ព័ត៌​មានកីឡា &raquo កីឡាអន្តរជាតិ

កីឡាការិនី​វ័យ​ក្មេង​របស់​នូ​វែល​សេ​ឡង់​Lydia Ko បានក្លាយ​ជា​អ្នក​លើក​ពាន​ជើង​ឯក​ព្រឹត្តិ​ការ​ណ៍​វាយកូន​គោល Maraothon Classic​ប្រ​​ចាំ​ឆ្នាំ​២០១៤​ បន្ទាប់​ពី​នាង​ធ្វើ​បាន​ដោយ​ជោគ​ជ័យ​នូវ​ការ​វាយ​យក​ពិន្ទុ Birdie នៅ​ឡូទី​១៨​ ក្នុង​ជុំ​ផ្តាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​អា​ទិត្យ​ ទី​២០​ កក្ក​ដា ។ ដូចជា​ឆ្នាំ​កន្លង​ទៅ​ដែរ ការ​ប្រ​កួត​នៅ​ឆ្នាំ​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​តារាង​វាយ​កូន​គោល Highland Meadows Golf Club ស្ថិត​ក្នុង​ទី​ក្រុង​ Sylvania រដ្ឋ​អូ​ហៃ​យ៉ូ​ សហរដ្ឋ​អា​មេរិក ។

នាង Ko បញ្ចប់​ជុំ​ផ្តាច់​ព្រ័ត្រ​ក្នុង​លទ្ធផល​ ៦​អាន់​ឌ័រ ប៉ា​ ៦៥​ សរុប​ទាំង​៤​ជុំ​ គឺ​នាង​ធ្វើ​បាន ១៥​អាន់​ឌ័រ ២៦៩ នាំ​មុខ​១សត់​លើ​កីឡាការិនី​កូ​រ៉េ​ខាង​ត្បូង So Yeon Ryu ។ សូមបញ្ជាក់​ថា នេះ​គឺ​ជា​ពាន​សមា​គម LPGA Tour លើក​ទី​៤​ក្នុង​អា​ជីព​របស់​នាង​ហើយ ខណៈ​ពាន​លើក​ទី​១ ​ទី​២ និង​ទី​៣​របស់​នាង​កើត​មាន​នៅ​ឆ្នាំ​២០១២ ២០១៣​ និង​នៅ​ខែមិថុ​នា​ ឆ្នាំ​នេះ ។ កីឡាការិនី​វ័យ​១៧​ឆ្នាំ​រូប​នេះ​​បាន​ថ្លែង​ថា ៖«ការ​វាយ​កូន​បាល់​របស់​ខ្ញុំ​បាន​ល្អ​ ហើយ​ខ្ញុំ​មាន​ឱកាស​ច្រើន ។ គេ​ពិត​ជា​ទទួល​បាន​ឱកាស​ នៅ​ពេល​គេ​អាច​វាយ​កូន​បាល់​ឱ្យ​ធ្លាក់​លើ​វាល​ស្មៅ»។

នាង So Yeon Ryu ​ដែល​កំ​ពុង​ស្វែង​រក​ការ​ឈ្នះ​ពាន​ជើង​ឯក​ជា​លើក​ទី​២ ​សម្រាប់​សម្រាប់​​រយៈ​ពេល​៣​ឆ្នាំ​ បញ្ចប់​៤​ជុំ​ក្នុង​លទ្ធផល ១៤​អាន់​ឌ័រ ២៧០​ស្ថិត​នៅ​ចំ​ណាត់​ថ្នាក់​លេខ​២ នាំ​មុខ​២សត់​លើ​កីឡាការិនី​អា​មេរិក Cristie Kerr ដែល​បញ្ចប់​ក្នុង​ចំ​ណាត់​ថ្នាក់​លេខ​៣ ។ សរុប​លទ្ធផល​ទាំង​៤​ជុំ នាង Kerr ​សម្រេច​បាន​លទ្ធផល​​ពិន្ទុ ១២អាន់​ឌ័រ ២៧២ ។ ឯកីឡាការិនី​ម៉ា​ឡេស៊ី Kelly Tan បញ្ចប់​៤​ជុំ​សម្រេច​បាន​លទ្ធផល​សរុប ១១​អាន់​ឌ័រ ២៧៣​ស្ថិត​នៅ​​ចំណាត់​ថ្នាក់​លេខ​៤​ស្ទួន​ជា​មួយ​កីឡាការិនី​អូ​ស្ត្រា​លី Katherine Kirk ​និង​កីឡាការិនី​​អា​ហ្វ្រិក​ខាង​ត្បូង Lee-Anne Pace ។ ចំណែក​នាង ​Beatriz Recari ដែល​ជា​កីឡាការិនី​ការ​ពារ​​ជើង​ឯក​បញ្ចប់​ក្នុង​ចំ​ណាត់​ថ្នាក់​លេខ​២៥​ស្ទួន​ក្រោយ​ពី​សម្រេច​បាន​លទ្ធផល​សរុប ៦​អាន់​ឌ័រ ២៧៨ ។

សូមបញ្ជាក់​ថា ព្រឹត្តិ​ការ​ណ៍​នេះ​មាន​ទឹក​ប្រាក់​រង្វាន់​សរុប១,៤​លាន​ដុល្លា​រ​អា​មេរិក ធៀប​នឹង​ឆ្នាំ​កន្លង​ទៅ​ គឺ​កើន​៧,៧​ភាគ​រយ ។ ដោយ​ឡែក នាង Ko​ ដែល​ដណ្តើម​បាន​ពាន​ ទទួល​បាន​ប្រាក់​រង្វាន់ ២១ម៉ឺន​ដុល្លារ​ ខណៈ​នាង Yeon Ryu ចំណាត់​ថ្នាក់​លេខ​២​ ទទួល​បាន១៣ម៉ឺន​ ។ ចំណែក​ជ័យ​លា​ភី​លេខ៣ នាង Cristie Kerr ទទួល​បាន១០​ម៉ឺន និង​៤​ពាន់​ដុល្លារ ៕​