ព័ត៌​មានកីឡា &raquo កីឡាអន្តរជាតិ

Alexander Kristoff  បាន​ធ្វើ​ឱ្យ​អ្នក​គាំ​ទ្រ​របស់​ខ្លួន​មាន​​ក្តី​រីក​រាយ​ជា​ខ្លាំង​ បន្ទាប់​ពី​​រូប​គេ​បាន​យក​ឈ្នះ​​​ដំ​​ណាក់​​ទី១៥​​​ ព្រឹត្តិ​ការ​ណ៍​ប្រ​ណាំង​កង់​ Tour de France លើក​ទី​១០១​នៅ​ប្រ​ទេស​បា​រាំង ។ ការ​ប្រ​ណាំង​ដំ​ណាក់​ដែល​មាន​ចម្ងាយ​ផ្លូវ​២២២គី​ឡូ​ម៉ែត្រ​នេះ​ត្រូវ​បាន​បញ្ចប់​នៅ​ទី​ក្រុង Nîmes កាល​ពី​ថ្ងៃ​អា​ទិត្យ​ ទី​២០​ ខែ​កក្ក​ដា ម្សិល​មិញ ។​

Kristoff ក្នុង​នាម​​ជា​អ្នក​ជិះ​កង់ឱ្យ​ក្រុម​Team Katusha បាន​បញ្ចប់​ដំ​ណាក់​ខាង​លើ​ដែលចេញ​ដំ​ណើរ​​​ពី​ទី​ប្រជុំ​ជន​ ​Tallard​ ប្រ​ទេស​បា​រាំង​​​ ​​​ដោយ​ប្រើ​អស់​ថិរវេលា​៤ម៉ោង៥៦​នាទី​និង​៤៣​​​វិនាទី​នាំ​មុខ​​កីឡាករអូស្ត្រា​លី​​ Heinrich Haussler ​​​ដែល​បាន​ប្រើ​ថិរ​វេលា​ច្រើន​ជាង​ស្មើ​ជា​មួយ​កីឡាករ​ស្លូ​វ៉ា​គី Peter​ Sagan​ ។ ​

ថ្លែងបន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ ​​Kristoff​បាន​បញ្ជាក់​ថា​ ៖ «ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​​ដែល​ដណ្តើម​បាន​ជ័យ​ជម្នះ​ ។​ ខ្ញុំ​សូម​ថ្លែ​ង​អំ​ណរ​គុណ​ដល់​មិត្ត​រួម​​ក្រុម​ទាំង​អស់​ដែល​បាន​ចូល​រួម​ចំណែក​​ក្នុង​ជ័យ​ជម្នះ​លើក​នេះ ប៉ុន្តែ​យ៉ាង​ណា ជ័យ​ជម្នះ​ក្នុង​ដំ​ណាក់​មិន​មែន​ជា​អា​ទិ​ភាព​របស់​ខ្ញុំ​នោះ​ទេ ។ អ្វី​ដែល​សំ​ខាន់​ គឺ​ការ​នាំ​មុខ​នៅ​លើ​តារាង​ថិរវេលា​សរុប​» ។​

យ៉ាង​ណាក៏​ដោយ ជ័យ​ជម្នះ​លើក​នេះមិន​ទាន់​អាច​ជួយ​ឱ្យ​រូប​គេ​សម្រេច​តាម​បំណង​ដែល​ចង់​នាំ​មុខ​លើ​តារាង​ថិរវេលា​សរុប​បាន​នោះ​ទេ ដ្បិត​កីឡាករអុីតាលី​ Vincenzo Nibali ដែល​បាន​បញ្ចប់​ដំ​ណាក់​​ក្នុង​លំ​ដាប់​ទី​៣១​នោះ​ នៅ​តែ​សន្សំ​ពេល​វេលា​បា​ន​យ៉ាង​ល្អ​បំ​ផុត​ បន្ត​គ្រង​អាវ​កាក់​ពណ៌​លឿង​ក្នុង​នាម​ជា​អ្នក​នាំ​មុខ​គេ​​ដដែល​។

​​នៅ​លើ​តារាង​ពេល​វេលា​សរុប​​​បន្ទាប់​ពី​ឆ្លង​កាត់​ការ​ប្រណាំង​អស់​១៥​​ដំ​ណាក់​មក​នេះ​ ​​​Nibali បាន​ប្រើ​អស់​ថិរវេលា​តិច​ជាង​គេ​បំផុត​ គឺ​៦៦ម៉ោង៤៩​នា​ទី​និង៣៧​​​​​វិនាទី​ នាំ​មុខ​កីឡាករ​​អេស្ប៉ាញ​ ​Alejandro Valverde ​ដែល​បាន​ប្រើ​ពេល​ច្រើន​ជាង៤នា​ទី​និង​៣៧​​វិ​នា​ទី​ ​។​ ចំណែក​កីឡាករម្ចាស់​ផ្ទះ​បា​រាំង Romain Bardet ជិះ​ឱ្យ​ក្រុម AG2R La Mondiale ស្ថិត​នៅ​លំ​ដាប់​ទី​៣ ​បន្ទាប់​ពី​បាន​​​​ប្រើ​ថិរ​វេលា​ច្រើន​ជាង​៤នា​ទី​ និង​៥០​​​វិ​នា​ទី​ ។​​

សូម​បញ្ជាក់​ថា​ ការ​ប្រណាំងកម្ម​វិធី​ ​Tour de France ​​ឆ្នាំ​នេះ​មាន​២១​​ដំណាក់​​លើ​ចម្ងាយ​ផ្លូវ​សរុប​៣៦៦៣​,៥​​គីឡូ​ម៉ែត្រ​។ ដោយ​ឡែក​ដំណាក​​់​ទី​១៦​​​​​​​ ដែល​ជា​ដំ​ណាក់បន្ត​​​មាន​ចម្ងាយ​ផ្លូវ២៣៧,៥​​​​​​​​​​​​គីឡូ​ម៉ែត្រ​ ដោយ​ការ​ប្រ​ណាំងចាប់​​ចេញ​ដំ​ណើរ​​​ពី​ទី​ប្រជុំ​ជន​ Carcassonne​​ ឆ្ពោះ​ទៅ​កាន់​ទី​ប្រ​ជុំ​ជន​​ ​​Bagnères-de-Luchon ​​ប្រទេស​បា​រាំង​ ៕