ដូនចាស់ ៧៨ ឆ្នាំ រស់នៅ​ជាមួយ​ចៅ​យ៉ាង​កម្សត់​

Doliprane TVC

​មនុស្ស​យើង​កើតមក​មិនមាន​សំណាង​ដូចគ្នា​នោះទេ បើ​និយាយតាម​ជំនឿ​បែប​ព្រះពុទ្ធសាសនា​គេ​តែងតែមាន​ជំនឿ​លើក​ម្ម និង ផល ដែល​បាន​សាង​ពី​ជាតិ​មុន ថ្វីដ្បិតតែ​បែក​ពី​សម័យ ប៉ុល ពត បាត​ដៃទទេ​ដូចគ្នា​ក៏ពិតមែន ប៉ុន្តែ​អ្នកខ្លះ​មានសំណាង​បានរស់នៅ​ស្រណុក​សុខ​ស្រួល​មាន​ម្ហូបអាហារ​ហូបចុក​បរិបូរ​ឆ្ងាញ់ៗ និង ចូលដល់​វ័យ​ចំណាស់​មានកូន​ចៅ​មើលថែ​ទំនុកបម្រុង​រាល់ថ្ងៃ ។ ដោយឡែក​លោក យាយ ឃិន លួ​ន ចូលដល់​វ័យ​ជិត ៨០ ឆ្នាំ ទៅហើយ​នៅតែ​កណ្តៀតកញ្ជើ​ដើរ​គ្រប់​ច្រកល្ហក បេះ​ស្លឹក​បាស ត្រកួន និង ស្លឹក​ល្ងៀង​លក់​ឱ្យ អ្នកភូមិ​បាន​ប្រាក់​តិចតួច​ដើម្បី​យកមក​ចិញ្ចឹមជីវិត​របស់ខ្លួន និង ចៅ ប្រុស​ម្នាក់​ឱ្យ​រៀនសូត្រ ។ ជា​រៀងរាល់ថ្ងៃ​លោកយាយ​តែងតែ​ទៅ​បោស សម្អាតក្នុង​ប្រាសាទ​ព្រះបាទ​អង្គចន្ទ ក្នុង​គោលបំណង​ប្រាថ្នា​កុំឱ្យ​ជាតិ​ក្រោយកើតមក​ក្រ​ស៊ី​អត់​ស៊ី​ឃ្លាន​ជួប​ទុក្ខលំបាក​វេទនា​ដូច​ជាតិ​នេះ​ទៀត ។​

ដូនចាស់ ៧៨ ឆ្នាំ រស់នៅ​ជាមួយ​ចៅ​យ៉ាង​កម្សត់​

​ជា​រៀងរាល់​ព្រឹក​លោកយាយ អាយុ ៧៨ ឆ្នាំ រស់នៅ​ក្នុងភូមិ​រោងដំរី ឃុំ​បាភ្នំ ស្រុក​បាភ្នំ ខេត្តព្រៃវែង តែងតែ​កណ្តៀតកញ្ជើ​នាំ​ចៅប្រុស​ដើរ​បេះ​ត្រកួន ស្លឹក​ល្ងៀង និង ស្លឹក​បាស ដើម្បី​យកទៅលក់​ឱ្យ​អ្នកភូមិ​ក្នុង​មួយថ្ងៃ​បាន​ប្រាក់​ពី ៥.០០០ ទៅ ៦.០០០ រៀល ដើម្បី​ទិញ​អង្ករ និង ម្ហូប​ចិញ្ចឹមជីវិត​ពីរ​នាក់​ចៅ និង លៃលក​ទុក​សម្រាប់​ឱ្យ​ចៅប្រុស​ទៅ​រៀន ។ ​ដោយនៅ​នឹង​ចង្កេះ​មាន​កណ្តៀតកញ្ជើ​ដែល​ទើបនឹង​ត្រឡប់​មកពី​លក់​បន្លែ​វិញ ហើយ​ធ្វើដំណើរ​មកកាន់​ប្រាសាទ​ព្រះបាទ​អង្គចន្ទ ដើម្បី​បោសសម្អាត​នៅ​បរិវេណ​ប្រាសាទ និង លក់​ធូប ទៀន ឱ្យ​ភ្ញៀវ ដែល​ចូលមក​បន់ស្រន់​សុំ​សេចក្តីសុខ​ចម្រើន​ដូនចាស់ ឃិន លួ​ន បាន​រៀបរាប់​ឱ្យដឹង​ទាំង​ក្តី​ទុក្ខ​កង្វល់​ថា បន្ទាប់ពី​រៀបការ​លោកយាយ​មានកូន​ចំនួន ៣ នាក់ (​ស្រី ២ ប្រុស ១) ។

