ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​បាន​សម្រេច​ហើយ​ជិះ​គេចខ្លួន ត្រូវ​ប្រជាពលរដ្ឋ​ឃើញ​ទាន់​នាំ​គ្នា​ដេញចាប់​បាន​​ទប់​កំហឹង​មិន​បាន​ក៏​នាំ​គ្នា​វាយ​​​ទ្រមខ្លួន ​​ទើប​​ប្រគល់​ឱ្យ​សមត្ថកិច្ច​យក​ទៅ​សួរនាំ​​ កាលពី​វេលា​ម៉ោង​១​​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​៣១ ​មករា​ នៅ​​ភូមិ​សាមគ្គី ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ  ។

ជនសង្ស័យ​​ទាំង​២នាក់​ខាង​លើ ម្នាក់​ ឈ្មោះ ​សឿ​ន ចាន់​មក​រា ​ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ក្នុងភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫ​ស្សី​កែវ  ​និង​ម្នាក់​ទៀត ឈ្មោះ សុខ នា​ត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិត​ប្រា​ដក ស្នាក់​នៅ​ក្នុងភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌ​​ឫ​ស្សី​កែវ ។ ​ចំណែក​ម្ចាស់​ម៉ូតូ​ឆា​លី ពណ៌​ស មិន​មាន​ស្លាក​លេខ ដែល​ចោរលួច​​​ ឈ្មោះ ​វើ​ង ហាន អាយុ​៣៧​ឆ្នាំ ​ជា​​ជាង​​រថយន្ត​ រស់នៅ​ក្នុងភូមិ​សាមគ្គី សង្កាត់​ទួល​សង្កែ ខណ្ឌ​​ឫស្សី​កែវ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​​ឃើញ​ជនសង្ស័យ​២​នាក់​បាន​មក​ធ្វើក​សកម្មភាព​លូច​ម៉ូតូ​មួយ​គ្រឿង​ដែល​គេ​ចាក់​សោ​​ទុក​មុខ​ផ្ទះ ហើយ​ជនសង្ស័យ​នោះ​ក៏​ឡើង​លើ​ម៉ូតូ​កាច់​សោ.ក​ជិះ​គេចខ្លួន​ ប៉ុន្តែ​​ប្រជាពលរដ្ឋ​ឃើញ​ទាន់​ក៏​នាំ​គ្នា​ដេញ​ចាប់​បាន​​វាយ​​ទ្រម​ខ្លួន​តែ​ម្តង ។​

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​​​នាំ​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​នេះ​ទៅសួរនាំ​នៅ​ប៉ុ​ស្លិ៍​នគរបាល​ទួល​សង្កែ  និង​​បញ្ជូន​បន្ត​ទៅ​អធិកា​រដ្ឋាន​នគរ​​បាល​ខណ្ឌ​ឫ​ស្សី​កែវ ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូង​រាជ​ធានីចាត់ការ​តាម​នីតិ​វិធី​ ៕