ចោទ​ក្រុមហ៊ុន OCIC ថា​អភិវឌ្ឍន៍​លើ​ញើស​ឈាម និង​ទឹកភ្នែក​រាស្ត្រ ពលរដ្ឋ​ទាមទារ​ឱ្យ​ព​ន្លឿ​ន​ដំណោះស្រាយ​ជា​មុន​សិន

ចោទ​ក្រុមហ៊ុន OCIC ថា​អភិវឌ្ឍន៍​លើ​ញើស​ឈាម និង​ទឹកភ្នែក​រាស្ត្រ ពលរដ្ឋ​ទាមទារ​ឱ្យ​ព​ន្លឿ​ន​ដំណោះស្រាយ​ជា​មុន​សិន

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ក្នុង​ការ​អភិវឌ្ឍ​ទីក្រុង​រណប​ជ្រោយចង្វា ប្រមាណ​ជិត​១០០​នាក់ បាន​ប្រមូលផ្តុំ​គ្នា​សា​ជា​ថ្មី ដោយ​លើក​បដា​និង​រូបថត​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ទ​ទួ​ច​សូម​ឱ្យ​សម្តេច​ទាំង​២​ជួយ​អន្តរាគមន៍​ឱ្យ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា​(OCIC)​ដោះស្រាយ​ឱ្យ​បាន​សមរម្យ និង​សំណូមពរ​ឱ្យ​ក្រុមហ៊ុន​បញ្ឈប់​សកម្មភាព​ឈូស​ឆាយ​បំផ្លិចបំផ្លាញ ផលដំណាំ​លើ​ដី​របស់​ពួក​គាត់​ដែល​មិន​ទាន់​បាន​ដោះស្រាយ ឱ្យ​ដាច់ស្រេច​ជា​មុន​នោះ ។

ការ​តវ៉ា​នេះ​បាន​ផ្ទុះ​ឡើងជា​ថ្មី​ម្តងទៀត​កាលពី​វេលា​ម៉ោង​ប្រមាណ​៨​កន្លះ​ព្រឹក ថ្ងៃ​ទី​២៩ មក​រា ដោយ​ប្រជាពលរដ្ឋ​បាន​មក​ជួបជុំ​គ្នា​នៅ​ក្នុង​ដី​ឡូ​តិ៍​មួយ​កន្លែង​ក្នុង​តំបន់​អភិវឌ្ឍន៍​ដែល​កំពុង​តែ​មាន​បញ្ហា​ចម្រូងចម្រាស់​គ្នា ស្ថិត​នៅ​ភូមិ​គៀន​ឃ្លាំង សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វា បន្ទាប់​ពី​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​នៅ​តែ​បន្ត​ឈូស​ឆាយដី ដែល​ក្រុម​ពលរដ្ឋ​ទាំងនេះ​ចោទ​ថា បាន​រំលោភ​យ៉ាង​បំពាន ។ នេះ​ជា​លើក​ទី​២ ដែល​សហគមន៍​ទាំង​៦ ដែល​រង​ផល​ប៉ះពាល់​ពី​ការ​អភិវឌ្ឍ របស់​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា (OCIC) បាន​នាំ​គ្នា​តវ៉ា​ដើម្បី​ព​ន្លឿ​ន​ឱ្យ​មាន​ដំណោះស្រាយ ។

នៅ​ក្នុង​ការ​វ៉ា​នេះ​គេ​ឃើញ​ប្រជាពលរដ្ឋ​បាន​លើក​បដា ដែល​មាន​អត្ថន័យ​ថា «​សូម​ក្រុមហ៊ុន​បញ្ឈប់​ការ​ឈូស​ឆាយ​លើ​ដី​របស់​យើងខ្ញុំ​», «​សូម​ឱ្យ​អាជ្ញាធរ​ធ្វើ​ផ្លូវ​១៥០​ម៉ែត្រ​ពី​អ័ក្ស​ផ្លូវជាតិ​លេខ​៦ ដើម្បី​កាត់​បន្ថយ​ការ​ប៉ះពាល់​ដី និង​លំនៅ​ឋាន​», «​បញ្ឈប់​ការ​សាងសង់​ផ្លូវ​១០០​ម៉ែត្រ​ពី​អ័ក្ស​ផ្លូវជាតិ​លេខ​៦ ដែល​កំពុង​តែ​រង​ផល​ប៉ះពាល់​លំនៅ​ឋាន​របស់​សហគមន៍​៦​អា​» «​ស៊ូស្លាប់​លើ​ដី​ដើម្បី​អនាគត​កូនចៅ​របស់ខ្ញុំ​»​និង​ទ​ទួ​ច​សុំ​ឱ្យ​សម្តេច​តេ​ជោ​ជួយ​អន្តរាគមន៍​ដើម្បី​ឱ្យ​ក្រុមហ៊ុន និង​អាជ្ញាធរ​ព​ន្លឿ​ន​ការ​ដោះស្រាយ ។