ចូលដល់​ឆ្នាំ ១៩៧២ ពេលដែល​កូនស្រី ពៅ​របស់​លោកយាយ​ទើបតែ​កើត​បាន ៦ ខែ ប្តី​របស់​លោកយាយ​ក៏បាន​ស្លាប់ចោល ដោយបាន​បន្សល់ទុក​កូ​ន​ទាំង ៣ នាក់​ជា​ក្មេង​កំព្រា​មិនមាន​ឪពុក និង លោកយាយ​ជា​ស្ត្រី​មេម៉ាយ​ទាំង​សរសៃ​ខ្ចី​មិនអាច​ធ្វើ​ការងារ​ធ្ងន់​បាន​ទ្បើ​យ ធ្វើឱ្យ​ជីវភាព​របស់​លោកយាយ​កាន់តែ​ធ្លាក់​ដុនដាប​ទៅៗ ។ បន្ទាប់មក​ក៏​ចូលមក​ដល់​សម័យ ប៉ុល ពត ម្នាក់ៗ​ទទួលរង​ការលំបាក​វេទនា​ស្ទើរ​ស្លាប់​ស្ទើរ​រស់ តែ​សំណាង​ដែរ​ដែល​លោកយាយ និង កូនៗ​នៅមាន​ជីវិត​រស់​គ្រប់គ្នា ។ បន្ទាប់ពី​បែក ប៉ុល ពត លោកយាយ​ក៏​មិនបាន​យក​ប្តីសី​អ្វី​ទៀត​ដែរ នៅ​ជា​ស្ត្រី​មេម៉ាយ​ប្រឹង​រកស៊ី​ចិញ្ចឹម​កូន​ទាំង ៣ នាក់ រហូត​ពេលនេះ​គេ​មាន​ប្តី​ប្រពន្ធ​គ្រប់ៗ​គ្នា​ហើយក៏​បែក​ទៅ​នៅ​ឆ្ងាយ​ពី​លោក យាយ​ហើយ​កូនចៅ​ទាំងអស់នោះ​ក៏​សុទ្ធតែ​ក្រៗ​ទៀត​រក​ពឹង​អ្នកណាម្នាក់​មិន បាន​រាល់ថ្ងៃនេះ​មានតែ​ការបញ្ចេញ​កម្លាំង​ពលកម្ម​ខ្លួនឯង​ប៉ុណ្ណោះ​ដើម្បី​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ មានពេលខ្លះ​បើ​ដើររក​បេះ​បន្លែ​យកទៅលក់​មិនបាន​គឺ លោកយាយ និង ចៅ​ប្រាកដជា​ដេក​អត់បាយ ។​

ដូនចាស់ ៧៨ ឆ្នាំ រស់នៅ​ជាមួយ​ចៅ​យ៉ាង​កម្សត់​

​ដូនចាស់​បាន​រៀបរាប់​បន្តទៀតថា​«​ដោយសារតែ​មើលឃើញ​ជីវភាព​គ្រួសារ​របស់​កូន​លំបាក ខ្ញុំ​មិនបាន​ទៅ​រស់នៅ​ជាមួយ​កូន​ណា​ម្នាក់​នោះទេ ដោយនៅ​នឹង​កូនខ្ទម​នេះ​ជាមួយ​ចៅប្រុស​ម្នាក់​គ្រាន់​ឱ្យ​ចៅ​ជួយ​មើល​ពេល​ឈឺ​ថ្កាត់​យប់​ព្រលប់ ។ អស់​រយៈពេល​ជាង ៣០ ឆ្នាំ​មកហើយ រាល់ថ្ងៃ​ខ្ញុំ​តែងតែ​ដើរ​បេះ​ស្លឹក​បាស​ស្លឹក​ល្ងៀង និង បេះ​ត្រកួន​យកទៅលក់​ឱ្យ​អ្នក​នៅ​ក្នុងភូមិ​ជាមួយគ្នា ហើយ​លក់ដាច់​អស់ៗ​មិនដែល​សល់​ទេ ដោយសារតែ​គេ​អាណិត​ជួយ​ទិញ​ហើយ​បើ​គេ​មិន​ទិញ​វិញ​ពិតជា​គ្មាន​អង្ករ​ច្រក​ឆ្នាំង​ទេ ។ ដោយសារតែ​កម្លាំង​ចេះតែ​ថមថយ​ខ្ញុំ​ក៏បាន​យក​ចៅប្រុស​តូច​ម្នាក់​អាយុ ១២ ឆ្នាំ មក​នៅ​ជាមួយ​គ្រាន់​ជួយ​ដាំបាយ ទឹក និង ជួយ​ដើរ​បេះ​ស្លឹក​បាស នៅក្រៅ​ម៉ោង​រៀនសូត្រ​របស់គេ ។ ប្រាក់​ដែល​បានមកពី​ការលក់​បន្លែ​បន្តិច បន្តួច​នោះ​ខ្ញុំ​បាន​លៃលក​ទិញ​ជា​អង្ករ អំបិល ទឹកត្រី ទឹកស៊ីអីុវ និង លៃ​ទុក​ទិញ​សៀវភៅ​ប៊ិក ឱ្យ​ចៅ​ទៅ​រៀន​ផងដែរ ។

