលនិធិ Caroline Abrahams បាន​ថ្លែង​ថា ខណៈ​ពុំ​ទាន់​មាននៅ​ឡើយ​វិធីសាស្ត្រ​ព្យាបាល​ជំងឺ​ភ្លេចភ្លាំង ភ័ស្តុតាង​លើក​នេះ​បាន​បង្ហាញ​ថា មាន​មធ្យោបាយ​ងាយ​ៗ និង​មាន​ប្រសិទ្ធភាព​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​នេះ​បាន​។ ដូច្នេះ​ចាប់​អនុវត្ត​កាន់តែ​លឿន ឱកាស​ទទួល​បាន​សុខភាព​ល្អ​ក្នុង​ពេល​បន្ទាប់​សម្រាប់​ជីវិត​ក៏​កាន់តែ​មាន​ច្រើន​ផង​ដែរ ៕​