ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ឆ្នាំង ​៖ ក្រុម​កីឡាករ​ជិះ​កង់​ប្រណាំង​ប្រមាណ​ជាង​៣០​នាក់ ត្រូវ​បាន​អាជ្ញាធរ​អគ្គិ​ស​នី​កម្ពុជា រៀបចំ​ឱ្យ​​ជិះ​កង់​ប្រណាំង​គ្នា​ពី​ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ឆ្ពោះទៅ​ខេត្តពោធិសាត់ នៅព្រឹក​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៦  ដើម្បី​ចូលរួម​ដាំ​ដើមឈើ​ចំនួន​៥០០​ដើម នៅ​ស្រុក​ភ្នំ​ក្រ​វាញ​ ។​

​លោក ទុ​យ ហុង មន្ត្រី​អាជ្ញាធរ​អគ្គិ​ស​នី​កម្ពុជា បានឱ្យ​​ដឹង​ថា ការ​រៀបចំ​ប្រណាំង​កង់​នេះ​បានរៀបចំ​ឡើង​ដោយអាជ្ញាធរ​អគ្គិ​​ស​នី​កម្ពុជា​ ​ដែល​មានការ​ចូលរួម​ពី​មន្ត្រី​អគ្គិ​ស​នី​កម្ពុជា​ជាង​៣០​នាក់ ​ចេញដំណើរ​ពី​ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ឆ្ពោះទៅ​ដល់​ស្រុក​ភ្នំ​ក្រ​វាញ​ ខេត្តពោធិសាត់ ដែល​មាន​ចម្ងាយ​ផ្លូវ​​១៥០​គីឡូម៉ែត្រ ​។

​លោក​បាន​បន្ត​​​ថា​ ការ​ជិះ​កង់​ប្រណាំង​ខាងលើ​នេះ ​​ដើម្បី​ចូលរួម​ដាំ​កូន​ឈើ​ចំនួន​៥០០​ដើម នៅ​ក្នុងស្រុក​ភ្នំ​ក្រ​វា​ញ​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែមករា ​​នេះ រួមចំណែក​បង្កើន​ព្រៃឈើ​ថែរក្សាបរិស្ថាន​ធម្មជាតិ​ឱ្យ​​មាន​និរន្ត​ភាព​ ។

​ដោយឡែក​ នៅ​ពេល​ក្បួន​ប្រណាំង​កង់​មក​វិមាន​ឯករាជ្យ​ក្នុង​ក្រុង​កំពង់ឆ្នាំង ​យុវ​សិស្ស​កាយ​​ឫទ្ធិ​នៅតាម​សាលារៀន​ជាង​៥០០​នាក់ ក៏​បាន​រៀបចំ​ជា​ក្បួន​ទទួល​ស្វាគមន៍​កីឡាករ​ប្រណាំង​កង់​ទាំង​អស់​ផងដែរ ​ហើយ​ក្បួន​ប្រណាំង​កង់​នេះ​ក៏​មានការ​ជូន​ដំណើរ​អម​ដោយ​ក្បួន​រថយន្ត​សា​រ៉ែ​ន​របស់​កងកម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​រហូត​ដល់​ព្រំប្រទល់​ខេត្តពោធិសាត់​ ដើម្បី​រក្សា​ការពារ​សុ​វត្តិភាពក្រុម​អ្នក​ប្រណាំង​កង់​ផង​ដែរ ៕