ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​ថៃ ៖ យ៉ាង​ហោច​ណាស់ វិនិយោគិន​ចិន​៧​នាក់ ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន​១០​ពាន់​លាន​បាត កំពុង​តែ​សម្លឹង​ឃើញ​ឱកាស​វិនិយោគ​រួម​គ្នា​ដើម្បី​អភិវឌ្ឍន៍​អគារ​ខុន​ដូ​នៅ​ប្រទេស​ថៃ​ក្នុងឆ្នាំនេះ ដោយសារ​តែ​បាន​មើលឃើញ​ពី​ការ​ធ្លាក់​ចុះ​នៃ​សំណង់​ថ្មី​ៗ និង​សេដ្ឋកិច្ចជាតិ​ទាំងមូល​របស់​ប្រទេស​ខ្លួន ។

អគ្គនាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ Harrison Co លោក Alan Lin បាន​មាន​ប្រសាសន៍​ថា ៖ « វិនិយោគិន​ចិន សហគ្រិន​ម៉ៅ​ការ អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ និង​ក្រុមហ៊ុន​ផលិត​សម្ភារ​សាងសង់ កំពុង​តែ​ស្វែងរក​ឱកាស​វិនិយោគ​នៅ​ក្រៅបរទេស ស្រប​ពេល​ដែល​សេដ្ឋកិច្ច​ចិន​កំពុង​តែ​ធ្លាក់​ចុះ » ។

លោក​បន្ថែម​ថា ៖ « គោលដៅ​ទី​១​របស់​វិនិយោគិន​ចិន គឺ​ចក្រភព​អង់គ្លេស និង​ទី​២ គឺ​ប្រទេស​អូស្ត្រាលី សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ផង​ដែរ »។

ដោយឡែក សហគ្រិន​ម៉ៅ​ការ​បាន​ចាប់អារម្មណ៍​ទៅ​លើ​ការ​អភិវឌ្ឍ​ផ្នែក​អចលនទ្រព្យ​នៅ​ប្រទេស​ថៃ គឺ​ការ​សាងសង់​អគារ​ដែល​មាន​កម្ពស់​ពី​៧០​ទៅ​១០០​ជាន់ ក្រោម​កិច្ចសហការ​ដៃគូ​ជាមួយ​វិនិយោគិន​ចិន ដែល​អាច​ទាក់ទាញ​អ្នកបញ្ជា​ទិញ​អគារ​ខុន​ដូ​នៅ​ប្រទេស​ថៃ ។

ជាក់ស្តែង អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​ចិន​ដែល​ចាប់អារម្មណ៍​វិនិយោគ​នៅ​ប្រទេស​ថៃ​ភាគច្រើន គឺជា​ប្រតិបត្តិ​ករ​មធ្យម ដែល​មិន​អាច​ចូលខ្លួន​ប្រកួតប្រជែង​ជាមួយ​បណ្តា​អ្នក​អភិវឌ្ឍន៍​ធំ​ៗ​ដែល​មាន​ទឹកប្រាក់​វិនិយោគ​ដ៏​ច្រើន​លើសលប់​នោះ​ទេ ។

មូលនិធិ​អចលនទ្រព្យ​នៅ​ចិន កំពុង​តែ​សម្លឹង​មើល​ការ​ដាក់​ទុន​វិនិយោគ​លើ​ទ្រព្យសកម្ម​ដែល​កើតឡើង​វិញ​ដូច​ជា ការ​លក់រាយ សណ្ឋាគារ សេវាកម្ម អា​ផាត​មិន និង​ដី​សម្រាប់​អភិវឌ្ឍន៍​ឧស្សាហកម្ម ចំណែក​១០% ទៅ​១៥%​ទៀត គឺ​វិនិយោគ​ទៅ​លើ​ផ្នែក​ឧស្សាហកម្ម ។

ក្នុង​ជំនួប​រវាង​លោក Harrison ជាមួយ​វិនិយោគិន​ចិន​ទាំង​៧​នាក់​ដែល​បាន​សម្រេច ចិត្ត​ដាក់​ទុន​វិនិយោគ​ក្នុង​ទឹកប្រាក់​ចំនួន​១,៥​ពាន់​លាន​បាត ទៅ​លើ​កិច្ចព្រមព្រៀង​សហការ និង​អភិវឌ្ឍន៍​ក្នុង​ប្រទេស​ថៃ ។ ចំណែក​ទីតាំង​ដែល​ចាប់អារម្មណ៍​នោះ គឺ​នៅ​លើ​ដង​វិ​ថី Ratchadaphisek តំបន់​មាត់ទន្លេ​, ដង​វិ​ថី Sukhumvit និង​នៅ​តាម​តំបន់​ផា​តា​យ៉ា ភូ​កេ​ត និង​ឈៀង​មៃ​ផង​ដែរ ។

ដោយឡែក សហគ្រិន​ម៉ៅ​ការ​ជនជាតិ​ចិន​មួយ​រូប​គ្រោង​នឹង​ចំណាយ​ប្រាក់​ប្រមាណ​១,៧​ពាន់​លាន​បាត​សម្រាប់​គម្រោង​អគារ​ខុន​ដូ​ដែល​មាន​តម្លៃ​ខ្ពស់ សរុប​ជា​ទឹកប្រាក់​ចំនួន​៥​ពាន់​លាន​បាត​នៅ​ចំ​កណ្តាល​ទីក្រុង​បាងកក​តែ​ម្តង ។ កិច្ចព្រមព្រៀង​នេះ នឹង​ត្រូវ​ចាប់ផ្តើម​នៅ​ដើម​ត្រីមាស​ទី​១ នា​ឆ្នាំ​នេះ ។

លោក Harrison រំពឹង​ថា ៖ « ការ​លក់​នៅ​ឆ្នាំ​នេះ មាន​ចំនួន​២៥​ពាន់​លាន​បាត បើ​ធៀប​នឹង​ឆ្នាំ​មុន កើនឡើង​៧​ពាន់​លាន​បាត ស្មើនឹង​១៨% ធៀប​នឹង​ឆ្នាំ​២០១៤ » ។

រីឯ​លោក Alan Lin ឱ្យ​ដឹង​ដែរ​ថា ៖ « ទីផ្សារ​អចលនទ្រព្យ​នៅ​ឆ្នាំ​នេះ នឹង​មាន​ស្ថិរភាព ប៉ុន្តែ​កំណើន​នៃ​ការ​លក់​អចលនទ្រព្យ​នឹង​កើនឡើង​នៅ​តាម​តំបន់​មួយ​ចំនួន ដែល​ស្ថិត​នៅ​តាម​ដង​វិ​ថី Silom, Lang Suan, Sathon និង​ដង​វិ​ថី Sukhumvit » ៕