ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​ចិន ៖ អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​ប្រមាណ​ជា​៣០% សម្លឹង​ឃើញ​ពី​ការ​ខាតបង់​នៅ​ឆ្នាំ​២០១៥ ខណៈ​ដែល​អ្នក​អភិវឌ្ឍន៍​៥០%​ទៀត​ថា ប្រាក់​ចំណេញ​សុទ្ធ​នឹង​ធ្លាក់​ចុះ ទោះបី ជា​មានការ​រើប​ឡើង​វិញ​នៃ​ទីផ្សារ​អចលនទ្រព្យ​បន្ដិច​ក្តី ។ នេះ​បើ​យោង​តាម​របាយការណ៍​ចុង​ក្រោយ ។

អត្រា​៣០%​នៃ​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​បាន​ចុះ​ឈ្មោះ​នៅ​ក្នុង​ផ្សារ​ហ៊ុន​សៀង​ហៃ និង Shenzhen ដែល​ចុះ​ផ្សាយ​ពី​ការ​ព្យាករ​លទ្ធផល​ប្រចាំឆ្នាំ​របស់​ពួក​គេ​ថា ពួក​គេ​អាច​នឹង​ខាតបង់ ហើយ​២៣%​ទៀត​រំពឹង​ថា ចំណូល​សុទ្ធ​ដែល​បាន​ពី​វិស័យ​អចលនទ្រព្យ​នឹង​ធ្លាក់​ចុះ ។ នេះ​បើ​យោង​តាម​អ្នក​ផ្តល់​ព័ត៌មាន​ហិរញ្ញវត្ថុ Tonghuashun បាន​សរសេរ​នៅ​ក្នុង​របាយការណ៍ ។

សហគ្រាស​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​សៀង​ហៃ​រំពឹង​ថា ការ​ខាតបង់​ប្រចាំឆ្នាំ អាច​នឹង​មាន​ចំនួន​២,៤​ពាន់​លាន​យន់ ទៅ​២,៥​ពាន់​លាន​យន់ ដែល​ជា​ការ​ខាតបង់​ខ្លាំង​ជាងគេ​បំផុត បើ​ធៀប​នឹង​ដៃគូ​របស់​ខ្លួន ។ ការ​ខាតបង់​ទឹកប្រាក់​ដ៏​ច្រើន​លើសលប់​នេះ គឺ​បណ្តាល​មក​ពី​ការ​លក់​ផ្ទះល្វែង​នៅ​តាម​បណ្តា​ទីក្រុង​ថ្នាក់​ទី​ពីរ និង​ទី​បី​របស់​ចិន​មានការ​កើនឡើង ហើយ​ក្រុមហ៊ុន​ត្រូវ​បង្ខំចិត្ត​ទម្លាក់​តម្លៃ​លើ​គម្រោង​លំនៅ​ឋាន​របស់​ខ្លួន ។

ជាក់ស្តែង ការ​ខាតបង់​នេះ គឺជា​ការ​ឆ្លុះ​បញ្ចាំង​ថា អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​ចិន​កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​ធ្លាក់​ចុះ​នៃ​ប្រាក់​ចំណេញ​ដុល ស្រប​ពេល​ដែល​តម្លៃ​កាន់តែ​កើនឡើង និង​ការ​លក់​កាន់តែ​ថ្លៃ ។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក Yan Yuejing អ្នកវិភាគ​អចលនទ្រព្យ​នៅ​វិទ្យាស្ថាន E-House China R&D Institute ។
ទោះជា​យ៉ាងណា លោក Yan Yuejing បន្ថែម​ថា ៖ « យើង​មិន​ចាំបាច់​ព្រួយបារម្ភ​ខ្លាំង​ពេក​ទេ ពីព្រោះ​ទីផ្សារ​លំនៅ​ឋាន​របស់​ចិន​កំពុង​តែ​រើប​ឡើង​វិញ​ជាង​ការ​រំពឹង​ទុក​ទៅ​ទៀត ដែល​ការ​លក់​ក្នុង​រយៈពេល​១​ឆ្នាំ​កន្លង​មក គឺ​ចំ​ពេល​មាន​តម្រូវការ​ពី​អ្នកបញ្ជា​ទិញ និង​ការ​ឡើងថ្លៃ​ផ្ទះ​ខ្លាំង » ។

ក្នុង​នោះ​ដែរ តម្លៃ​ផ្ទះ​ថ្មី​នៅ​ចិន​បាន​កើនឡើង ១៦,៦% នៅ​ឆ្នាំ​២០១៥ បើ​ធៀប​នឹង​ឆ្នាំ​មុន ខណៈ​ដែល​តម្លៃ​ផ្ទះ​នៅ​តាម​បណ្តា​ទីក្រុង​នាំមុខ​របស់​ចិន បាន​រើប​ឡើង​យ៉ាង​ខ្លាំង​ក្នុង​អត្រា​៦,៩% ឯណោះ ។ នេះ​បើ​តាម​ការិយាល័យ​ស្ថិតិ​ជាតិ បាន​ទម្លាយ​ឲ្យ​ដឹង​កាលពី​ស​ប្តា​ហ៍​មុន ៕