លោក ជា សុ​ផាត ប្រធាន​សហគមន៍​ដើម​គរ​ខាងត្បូង និង​សហគមន៍​៥​ទៀត​បានឱ្យ​ដឹង​ថា ចាប់តាំងពី​ថ្ងៃ​ទី​២១ ខែមករា រហូត​មក​ដល់​ថ្ងៃ​ទី​២៧ ខែមករា ក្រុមហ៊ុន​បាន​យក​គ្រឿងចក្រ​ចំនួន​៥​គ្រឿង​មក​ឈូស​ឆាយ អម​ទៅ​ដោយ​កម្លាំង​សន្តិសុខ​សាលា​ខណ្ឌ​ជ្រោយចង្វា ប្រមាណ​៣០​នាក់​បាន​មក​ធ្វើការ​ឈូស​ឆាយដី​លំនៅ​ឋាន​នៅ​ក្នុង​សហគមន៍​គៀន​ឃ្លាំង​តាម​ផ្លូវជាតិ​លេខ​៦ ស្ថិត​នៅ​ភូមិ​គៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វា និង​សង្កាត់​ព្រែក​លៀប ដោយ​មិន​មានការ​ជូនដំណឹង និង​អនុញ្ញាត​ពី​ម្ចាស់​លំនៅ​ឋាន​ឡើយ ។ ការ​ឈូស​ឆាយ​បំពាន​ធ្វើ​ឱ្យ​បាត់់បង់​ដី និង​ខូចខាត​ដំណាំ​ទាំងស្រុង ។

លោក​ប្រធាន​សហគមន៍​បាន​បន្ត​ទៀត​ថា ចាប់តាំងពី​មានការ​ឈូស​ឆាយ​បំផ្លិចបំផ្លាញ​ប្រជាពលរដ្ឋ​ក៏​បាន​ដុត​កង់​រថយន្ត​តវ៉ា និង​សំណូមពរ​ឱ្យ​ក្រុមហ៊ុន​បញ្ឈប់​សកម្មភាព​បំផ្លិចបំផ្លាញ ក៏​ប៉ុន្តែ​ការ​អង្វរ​របស់​ប្រជាពលរដ្ឋ​រង​គ្រោះ​មិន​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ និង​ក្រុមហ៊ុន​ចាប់អារម្មណ៍​ទាល់តែ​សោះ ហើយ​នៅ​តែ​បន្ត​ឈូស​ឆាយ​រហូត​មក​ដល់​ថ្ងៃ​ទី​២៧ ខែមករា ។

លោក ជា សុ​ផាត ក៏​ដូច​ជា​តំណាង​សហគមន៍​៥​ទៀត​ក៏​បាន​ធ្វើការ​អំពាវនាវ​ដល់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រដ្ឋសភា​ជាតិ រាជរដ្ឋាភិបាល​, ទីស្តីការ​និង​គ្រប់​ក្រសួង ស្ថាប័ន​ដែល​ពាក់ព័ន្ធ​មេត្តា​ជួយ​អន្តរាគមន៍​ជា​បន្ទាន់​ចំពោះ​សកម្មភាព​រំលោភ​បំពាន ឈូស​ឆាយ​លើ​ដី​លំនៅ​ឋាន​សហគមន៍​ខាងលើ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ភូមិ​យើង ក៏​ដូច​ជា​សហគមន៍​ទាំង​៥​ទៀត​បន្ត​រស់នៅ និង​កាន់កាប់​លំនៅ​ឋាន អាច​ប្រកប​របរ​ចិញ្ចឹមជីវិត​ប្រចាំ​ថ្ងៃ​ដូច​ប្រជា​ព​រដ្ឋ​ដែល​កំពុង​តែ​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដទៃ​ទៀត ។

តាម​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​បានឱ្យ​ដឹង​ទៀត​ថា ពួក​គាត់​មិន​បាន​ជំទាស់​នឹង​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​នោះ​ទេ បើ​អភិវឌ្ឍន៍​សូម​ឱ្យ​មាន​កម្លា​ភាព កុំ​អភិវឌ្ឍន៍​លើ​ញើស​ឈាម​លើ​ទឹកភ្នែក​ប្រជាពលរដ្ឋ ។ ពួក​គេ​ស្រែ​កថា ដូច​ជា​ដី​នៅ​តំបន់​នោះ​មាន​តម្លៃ​១​ម៉ែត្រការ៉េ​ប្រមាណ​ជា​១​ពាន់​ដុល្លារ បែរជា​ក្រុមហ៊ុន និង​សាលា​រាជធានី​ភ្នំពេញ ដោះស្រាយ​ឱ្យ​ប្រជាពលរដ្ឋ​១​ម៉ែត្រការ៉េ​តែ​១៥​ដុល្លារ និង​ជម្រើស​មួយទៀត​យក​ដី​ប្រជាពលរដ្ឋ​ដែល​អ្នកខ្លះ​មាន​ប្លង់​រឹង​ទៅ​ហើយ​នោះ យក​ទៅ​ចែក​គ្នា​ដោយ​ឱ្យ​ម្ចាស់​ដី​តែ​១០​ភាគរយ ។ ពួក​គេ​ថា តើ​ការ​ដោះស្រាយ​បែប​នេះ​អស់លោក​ទទួលយក​បាន​ទេ បើសិនជា​អភិវឌ្ឍន៍​ចំ​លើ​ដី​អស់លោក​វិញ​នោះ ។ មិនតែប៉ុណ្ណោះ ដី​របស់​ពួក​គាត់​ត្រូវ​បាន​ក្រុមហ៊ុន​បូម​ដី​ចាក់​លុប​រាប់​ឆ្នាំ​ហើយ និង​ឈូស​ឆាយ​តាម​ចិត្ត មិន​ត្រូវ​បាន​ដោះស្រាយ​នៅឡើយ​ធ្វើ​ឱ្យ​ពួក​គាត់​រស់នៅ​ក្នុង​ភាព​ឈឺចាប់​បំផុត ៕