ពិនិត្យ​គំនរ​ឈើ​ប្រណីត​តាម​ឃ្លាំង​ស្តុក​ខេត្ត​ត្បូងឃ្មុំ

ពិនិត្យ​គំនរ​ឈើ​ប្រណីត​តាម​ឃ្លាំង​ស្តុក​ខេត្ត​ត្បូងឃ្មុំ

​ខេ​ត្ដ្​ត្បូងឃ្មុំ ៖ យោង​តាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កម្លាំង​សមត្ថកិច្ច​ចម្រុះ បាន​ចេញ​ប្រតិបត្តិការ​ដូច​ផ្លេកបន្ទោរ​ដោយ​ធ្វើ​ឡើង​ចាប់តាំងពី​រសៀល​ថ្ងៃ​ទី​១៥ ខែមករា រហូត​មកដល់​រសៀល​ថ្ងៃ​ទី​២៨ ខែមករា បាន​រារាំង និង​ទប់ស្កាត់​ជំនួញ​ឈើ​ប្រណីត​ចេញ​ទៅ​ប្រទេស​វៀតណាម​តាម​ច្រក​សំខាន់​ៗ​នៅ​ក្នុងស្រុក​មេមត់​។ ជាមួយ​នេះ ក៏​បាន​ឆែកឆេរ​ឃ្លាំង​ស្តុក​ឈើ​ជា​បន្តបន្ទាប់​ចំនួន​៣​កន្លែង គឺ​នៅ​ស្រុក​មេមត់​២​កន្លែង និង​នៅ​ស្រុក​អូរ​រាំង​ឪ​១​កន្លែង រក​ឃើញ​ឈើ​ជាង​៣​ពាន់​ម៉ែត្រគូប ។

លោក ហៀ​ង សុ​ភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត មាន​ប្រសាសន៍​ថា នៅ​ក្នុង​ប្រតិបត្តិការ​ក្ដៅ​នេះ រូប​លោក​និង​លោក​ឧត្តមសេនីយ៍ត្រី វ៉ា សា​រិ​ទ្ធ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​ដឹកនាំ​កងកម្លាំង​សមត្ថកិច្ច​ជា​ច្រើន​នាក់ ចុះ​ឆែកឆេរ​ឃ្លាំង​ស្តុក​ឈើ​ប្រណីត​របស់​លោក​ឧកញ៉ា អុល នៅ​ឃុំ​ត្រ​មូង ស្រុក​មេមត់ រក​ឃើញ​ឈើ​ជាង​៣.០០០​ម៉ែត្រគូប​ដោយ​មានច្បាប់​ដឹក​ជញ្ជូន​ពី​រដ្ឋបាល​ព្រៃឈើ ។ បន្ទាប់​មក បាន​បន្ត​ឆែកឆេរ​នៅ​ឃ្លាំង​ស្តុក​ឈើ​មួយ​កន្លែង​ទៀត​នៅ​បុស​តា​កុក ឃុំ​ដារ ស្រុក​មេមត់ របស់​ឧកញ៉ា ខ្នា រក​ឃើញ​ឈើ​ជាង​២.០០០​ម៉ែត្រគូប​មានច្បាប់​មួយ​ផ្នែក​ធំ ។

លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​ឲ្យ​ដឹង​ទៀត​ថា ជាមួយ​នេះ ក៏​បាន​ចុះ​ទៅ​ឆែកឆេរ​ឃ្លាំង​របស់​ឧកញ៉ា​ថៃ នៅ​ស្រុក​អូរ​រាំង​ឪ រក​ឃើញ​ឈើ​ជា​ច្រើន​ដែរ ដោយ​មាន​មន្ត្រី​សមត្ថកិច្ច និង​កងរាជអាវុធហត្ថ​យាម​ប្រចាំការ​មើល​ទីនោះ រក្សា​ឈើ​នៅ​នឹង​កន្លែង ដើម្បី​រង់ចាំ​សេចក្តីសម្រេច​ពី​ថ្នាក់​ជាតិ ។

លោក ហៀ​ង សុ​ភ័ក្ត្រ ថ្លែង​ថា ប្រតិបត្តិការ​ទប់ស្កាត់​ជំនួញ​ឈើ​ចេញ​ទៅ​វៀតណាម​នេះ មិន​ទាន់​បញ្ចប់​ទេ ប្រសិនបើ​មាន​សេចក្តីរាយការណ៍​ពី​មូលដ្ឋាន​ណា​ថា​មាន​បង្កប់​ឈើ​ប្រណីត រូប​លោក​នឹង​ដឹកនាំ​កងកម្លាំង​ចុះ​ទៅ​ត្រួតពិនិត្យ​បន្ត​ទៀត ។ ច្រក​សំខាន់​ៗ​ចេញ​ឈើ​ទៅ​ស្រុក​យួន​ក្នុង​នោះ​មាន​ដូច​ជា ច្រក​ទន្លេ​ចាម ច្រក​ចាន់​មូល ច្រក​ដូនរ័ត្ន ច្រក​ដូង​៧​ដើម​ជាដើម ត្រូវ​បាន​ដាក់​កម្លាំង​នគរបាល និង​អាវុធហត្ថ យាម​ប្រចាំការ​ទាំង​យប់​ទាំង​ថ្ងៃ ហើយ​ក៏​មិនឃើញ​មាន​រថយន្ត​ដឹកឈើ​ប្រណីត​របស់​ឈ្មួញ​ណា​ម្នាក់​ឆ្លងកាត់​ដែរ ។

