ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​សិង្ហ​បុរី ៖ តម្លៃ​អចលនទ្រព្យ​បាន​ធ្លាក់​ចុះ​កាលពី​ឆ្នាំ​មុន បន្ទាប់​ពី​បាន​កើនឡើង​រយៈពេល​៤​ឆ្នាំ​ជាប់​ៗ​គ្នា ខណៈ​ដែល​អត្រា​ជួល​បាន​ធ្លាក់​ចុះ​ជា​លើក​ទី​២ ក្នុង​រយៈពេល​២​ឆ្នាំ​ជាប់​គ្នា ។ នេះ​បើ​យោង​តាម​ស្ថិតិ​ចុះ​ផ្សាយ​ដោយ​ក្រុមហ៊ុន​អចលនទ្រព្យ JTC ។

អ្នកជំនាញ​ឱ្យ​ដឹង​ថា ៖ « ពេល​ដែល​ទិន្នន័យ​ផលិតផល និង​ការ​ផ្គត់ផ្គង់​មាន​តម្រូវការ​លើស​កំណត់​នោះ អាច​នឹង​ធ្វើ​ឲ្យ​ការ​ជួល​នៅ​តែ​បន្ត​ធ្លាក់​ចុះ​ក្នុងឆ្នាំនេះ » ។

ក្រុមហ៊ុន​ក្នុងស្រុក ជា​ពិសេស សហគ្រាស​ធុន​តូច និង​មធ្យម អាច​នឹង​មានការ​ប្រែប្រួល​លើ​ថ្លៃ​ចំណាយ​នៃ​ការ​ពង្រីក​វិសាលភាព​របស់​ខ្លួន ចំ​ពេល​ដែល​ទស្សនវិស័យ​សេដ្ឋកិច្ច​ហាក់​មាន​សភាព​មិន​ប្រាកដប្រជា ។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោកស្រី Christine Li នាយិកា​ផ្នែក​ស្រាវជ្រាវ​នៃ​ក្រុមហ៊ុន Cushman & Wakefield ។

តម្លៃ​អចលនទ្រព្យ​ឧស្សាហកម្ម​បាន​ធ្លាក់​ចុះ​១,៥% នៅ​ត្រីមាស​ទី​៤ និង​បាន​អូស​ទាញ​ឲ្យ​តម្លៃ​ធ្លាក់​ចុះ​ដល់​១,៧% ក្នុង​រយៈពេល​១​ឆ្នាំ​ពេញ​តែ​ម្តង ។ ចំណែក​ទីតាំង​រោងចក្រ​អ្នក​ប្រើប្រាស់​ភាគច្រើន​នៅ​តាម​តំបន់​ខាងលិច​វិញ​កាន់តែ​អាក្រក់​ទៅ​ទៀត គឺ​បាន​ធ្លាក់​ចុះ​៨​ត្រីមាស​ជាប់​ៗ​គ្នា ។ តម្លៃ​នៅ​ទីតាំង​រោងចក្រ​កណ្តាល​តំបន់​នៅ​តែ​គ្មាន​ការ​ប្រែប្រួល ខណៈ​ដែល​សិ​ទិ្ធ​កាន់កាប់​កម្ម​សិ​ទិ្ធ​កាន់តែ​មាន​រយៈពេល​វែង ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក Nicholas Mak អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អន្តរជាតិ SLP ។
ក្នុង​នោះ​ដែរ អត្រា​ជួល​បាន​ធ្លាក់​ចុះ​១,១%​នៅ​ត្រីមាស​ទី​៤ និង​បាន​អូស​ទាញ​ឲ្យ​អត្រា​ជួល​ពេញ​មួយ​ឆ្នាំ​ធ្លាក់​ចុះ​២,១% ដូច​ឆ្នាំ​២០១៤ ដែរ ។

លោក​បណ្ឌិត Chua Yang Liang ប្រធាន​ផ្នែក​ស្រាវជ្រាវ​ក្រុមហ៊ុន JLL ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ បាន​លើក​ឡើង​ថា ៖ « ការ​ជួល​រោងចក្រ​សម្រាប់​អ្នក​ប្រើប្រាស់​ច្រើន​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ចាប់តាំងពី​ត្រីមាស​ទី​១ នៅ​ឆ្នាំ​២០១០​មក ខណៈ​ដែល​ការ​ជួល​បែប​ប្រពៃណី (​ការ​ជួល​ផ្តាច់មុខ​) បាន​កើនឡើង​ខ្លាំង​នៅ​ត្រីមាស​ទី​២ ជាប់​ៗ​គ្នា » ។

ជាក់ស្តែង ការ​ធ្លាក់​ចុះ​នេះ​បាន​ឆ្លុះ​ប​ញ្ជាំ​ង​ពី​តម្រូវការ​សកល​ចុះ​ខ្សោយ​នៅ​លើ​ទីផ្សារ​ឧស្សាហកម្ម​ក្នុងស្រុក ។ ជាមួយ​គ្នា​នេះ​ដែរ អត្រា​អចលនទ្រព្យ​ដែល​ទំនេរ​ចោល​នៅ​ទូ​ទាំង​ប្រទេស​សិង្ហ​បុរី បាន​កើនឡើង​០,២% បើ​ធៀប​នឹង​ត្រីមាស​ទី​៣ មាន​អត្រា​ខ្ពស់កប់ពពក ពោល​គឺ​ស្មើនឹង​៩,៤% ក្នុង​រយៈពេល​៣​ឆ្នាំ​នេះ ។

បើ​យោង​តាម​របាយការណ៍​បញ្ជាក់​ទៀត​ថា ទីតាំង​ឧស្សាហកម្ម នឹង​ត្រូវ​សាងសង់​រួច​ជា​ស្ថាពរ​ក្នុង​រយៈពេល​២-៣​ឆ្នាំ​ក្រោយ​នេះ ។ ជាមួយ​គ្នា​នេះ​ដែរ ទីតាំង​ឧស្សាហកម្ម​ទំហំ​ប្រមាណ​ជា​២,៩ លាន​ម៉ែត្រការ៉េ នឹង​ត្រូវ​សាងសង់​រួច​ជា​ស្ថាពរ​នៅ​ឆ្នាំ​នេះ ចំណែក​១,៦​លាន​ម៉ែត្រការ៉េ​ទៀត​នឹង​ត្រូវ​សាងសង់​នៅ​ឆ្នាំ​ក្រោយ ។

បើ​យើង​ធ្វើការ​ប្រៀបធៀប​ពី​ការ​ផ្គត់ផ្គង់​ប្រចាំឆ្នាំ ជា​មធ្យម​គឺ​មាន​ប្រមាណ​១,៧​លាន​ម៉ែត្រការ៉េ ចំណែក​តម្រូវការ​ទីតាំង​ឧស្សាហកម្ម វិញ គឺ​មាន​ប្រមាណ​១,២​លាន​ម៉ែត្រការ៉េ ។

លោក​បណ្ឌិត Chua Yang Liang បាន​ឲ្យ​ដឹង​ទៀត​ថា ៖ « នៅ​ពេល​ដែល​តម្រូវការ​សកល​ចុះ​ខ្សោយ ការ​ជួល​ទីតាំង​ឧស្សាហកម្ម​អាច​នឹង​ធ្លាក់​ចុះ យ៉ាង​ហោច​ណាស់​ក៏​៥% ដែរ » ៕