រាល់ថ្ងៃនេះ​ខ្ញុំ​មិនដែល​បាន​ហូប​ឆ្ងាញ់​ទេ បាន​ហូប​ឆ្ងាញ់​ម្តងៗ​នៅពេល​មាន​បុណ្យទាន​ក្នុងភូមិ​អ្នកស្រុក​គេ​អាណិត​គេ​យក​ម្ហូប​មកឱ្យ​» ។​ ​នៅក្នុង​អាកាសធាតុ​ក្តៅហែង​ម៉ោង​ជិត ១២ ថ្ងៃត្រង់​ទៅហើយនោះ ដូនចាស់​រូបនេះ​បាន​ដើរមក​កាន់​ខ្ទម​ដ៏​កម្សត់​របស់គាត់​ដែល​មិនទាន់មាន​អ្វី​ចូលក្នុង​ពោះ​សោះ ពេលដែល​អ្នក​ក្បែរ​ខាង​បាន​ទទួលទាន​អាហារ​រួចរាល់​ហើយ​នោះ ។ មើល​មក​លោកយាយ​វិញ​ទើបតែ​រៀបចំ​ចង្ក្រាន ចាន ឆ្នាំង​ចាស់ៗ ៣ ឬ ៤ នៅក្នុង​កូនខ្ទម​ដែល​បាំងបិទ​ដោយ​កន្ទេល​ចាស់ៗ និង ម្ខាង​ទៀត​ធ្លុះធ្លាយ រនាប​បាក់បែក​នោះ​មើលទៅ​គួរឱ្យ​សង្វេគ​ណាស់ ។​

ដូនចាស់ ៧៨ ឆ្នាំ រស់នៅ​ជាមួយ​ចៅ​យ៉ាង​កម្សត់​

​នៅពេល​អ្នកយកព័ត៌មាន​របស់​យើង​សួរថា​តើ​លោកយាយ​មក​បោស សម្អាត​នៅ​កន្លែង​ប្រាសាទ​នេះ​រាល់ថ្ងៃ​មែន​ទេ ? លោកយាយ​បាន​ដកដង្ហើម​ធំ​ហើយ​ឆ្លើយថា ‘​រយៈពេល​ជាង ៣០ ឆ្នាំ​មកហើយ​ដែល​ខ្ញុំ​មក​បោសសម្អាត បរិវេណ​ប្រាសាទ​ព្រះបាទ​អង្គចន្ទ​នេះ​ដោយសារតែ​ខ្ញុំ​ធ្លាប់​ធ្លាក់ខ្លួន​ឈឺ​សន្ធំ ៧ យប់ ៧ ថ្ងៃ ហើយ​កូនចៅ និង អ្នកផង​ទាំងឡាយ​គេ​នឹកស្មានថា​ខ្ញុំ​ស្លាប់ទៅ​ហើយក៏​នាំគ្នា​ធ្វើបុណ្យ និង រៀបចំ​លើកដាក់​ក្នុង​មឈូស​បម្រុង​យកទៅ​ដុត​ទៅហើយ ស្រាប់តែ​ខ្ញុំ​ដឹងខ្លួន​វិញ​រស់​រហូតមកដល់​ស​ព្វ​ថ្ងៃនេះ ។ ពេលដែល​ខ្ញុំ​សន្ធំ​នោះ​មាន​គេ​មក​យក​ព្រលឹង​របស់ខ្ញុំ​ទៅ និង នាំ​ខ្ញុំ​ដើរ​មើល គ្រប់កន្លែង​ក្នុងឋាន​របស់​យមបាល​ហើយ​គេ​ប្រាប់ថា​កុំឱ្យ​ខ្ញុំ​ធ្វើបាប និង ឱ្យ​ប្រឹង​ធ្វើបុណ្យ និង បញ្ជូន​ព្រលឹង​របស់ខ្ញុំ​ឱ្យ​មកវិញហើយ​ឱ្យ​ប្រាប់​គេឯង ថា​’«ឱ្យ​ប្រឹង​ធ្វើ​បុណ្យទាន​ឱ្យបាន​ច្រើន​ទើប​មាន​អាយុ​វែង និង ជាតិ​ក្រោយ មិន​លំបាក​វេទនា​ដូច​ជាតិ​នេះ​! ដូច្នេះហើយ​ទើប​ខ្ញុំ​ខំប្រឹង​ធ្វើបុណ្យ​សន្សំ កុសល​ទុក​សម្រាប់​ជាតិ​ក្រោយ ។

