ព័ត៌​មានកីឡា &raquo កីឡាអន្តរជាតិ

​ស្ថិត​ក្នុង​វ័យ​៣៤​ឆ្នាំ​ ជាមួយ​នឹង​ទឹក​មុខ​ស្រគត់​ស្រគំ​ កីឡា​ករ​ដែល​មាន​សីល​ធម៌​ល្អ​ ស្ទីវិន​ ជឺរា៉ដ បាន​ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​ហើយ​ កាល​ពី​ថ្ងៃ​អង្គារ​ ទី​២២ កក្កដា ឆ្នាំ​២០១៤​ បន្ទាប់​ពីលេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​បាន​១១៤​លើក​ ក្នុង​រយៈ​ពេល​១៤​ឆ្នាំ​កន្លង​មក​នេះ​ ។

ជឺ​រា៉ដ បាន​និយាយ​​ថា ៖ «វា​គឺ​ជា​ការ​សម្រេច​ចិត្ត​ដ៏​លំបាក​បំផុត​ ក្នុង​ជីវិត​របស់​ខ្ញុំ​ ក្នុង​ការ​ដើរ​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ​ ហើយ​នេះ​មិន​មែន​ដោយ​សារ​ហេតុ​ផល​ការ​ទទួល​លទ្ធ​ផល​​មិនល្អ​នៃ​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក​នៅ​ប្រេស៊ីល​នោះ​ទេ» ។ កីឡា​ករ​ ជឺ​រា៉ដ ក្លាយ​ជា​កីឡា​ករ​ជម្រើស​ជាតិ​ទី​៥​ ដែល​គ្រង​តំណែង​ប្រធាន​ក្រុម​យូរ​បំផុត​ក្នុង​ចំណោម​កីឡា​ករ​១០​នាក់​ ខណៈ​កីឡា​ករ​ Bobby Moore ឈរ​លំដាប់​លេខ​១ ។ ចំណែក​ឯ​ការ​បង្ហាញ​​វត្ត​មាន​ក្នុង​ក្រុម​ជម្រើស​ជាតិ​វិញ​ កីឡា​ករ​ ជឺរា៉ដ ឈរ​លំដាប់​លេខ​៣​ បន្ទាប់​ពី​កីឡា​ករ​ ភីត​ធ័រ ស៊ីល​តុន (១២៥​លើក) និង​កីឡា​ករ​ ដេវីដ បេក​ខាំ (១១៥​លើក​) ។

ទោះ​បី​លា​ឈប់​ពី​ក្រុម​ជម្រើស​ជាតិ​ក្តី​ កីឡា​ករ​ ជឺ​រា៉ដ នៅ​បន្ត​អាជីព​ក្នុង​ក្លិប Liverpool   ដដែល ។ ជាមួយ​នឹង​ការ​ប្រកាស​ចូល​និវត្តន៍​កីឡា​ករ​មុខ​ស្លូត​រូប​នេះ​នឹង​ទទួល​បាន​មុខ​តំណែង​ជា​ឯក​អគ្គ​រដ្ឋ​ទូត​បាល់​ទាត់​របស់​សហ​គម​បាល់​ទាត់​អង់​គ្លេស ៕