ជនសង្ស័យ ចំនួន ៤៧នាក់ ត្រូវបានឃាត់ខ្លួនពី បទឆបោក លុយតាមអ៊នឡាញ

សាំងហ្គាពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅរាត្រីថ្ងៃ ទី២៩ ខែមករា ឆ្នាំ២០១៦ថា សរុបជនសង្ស័យដែលប៉ូលិស ធ្វើការឃាត់ខ្លួនមានចំនួន៤៧នាក់ គិតចាប់ពីចន្លោះថ្ងៃទី២៦ និង២៨ ខែមករានេះ ដោយពួកគេ មានជាប់ពាក់ព័ន្ធនឹង ករណីឆបោកលុយ តាមប្រព័ន្ធអ៊នឡាញ ។

ជនសង្ស័យដែលបានឃាត់ខ្លួន ក្នុងនោះបុរសមានចំនួន២៤នាក់ និងស្ត្រីមានចំនួន២៣នាក់ ពួកគេមានអាយុចន្លោះពី១៦ និង៥៩ឆ្នាំ ដោយពាក់ព័ន្ធនឹងបទឆបោកចំនួន ១៤៥ករណី ស្មើនឹងទឹកប្រាក់ ១៣២.០០០ដុល្លារសហរដ្ឋអាម៉េរិក ។

ប៉ូលិសបានបញ្ជាក់ថា ជនសង្ស័យទាំងនោះភាគច្រើន ពាក់ព័ន្ធរឿងផ្ទេរ និងទទួលប្រាក់ ហើយក៏មានរឿងកាត់សេវាកម្មលក់ទំនិញ ដល់អតិថិជន តែមិនបានប្រគល់ទំនិញឲ្យឡើយតាមរយៈអ៊នឡាញ ។

ប៉ូលិសបានបន្ថែមថា រឿងសំខាន់មួយទៀតនោះ គឺពួកគេមួយចំនួនមានជាប់ពាក់ព័ន្ធនឹងការផ្ទេរលុយខុសច្បាប់ ដោយមានអង្គភាពបង្គាប់បញ្ជានៅពីក្រោយខ្នង ។

ប៉ូលិស នឹងបន្តប្រតិបត្តិការស៊ើបសួរ ក្នុងអំឡុងពេល៣ថ្ងៃ និងបញ្ជូនទៅកាន់តុលាការកាត់ទោស ។ ពួកគេអាចប្រឈមនឹងទោសចាប់ ពី១០ឆ្នាំឡើង បើសិនជាតុលាការរកឃើញថា ជនទាំង នោះមានពាក់ព័ន្ធនឹងករណីខុសច្បាប់ ប្រាកដមែន ៕