ម្យ៉ាងទៀត​ខ្ញុំ​មក​បោសច្រាស​នៅទីនេះ​ខ្ញុំ​អាច​លក់​ទៀន ធូប ឱ្យ​អ្នក​ដែល​មកលេង​នៅ​ទី​ប្រាសាទ​នេះ​បាន​ប្រាក់កាស​តិចតួច​ដែរ អាចជួយ​សម្រួល​ដល់​ជីវិត​របស់ខ្ញុំ និង ចៅ​បាន​ខ្លះ​ដែរ​» ។​ ​បងស្រី សុំ ផាន អាយុ ៤៧ ឆ្នាំ ដែលជា​អ្នករស់នៅ និង លក់ដូរ នៅក្បែរ​បរិវេណ​ប្រាសាទ​ព្រះបាទ​អង្គចន្ទ​នោះដែរ បាន​ប្រាប់​ឱ្យដឹងថា លោកយាយ ឃិន លួ​ន មាន​ជីវភាព​ក្រីក្រ​ខ្លាំងណាស់ រក​ព្រឹក​ខ្វះ​ល្ងាច ហើយ​ប្រឹង​ចិញ្ចឹម​ចៅប្រុស​ឱ្យ​រៀន​ទៀត រាល់ថ្ងៃនេះ​គាត់​ប្រឹង​ធ្វើបុណ្យ​ណាស់ គឺ​គាត់​មកបោស សម្អាត​នៅ​ទី​ប្រាសាទ​នេះ​មិនដែល​ខាន​ថ្ងៃ​ណា​នោះទេ ។ ពេល​អ្នក​មកលេង​ប្រាសាទ​ឃើញ​គេ​អាណិត​គាត់​គេ​ចេះតែ​ឱ្យប្រាក់ ១.០០០ ទៅ ២.០០០ រៀល​ដែរ ។ ដោយ​ទ្បែ​កកូនៗ​របស់គាត់​វិញ​សុទ្ធតែ​ក្រ​ត្រដរ តែ​អាត្មា​ខ្លួនឯង​ស្ទើរ​មិន​ចង់​រស់​ផង ។ ដូច្នេះ​ក្នុងនាម​ជា​អ្នកជិតខាង​ក៏​ដូច ជា​លោកយាយ​កម្សត់ និង ចៅប្រុស សូម​អង្វរ​ដល់​សប្បុរសជន​ទាំង​ក្នុង និង ក្រៅប្រទេស មេត្តាជួយ​សង្គ្រោះ​ជីវិត​គាត់ និង ចៅប្រុស​ផង ។ ដ្បិត តែ​ពេលនេះ​លោកយាយ​កំពុងតែ​ប្រឈម​នឹង​ការ​ដាច់​ពេល​ហើយ​ចៅប្រុស វិញ​មិនមាន​សម្លៀកបំពាក់ សៀវភៅ ប៊ិក សម្រាប់​សិក្សា​រៀនសូត្រ​ទេ​សូមជួយ​គាត់​ផង ៕​ ​លី​លី​