ថៃ​ចាប់​ពលករ​ញាត់​ពេញ​ណែន​ទ្រុង​គួរ​អនិច្ចា

ថៃ​ចាប់​ពលករ​ញាត់​ពេញ​ណែន​ទ្រុង​គួរ​អនិច្ចា

ខេត្តបន្ទាយមានជ័យ ៖ អ្នកស្រុក​បាន​រិះគន់​ការ​បញ្ជូន​ពលករ​ខ្មែរ​ខុសច្បាប់​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ពី​ភាគី​ថៃ​ថា ហាក់ដូចជា​អមនុស្សធម៌ ព្រោះ​ញាត់​ណែនណាន់តាន់តាប់​មិន​អាណិត​ដល់​កុមារ​ជា​ច្រើន​ក្នុង​រថយន្ត​កាលពី​រសៀល​តែ​មួយ​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៦ ។ ក្នុង​សម្លៀក​បំពាក់​ចាស់​ទំនង​សុទ្ធតែ​ជា​គ្រួសារ​មាន​ជីវភាព​លំបាក​ពលករ​បញ្ជូន​ពី​ថៃ​ត្រឹមតែ​២​រថយន្ត​ទ្រុង​រហូត​១៨២ នាក់ ក្នុង​នោះ​មាន​កុមារ​៣៩​នាក់ ។ ពួក​គេ​ជា​ពលករ​ចំណាកស្រុក​ទៅ​ស៊ីឈ្នួល​កាប់​អំពៅ​លើ​ទឹកដី​ថៃ​តាម​បន្ទាត់​ព្រំដែន​ដោយ​ខុសច្បាប់ ហើយ​ត្រូវ​ភាគី​ថៃ​ចាប់​បញ្ជូន​ត្រឡប់​វិញ ។

ពលករ​ទាំងអស់​ភាគច្រើន​ចូល​ទៅ​ទឹកដី​ថៃ​ជា​លក្ខណៈ​គ្រួសារ ហើយ​ទៅ​ពី​តាម​បណ្តា​ខេត្ត​ផ្សេង​គ្នា​ខ្លះមក​ពី​ខេត្តសៀមរាប ខ្លះមក​ពី​ខេត្តពោធិ៍សាត់​, កំពង់ចាម និង​មួយ​ចំនួន​ធំ​ជា​អ្នក​ខេត្តបន្ទាយមានជ័យ ។ គ្រួសារ​ខ្លះ​មានកូន​តូច​រហូត​៤​ទៅ​៥​នាក់ ហើយ​ពួក​គាត់​បញ្ជាក់​ថា បើ​មិន​ប្រថុយ​ឆ្លង​ដែន​ទៅ​រក​ការងារ​ធ្វើ​លើ​ទឹកដី​ថៃ ពួក​គាត់​នឹង​ជួប​បញ្ហា​ជីវភាព​ក្នុង​គ្រួសារ​មិន​ខាន ។ ក្មេង​ៗ​ដែល​តាម​ឪពុក​ម្តាយ​ទៅ​ធ្វើការ​លើ​ទឹកដី​ថៃ​ទាំងនេះ ភាគច្រើន​អាច​ប្រឈម​នឹង​ការ​បាត់បង់​ការ​សិក្សា​ទៀត​ផង ។

មន្ត្រី​និង​សមត្ថកិច្ច​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត លើក​ឡើង​ថា ការ​បញ្ជូន​ពលករ​ខុសច្បាប់​របស់​ភាគី​ថៃ​កន្លង​មក​ក្នុង​១​រថយន្ត​យ៉ាងច្រើន​៥០​ទៅ​៦០​នាក់​ប៉ុណ្ណោះ ។ ផ្ទុយ​ទៅ​វិញ​ការ​បញ្ជូន​ពលករ​ពី​ថៃ​នៅ​រសៀល​ថ្ងៃ​ទី​២៩ មក​រា ត្រឹមតែ​២​រថយន្ត​មាន​ចំនួន​១៨២​នាក់​ដោយ​រថយន្ត​ទី​១​ផ្ទុក​មនុស្ស​៩៥​នាក់​ក្នុង​នោះ​មាន​កុមារ​៣៨​នាក់ ប្រុស​៩​នាក់ ។ រថយន្ត​ទី​២​មាន​ពលករ​សរុប​៨៧​នាក់ ស្រី​១៦​នាក់ កុមារ​ម្នាក់ ។

ពលករ​បញ្ជូន​ពី​ថៃ​ទាំងនោះ គ្រាន់តែ​ចុះ​ពី​រថយន្ត​ខ្លះ​ស្រក់​ញើស ។ ចំពោះ​ស្ត្រី ពិសេស​កុមារ​មើលទៅ​គួរ​ឲ្យ​អាណិត ដោយ​មាន​ទឹកមុខ​ស្លេកស្លាំង ។

មតិ​ជា​ច្រើន​លើក​ឡើង​ថា​បញ្ហា​នេះ​មន្ត្រី​កម្ពុជា​ទាំង​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ ក៏​ដូច​ជា​ប្រចាំ​នៅ​ប្រទេស​ថៃ គួរតែ​ជួប​ពិភាក្សា​ជាមួយ​ភាគី​ថៃ ដើម្បី​រក​ដំណោះស្រាយ​សុំ​ឲ្យ​ការ​បញ្ជូន​ពលករ​ត្រឡប់​មក​វិញ​តាម​រថយន្ត នីមួយ​ៗ​មិន​ត្រូវ​ញាត់​ដូច​ទំនិញ ឬ​សត្វ​ធាតុ​ទេ ៕