ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​ចិន ៖ យោង​តាម​របាយការណ៍​ពាក់កណ្តាល​ឆ្នាំ ស្តី​ពី​ការ​ស្រាវជ្រាវ​អគារ​ការិយាល័យ​សកល​រាល់​ពាក់កណ្តាល​ឆ្នាំ​ម្តង​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ CBRE បាន​ឲ្យ​ដឹង​ថា ទីក្រុង​ហុងកុង និង​ប៉េ​កាំ​ង បាន​ជាប់​ចំណាត់ថ្នាក់​លេខ​៤ ក្នុង​ចំណោម​ទីផ្សារ​ការិយាល័យ​ដែល​ថ្លៃ​ជាងគេ​ទាំង​៥ នៅ​លើ​ពិភពលោក ។

ក្នុង​ចំណោម​ទីក្រុង​ទាំង​៥ ដែល​មាន​តម្លៃ​អគារ​ការិយាល័យ​ថ្លៃ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក គឺ​ទីក្រុង​ឡុ​ង​ដ៍​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ ជាមួយនឹង​តម្លៃ​២៧២​ក្នុង​១​ម៉ែត្រការ៉េ​។ អគារ​នៅ​ទីក្រុង​ហុងកុង​វិញ មាន​តម្លៃ​២៦៩​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ រីឯ​អគារ​ការិយាល័យ​នៅ​សង្កាត់​ពាណិជ្ជកម្ម​ក្នុង​ទីក្រុង​ប៉េ​កាំ​ង មាន​តម្លៃ​១៦២​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ។ តម្លៃ​ដ៏​ខ្ពស់​របស់​អគារ​ការិយាល័យ​នៅ​ទីក្រុង​ហុងកុង និង​ប៉េ​កាំ​ង បាន​ក្លាយជា​ទីក្រុង​ដែល​មាន​តម្លៃ​អគារ​ការិយាល័យ​ថ្លៃ​ជាងគេ​ទី​៤ ក្នុង​ចំណោម​ទីក្រុង​ទាំង​៥ ដែល​មាន​អគារ​ការិយាល័យ​ថ្លៃ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក ។

តម្លៃ​នៃ​ការ​ជួល​អគារ​ការិយាល័យ​បាន​កើនឡើង​២,៤% ខណៈ​ដែល​សេដ្ឋកិច្ច​ពិភពលោក​បាន​រើប​ឡើង​វិញ គឺជា​តឹកតាង​បញ្ជាក់​ថា អគារ​ការិយាល័យ​ប្រណីត​ៗ​កំពុង​តែ​ពង្រីក​វិសាលភាព​របស់​ខ្លួន ស្រប​នឹង​តម្រូវការ​អចលនទ្រព្យ​ដែល​មានគុណ​ភាព​ខ្ពស់​ជាងគេ​នៅ​លើ​សកលលោក ។

ប្រធាន​សេដ្ឋវិទូ​សកល​ប្រចាំ​ក្រុមហ៊ុន CBRE លោក​បណ្ឌិត Richard Barkham បាន​មាន​ប្រសាសន៍​ថា ៖ « វិស័យ​សេវាកម្ម​មានការ​កើនឡើង​ប្រកបដោយ​ស្ថិរភាព​ក្នុង​រយៈពេល​៤​ឆ្នាំ​កន្លង​មក ដែល​ធ្វើ​ឲ្យ​ការ​ជួល​អគារ​ការិយាល័យ និង​តម្លៃ​របស់​វា​កើនឡើង​នៅ​ទូ​ទាំង​សកលលោក ។ ជាង​នេះ​ទៀត ទោះបីជា​ទីផ្សារ​ក្នុង​ប្រទេស​មួយ​ចំនួន​បាន​រង​ផល​ប៉ះពាល់​ពី​ការ​ជះ​ឥទ្ធិពល​នៃ​ការ​ធ្លាក់​ចុះ​តម្លៃ​ប្រេង និង​ទំនិញប្រើប្រាស់​ក្តី ក៏​ពួក​យើង​រំពឹង​ថា ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​នឹង​បន្ត​រីក​ចម្រើន​ប្រកបដោយ​ចីរភាព​នា​ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៧ » ។

ចំណែក​លោក​បណ្ឌិត Henry Chin ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៃ​ក្រុមហ៊ុន Henry Chin ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ឲ្យ​ដឹង​ថា ៖ « ព្រោះតែ​មានការ​ផ្សព្វផ្សាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ទូរគមនាគមន៍ បាន​ធ្វើ​ឲ្យ​តម្រូវការ​អគារ​ការិយាល័យ​ប្រណីត​នៅ​ទូ​ទាំង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ។ ចំណែក​សេវាកម្ម​ហិរញ្ញវត្ថុ ក៏​មានដំណើរ​ការ​យ៉ាង​រលូន​ផង​ដែរ ទោះបីជា​តម្រូវការ​ទំនងជា​ធ្លាក់​ចុះ​ប​និ្ត​ច​ក្តី បន្ទាប់​ពី​ការ​កើនឡើង​ខ្ពស់​ក្នុង​រយៈពេល​៣-៤​ឆ្នាំ » ។

ជាង​នេះ​ទៀត តំបន់ Pudong  នៃ​ទីក្រុង សៀង​ហៃ បាន​ស្ថិត​នៅ​លំដាប់ថ្នាក់​ទី​៩ ក្នុង​ចំណោម​ទីក្រុង​ទាំង​១០ ដែល​មាន​តម្រូវការ​ពី​ក្រុមហ៊ុន​សេវាកម្ម​ហិរញ្ញវត្ថុ​ខ្ពស់ ចំណែក​ការ​ផ្គត់ផ្គង់​នៅ​មាន​កម្រិត ទោះបីជា​សេដ្ឋកិច្ច​ចិន​បន្ត​ចុះ​ខ្សោយ​ក្តី ។

លោក Henry Chin បន្ថែម​ថា ៖ « តំបន់​ណា​ក៏​ដោយនៅ​ប្រទេស​ចិន ដែល​វិស័យ​សេវាកម្ម​នៅ​តែ​បន្ត​ពង្រីក​វិសាលភាព តម្លៃ​ទីផ្សារ​នៅ​តំបន់​នោះ​មានការ​ប្រែប្រួល​បន្តិចបន្តួច​ប៉ុណ្ណោះ ដូច​ជា គោលនយោបាយ​សេដ្ឋកិច្ច​របស់​ចិន​នៅ​ពេល​ថ្មី​ៗ​នេះ គឺ​ពង្រីក​ការ​អភិវឌ្ឍ​វិស័យ​សេវាកម្ម ក៏​ដូច​ជា​ជំរុញ​ដល់​តម្រូវការ​អគារ​ការិយាល័យ​ក្នុង​រយៈពេល​វែង​ផង​ដែរ » ៕