ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ឆ្នាំង  «ឈាមមាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​» លោក សូ​រិ​ន្ទ ទី​រ៉ា​វុ​ឌ្ឍី ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ ​បាន​មាន​ប្រសា​សន៍បែប​នេះ ក្នុង​ពេល​ដែល​លោកដឹកនាំលោកគ្រូ អ្នកគ្រូ​ពេទ្យ ប្រមាណ​១០​នាក់ ទៅ​ទទួលយក​ឈាម​ពី​ប្រជាពលរដ្ឋ​ខ្មែរអ៊ិស្លាម នៅ​ក្នុងភូមិ​ខ្នាយកកោះ ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៦ ។

​លោក​ប្រធាន​មន្ទីរពេទ្យ​បង្អែក​​បាន​បន្ត​ថា ​បច្ចុប្បន្ន​មន្ទីរពេទ្យ​ត្រូវការ​ឈាមមក​ស្តុកទុក​ដើម្បី​រង់ចាំ​ជួយ​សង្គ្រោះអ្នកជម្ងឺ  ព្រោះថាឈាមមាន​សារសំខាន់​​ខ្លាំង​ណាស់ សម្រាប់​​​ជួយ​សង្គ្រោះ​អ្នក​ជំងឺ​ដែល​ត្រូវការ​ឈាម ។ ​ចំពោះ​អ្នក​ជំងឺ​​ត្រូវការ​ឈាម​ភាគច្រើន​ជា​ស្ត្រីដែល​សម្រាលកូនធ្លាក់ឈាម​ច្រើន និង​ស្ត្រី​ឆ្លងទន្លេ ដោយ​ការ​វះកាត់ បន្ទាប់​មក​អ្នកជំងឺ​​ត្រូវ​វះកាត់  គ្រោះថ្នាក់​ចរាចរ​ណ៏ និង​គ្រោះថ្នាក់​ផ្សេង​ៗ ​។

កន្លង​ទៅ មន្ទីរពេទ្យ​តែង​ទទួល​ឈាម​ពី​កម្លាំងយោធា ​​នគរបាល ជាដើម ចំណែក​សាសនិក​អ៊ិ​ស្លា​មនៅ​ទី​នេះ ( ភូមិ​ខ្នាយ​កកោះ​) ក៏​ធ្លាប់​ផ្តល់​ឈាម​ដល់​មន្ទីរពេទ្យ​៤​លើក​ហើយ​ គិត​ទាំង​លើក​នេះ​ផង​ដែរ ដោយលើក​ទី​១ បាន​៥៥​ប្លោក ទី​២​បាន​៣៥​ប្លោក ទី​៣​បាន ២៣​ប្លោក និង​លើក​ទី​៤​នេះ​បាន​២៣​ប្លោក​​ទៀត ៕