ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ឆ្នាំង ៖  កុមារី​អាយុ​១៣​ខែ​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម ដោយសារ​ត្រី​អណ្តាតឆ្កែ​១​ក្បាល​ត្បុល​ចូល​ទៅ​ជាប់​បំពង់​.​ក បន្ទាប់​ពី​កុមារី​រូប​នោះ យក​ត្រី​អណ្តាតឆ្កែ​រស់​មក​ខាំ​នៅ​មាត់ ។ ហេតុការណ៍​ដ៏​កម្រ​នេះ​បាន​កើតឡើង​នៅ វេលា​ម៉ោង​៧​និង​២៥​នាទី​ព្រឹក ថ្ងៃ​ទី​៣០ មក​រា ឆ​២០១៦ នៅ​នឹង​ផ្ទះ​កុមារី​រង​គ្រោះ ស្ថិត​ក្នុងភូមិ​ថ្មី ឃុំ​ជ្រៃ​បាក់ ស្រុក​រលារ​ប្អៀ​រ ខេត្តកំពង់ឆ្នាំង​។

ក្រុម​គ្រួសារ​កុមារី​ខាងលើ​បានឱ្យ​ដឹង​ថា កុមារី​រង​គ្រោះ​ឈ្មោះ​ឆៃ ឈិ​ត​លី​យូ​លី​ន អាយុ​១៣​ខែ មាន​ម្តាយ​ឈ្មោះ​ថុ​ង សៅ​លី អាយុ​២២​ឆ្នាំ ឪពុក​ឈ្មោះ​សឿ​ន រ៉ា​ឈី​ត អាយុ​២៦​ឆ្នាំ ប្តី​ប្រពន្ធ​ទាំង​ពីរ​នាក់ មានមុខរ​បរជាក​ម្មក​រោងចក្រ ដោយ​ទុក​កូន​ឱ្យ​នៅ​ជាមួយ​ជីដូន​ឈ្មោះ​ធឿ​ន អាយុ​៥៣​ឆ្នាំ ជា​អ្នក​មើលថែ​។  នៅ​មុន​ពេល​កើតហេតុ​លោកយាយ ធឿ​ន ដែល​ត្រូវជា​ជីដូន​បង្កើត​របស់​កុមារី​រង​គ្រោះ​បាន​ទិញ​ត្រី​អណ្តាតឆ្កែ​ពី​អ្នកលក់​តាម​ម៉ូតូ​ចំនួន​កន្លះ​គីឡូ​យក​មក​ធ្វើ​ម្ហូប​។ នៅ​ពេល​ទិញ​បាន​មក​លោកយាយ​ក៏​បាន​យក​ត្រី​នោះ​មក​ដាក់​លើ​គ្រែ ហើយ​គាត់​ទៅ​ដងទឹក​នៅ​ក្រោយ​ផ្ទះ ដោយ​ទុក​ចៅ​ឱ្យ​នៅ​លេង​ក្នុងផ្ទះ​។  ស្រាប់តែ​ពេល​ត្រឡប់​មក​វិញ លោកយាយ​បានឃើញ​ចៅស្រី​ប្រកាច់​ត្រដរ​ខ្យល់ និង​មាន​ឈាម​ជា​ច្រើន​បាន​ហូរ​ចេញពី​ក្នុង​មាត់  ឃើញ​ដូច្នេះ​គាត់​ក៏​បាន​ស្រែកហៅ​អ្នក​ជិតខាង​ឱ្យមក​ជួយ ហើយ​នៅ​ពេល​នោះ​ដែរ អ្នកស្រុក​បាន​ហែក​មាត់​កុមារី​រង​គ្រោះ​មើលឃើញ​ត្រី​អណ្តាតឆ្កែ​ចូល​ទៅ​ជាប់ ក្នុង​បំពង់​.​ក  ដោយ​បានឃើញ​តែ​កន្ទុយ​ត្រី​នៅ​កណ្តាល​បំពង់​.​ក​មិន​អាច​ជួយ​អី​បាន​ឡើយ ហើយ​ក៏​បាន​ដឹក​កុមារី​រង​គ្រោះ​យក​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង តែ​ពេល​ទៅ​ដល់​ពេទ្យ​ខេត្ត​កុមារី​រង​គ្រោះ ក៏​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ក្រុម​គ្រួសារ​ក៏​បាន​យក​សព​កុមារី​ត្រឡប់​មក​ផ្ទះ​វិញ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