ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ត្បូងឃ្មុំ ៖  ពិតជា​គួរ​ឲ្យ​សង្វេគ​ដោយ​មនុស្ស​២​នាក់ បាន​ស្លាប់​ក្នុង​ករណី​ផ្សេង​គ្នា  នៅ​ថ្ងៃ​ទី​២៩ មក​រា និង​ថ្ងៃ​ទី​៣០ មក​រា ២០១៦ ក្នុង​នោះ​មាននៅ​ឃុំ​ល្ងៀង ស្លាប់​ដោយ​សារ​លង់ទឹក​រណ្តៅ និង​ឃុំ​ស្រឡប់  ស្រុក​ត្បូងឃ្មុំ ដូច​គ្នា​ស្លាប់​ដោយ​បាក់​ស្រុត​ដី​ជញ្ជាំង​ប្រឡាយ​លើ​កម្មករ​ពេល​កំពុងធ្វើការ​នោះ​។

អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន ប្រាប់​ឲ្យ​ដឹង​ថា ចំពោះ​ករណី​ទី​១ នៅ​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​២៩ មក​រា ត្រង់​ចំណុច​ភូមិ​កៀន​ចេក ឃុំ​ល្ងៀង ស្រុក​ត្បូងឃ្មុំ  មាន​សិស្ស​ស្រី​ម្នាក់​ឈ្មោះ​សុង ចរិយា អាយុ​១១​ឆ្នាំ  មាន​ឪពុក​ឈ្មោះ ស សាត អាយុ​៣៨​ឆ្នាំ និង​ម្តាយ​ឈ្មោះ​ស៊ី​ម ហេង អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​កៀន​ចេក​ខាងលើ បាន​នាំ​គ្នា​ដើរ​ចេញពី​បន្ទប់​ថ្នាក់រៀន​ទៅ​លាង​ជើង​ជាមួយនឹង​គ្នីគ្នា​៤​ទៅ​៥​នាក់ នៅ​ត្រង់​រណ្តៅ​ជីក​យក​អាចម៍ដី​មួយ​កន្លែង​ទំហំ​១៥​ម៉ែត្រ​គុណ​៣០​ម៉ែត្រ ចម្ងាយ​១០០​ម៉ែត្រ ស្ថិត​នៅ​ខាងកើត​ឈាង​ខាងជើង​សាលារៀន ។

អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ​បាន​ប្រាប់​បន្ត​ថា ក្នុង​ពេល​ដែល​កំពុង​តែ​លាង​ជើង​នោះ ចៃដន្យ​ស្រាប់តែ​រអិល​ជើង បណ្តាល​ឲ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​រណ្តៅ​ដី​មាន​ជម្រៅ​៥​ម៉ែត្រ ភ្លាម​ៗ​នោះ​ក្មេង​ៗ​ដែល​ទៅ​ជាមួយ​ក៏​ប្រញាប់​នាំ​គ្នា​រត់​មក​ប្រាប់​អ្នក​ភូមិ​ឲ្យ​ទៅ​ជួយ​សង្គ្រោះ ព្រោះតែ​លង់ទឹក​រណ្តៅ បន្ទាប់​មក​មនុស្ស​ជា​ច្រើន​នាក់​បាន​នាំ​គ្នារ​ត់ទៅ​ជួយ ដោយ​បាន​លោត​មុជ​ទៅ​រាវ​ក៏​ប្រទះ​ឃើញ​ក្មេង​ស្រី​ឈ្មោះ ចរិយា ។ លុះ​ពេល​ដែល​នាំ​គ្នា​លើក​មក​ដាក់​លើគោក​ខំប្រឹង​រឹត និង​លើក​រលាក់​ឲ្យ​ចេញ​ទឹក​ពី​ក្នុង​ខ្លួន​យ៉ាងណា​ក្តី ក៏​មិន​អាច​សង្គ្រោះ​បាន​ដែរ គឺ​បាន​ស្លាប់​បាត់​ទៅ​ហើយ ក្រោយ​ពី​ទទួល​បាន​ពី​ករណី​នេះ ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ល្ងៀង និង​ពេទ្យ​មណ្ឌល​សុខភាព បាន​ចុះ​ទៅ​ពិនិត្យ​សព គឺ​ពិតជា​ស្លាប់​ដោយសារ​តែ​លង់ទឹក​ពិតប្រាកដ​មែន  ។

ចំពោះ​ករណី​ទី​២ វិញ អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន បញ្ជាក់​ថា នៅ​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​៣០ មក​រា ២០១៦ ចំណុច​ការដ្ឋាន​មួយ​កន្លែង​មា​នទី​តាំងនៅ​ភូមិ​ស្រឡប់ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ  កម្មករ​ម្នាក់​ឈ្មោះ​ជុន ជូន អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​និគម​ក្រោម ឃុំ​ស្រឡប់ បាន​ចុះ​ធ្វើការ​ក្នុង​ប្រឡាយ​ចាក់​បេតុង ។ គ្រានោះ​ចៃដន្យ​ស្រាប់តែ​បាក់​ដី​សង្កត់​លើ បណ្តាល​ឲ្យ​ស្លាប់​ធ្លាយ​ខួរ​មួយ​រំពេច​តែ​ម្តង ក្រោយ​ពី​មាន​ហេតុការណ៍​នេះ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ
បាន​ចុះ​ទៅ​ពិនិត្យ​សព​ឃើញ​ថា ពិតជា​បាន​ស្លាប់ ដោយ​ដី​រំលំ​បាក់​សង្កត់​លើ​មែន  បន្ទាប់​មក​បាន​ប្រគល់​សព​ទៅ​ឲ្យ​សាច់ញាតិ ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​​ដែរ៕