មន្ដ្រី​សមត្ថកិច្ច​មួយ​រូប​បាន​បង្ហើប​ឲ្យ​ដឹង​ថា ចំពោះ​ឃ្លាំង​ស្តុក​ឈើ​នៅ​ភូមិ​បេង ឃុំ​ដារ ស្រុក​មេមត់ មាន​ឈើ​ជ្រុង​ប្រភេទ​លេខ​១ ឈើមូល​ប្រភេទ​លេខ​១ និង​ឈើ​ប្រណីត​(​ធ្នង់​និង​នាងនួន​) សរុប​៧.៣២០​ដុំ ស្មើនឹង​ជាង​២.០០០​ម៉ែត្រគូប មាន​លិខិតអនុញ្ញាត​ដឹក​ជញ្ជូន​អនុ​ផល​ព្រៃឈើ​ចំនួន​១០៤​ប៉េសេ ស្មើនឹង​១.៨២៦​ម៉ែត្រគូប ។ ចំណែក​ឃ្លាំង​នៅ​ភូមិ​សុ​ក្រំ​ជ្រំ ឃុំ​គង​ជ័យ ស្រុក​អូរ​រាំង​ឪ​របស់​លោក​ឧកញ៉ា​ថៃ រក​ឃើញ​មាន​ឈើ​៣០.៩០៦​សន្លឹក​និង​ដុំ ស្មើនឹង​១.០៣៨​ម៉ែត្រគូប ក្នុង​នោះ​មាន​លិខិត​ដឹក​ជញ្ជូន​ពី​អនុ​ផល​ព្រៃឈើ​៧៣​ប៉េសេ ស្មើនឹង​ជាង​៩៥១​ម៉ែត្រគូប ឈើ​ទាំងនេះ​ត្រូវ​បាន​ស្ថិត​នៅ​ក្រោម​កិច្ច​ការពារ​របស់​សមត្ថកិច្ច ។

ដោយឡែក នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែមករា លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា និង​លោក ប្រាជ្ញ ចន្ទ រួម​ដំណើរ​ដោយ​មន្ត្រី​ជា​ច្រើន​រូប​ទៀត ក៏​បាន​អញ្ជើញ​ទៅ​ពិនិត្យ​មើល​ឃ្លាំង​ស្តុក​ឈើ​របស់​ឧកញ៉ា ថៃ នៅ​ស្រុក​អូរ​រាំង​ឪ​នេះ​ដែរ ។

គ្រប់​មជ្ឈដ្ឋាន​កំពុង​ចង់​ដឹង​ថា តើ​មេព្រៃ​មួយ​ណា​ដែល​មាន​ថ្លើមពាសមេឃ​ហាន​ចេញ​ច្បាប់​ឱ្យ​ដឹកឈើ​ដ៏​មហាសាល​នេះ ។ វា​មិនមែន​ជា​ឈើ​នៅ​ក្នុង​ព្រៃ​ដី​សម្បទាន​ទេ វា​ជា​ឈើ​កាប់​ប្រ​មួល​ចេញពី​ព្រៃ​អភិរក្ស ឬ​ព្រៃ​ដែល​ជា​ជម្រក​សត្វព្រៃ​។ លេច​ចេញ​រូបរាង​ប៉ុណ្ណោះ អាច​វាយតម្លៃ​បាន​ថា អំពើ​ពុក​រលួយ​មាន​ជា​ចង្កោម ។

បង្ក្រាប​ការ​លួច​ឈើប្រណិត

នៅ​វេលា​ម៉ោង​១១​និង​៤៥​នាទី​យប់ ថ្ងៃ​ទី ២៨ មក​រា មាន​ករណី​ចូល​លួច​ដឹកឈើ​ចេញពី​បរិវេណ​ក្រុមហ៊ុន​ប៊ិ​ញ​ហ្វឿ​ក នៅ​ត្រង់​ចំណុច​UTM០៦៩១៤៦៨/១៣៥៧៩១៨ ក្នុងភូមិ​ពូ​គង់​ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។ ទោះបីជា​បែប​ណា កម្លាំង​រាជ​អាវុធហត្ថ​ស្រុក​កែវ​សីមា​សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ បា​នប​ង្រា្ក​ប​នឹង​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់​និង​រថយន្ដ​ម៉ាក​អា​ឡង់​១​គ្រឿង ព​ណ៏​ខ្មៅ​គ្មាន​ស្លាក​លេខ​ដែល​បាន​ចូល​លួច​ដឹកឈើ ។

ជនសង្ស័យ​ទាំង​៥​នាក់ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក កំពុង​ឃាត់ខ្លួន​នៅ​ក្នុង​ក្រុមហ៊ុន​ប៊ិ​ញ​ហ្វឿ​ក​១​បណ្ដោះ​អាសន្ន និង​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​លំអិត​ជុំវិញ​ការ​ប៉ុនប៉ង​ចូល​លួច​ដឹកឈើ​នោះ​ឡើយ តែ​បាន​បង្ហាញ​ថា ក្រុម​ឈ្មួញ​ឈើ​នៅ​តែ​ធ្វើ​សកម្មភាព​នៅ​តាម​លទ្ធភាព​របស់​ខ្លួន ទោះបី​ពេល​នេះ​ស្ថិត​ក្នុង​ដំណាក់​ការ​គណៈកម្មការ​ជាតិ​បង្ក្រាប​បទល្មើស​រត់ពន្ធ​ឈើប្រណិត​កំពុង​បើក​ប្រតិបត្តិការ​ក្ដៅ​គគុក​ក្ដី ។

ព័ត៌មាន​ដាច់​ដោយឡែក​មួយទៀត​បានឱ្យ​ដឹង​ថា ឈើប្រណិត​ជា​ច្រើន​កំណាត់ ត្រូវ​បាន​ជំនាញ​រដ្ឋបាល​ព្រៃឈើ​សង្កាត់​អូរ​រាំង​ចុះ​ធ្វើការ​រឹបអូស បន្ទាប់​ពី​ត្រូវ​ក្រុម​ឈ្មួញ​ដឹក​យក​ទៅ​លាក់​ទុក​នៅ​ខាងក្រោយ​ផ្ទះ​ប្រជាពលរដ្ឋ ស្ថិត​ក្នុងភូមិ ពូ​ហ្សា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង​។

លោក​វរ​សេនី​យ៏​ទោ សូ សំអាត មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​អូរ​រាំង បាន​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​២៨ មក​រា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា មាន​ឈើ​ជា​ច្រើន​កំណាត់​ត្រូវ​គេ​ដឹក​មក​លាក់​ទុក​នៅ​ខាងក្រោយ​ភូមិ លោក​ក៏​បាន​សហកា​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ចុះ​ទៅ​ប្រមូល​បាន​ឈើប្រណិត​សុ​ទ្ឋ​តែ​ជា​ប្រភេទ​ធ្នង់​ចំនួន​ជាង​៧០​ដុំ ។

លោក​បញ្ជាក់​បន្ថែម​ថា ក្រោយ​ពី​រឹបអូស​បាន​ឈើប្រណិត​ទាំង​អស់នេះ ត្រូវ​បាន​ជញ្ជូន​មក​រក្សា​ទុក​នៅ​ខ​ណ្ខ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី ហើយ​ចំពោះ​មំ​នួន​ម៉ែត្រគូប​ប៉ុន្មាន​យើង​នៅ​ពុំ​ទាន់​ដឹង​នៅឡើយ​ទេ ។

ប្រទះ​ឃើញ​គំនរ​ឈើ​សុ​ក្រំ​១៥០​ដុំ​លាក់​ក្នុង​ព្រៃ​ស្រុក​អូ​រយ៉ា​ដាវ

ខេត្តរតនគិរី ៖ គំនរ​ឈើ​រាប់រយ​កំណាត់​ត្រូវ​បាន​សមត្ថកិច្ច​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បរ​កែវ សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​អូ​រយ៉ា​ដាវ កងរាជអាវុធហត្ថ​ស្រុក និង​នគរបាល​ស្រុក កម្លាំង​ផ្នែក​សឹក​រង​ស្រុក និង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​យ៉ា​ទុង ចុះ​ប្រតិបត្តិការ​រុករក​ឃើញ​កាលពី​ថ្ងៃ​ទី​២៣ ខែមករា នៅ​ក្នុងភូមិ​តេន ឃុំ​យ៉ា​ទុង ស្រុក​អូ​រយ៉ា​ដាវ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា គំនរ​ឈើ​ដែល​រុករក​ឃើញ​នោះ គឺ​ជន​មិន​ស្គាល់​មុខ​យក​មក​លាក់​ទុក​ក្នុង​ព្រៃ​ត្រង់​ចំណុច​០៧៦៣៨៥៣, ១៥១០១១៩ ។ ឈើ​ទាំងនោះ​ជា​ឈើ​លេខ​១​ប្រភេទ​សុ​ក្រំ អារ​ចៀក​ទ្បាំ​ង​បួន​ជ្រុង សរុប​មាន​ចំនួន​១៥០​ដុំ ស្មើនឹង​៤១,០៦៨​ម៉ែត្រគូប ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ឈើ​ដែល​រក​ឃើញ​នោះ​ត្រូវ​បាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ដឹក​ជញ្ជូន​យក​មក​រក្សា​ទុក​នៅ​ក្នុង​បរិវេណ​ស្នាក់​ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បរ​កែវ ។ ចំណែក​ម្ចាស់​ឈើ សមត្ថកិច្ច​មិន​បាន​ស្គាល់​អត្តសញ្ញាណ​នោះ
ទេ ៕