ព័ត៌​មានកីឡា &raquo កីឡាអន្តរជាតិ

ក្រុមប្រ​ណាំង​រថ​យន្ត F1 Caterham បាន​សម្រេច​កាត់​បន្ថយ​បុគ្គលិក​ជាង​៤០​នាក់​ ខណៈ​ម្ចាស់​ថ្មី​ព្យា​យាម​កាត់​បន្ថយ​ការ​ចំ​ណាយ ។ ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ចាក​ចេញ​ ក៏​មានអនុ​ប្រធាន​បច្ចេក​ទេស​ លោក Jody Eggington និង​ប្រ​ធាន​ប្រតិ​បត្តិ​ការ​ផ្លូវ​ប្រ​ណាំងលោក Gerry Hughes ​ផង​ដែរ​ ។​

យ៉ាង​ណា​ក៏​ដោយ ក្រុម Caterham បាន​បដិ​សេធ​ធ្វើ​អត្ថា​ធិប្បាយ​ជុំ​វិញ​ចំ​ណាត់​ការ​នេះ​ ។ ​ការ​កាត់​បន្ថយ​ចំ​នួន​បុគ្គលិក​ត្រូវ​គេគិត​ថា ​ជា​ចំណាត់​ការ​ទី​១​​ ក្នុង​ចំ​ណោម​ចំ​ណាត់​ការ​កាត់​បន្ថយ​ការ​ចំ​ណាយ​ជាច្រើន​ដែល​ក្រុម​កំពុង​ជួប​ប្រ​ទះ ។ សូម​បញ្ជាក់​ថា កាល​មុន​នេះ​ ក្រុម​ Caterham​ មាន​បុគ្គលិក​ប្រ​ហែល​ជា ៣៥០​នាក់។

ប្រ​ភព​មួយ​ចំ​នួន​បាន​ឱ្យ​ដឹង​ថា ការ​ចាក​ចេញ​របស់​បុគ្គល​ជា​ក្បាល​ម៉ា​ស៊ីន​សំ​ខាន់​២​រូប​ក្នុង​ក្រុម​អាច​មក​ពី​ពួក​គេ​ទាំង​ពីរ​នាក់​នោះ​មាន​បៀ​វត្សរ៍​ខ្ពស់​ ។ លោក Christian Albers ជា​ម្ចាស់​ថ្មី​បាន​និយាយ​ក្នុង​នាម​ជា​អ្នក​ចាត់​ការ​ក្រុម​ថា បុគ្គលិក​ដែល​នៅ​សេស​សល់​នឹង​ត្រូវ​ផ្តល់​ជូន​នូវ​ឱកាស​ចូលរួម​វិនិ​យោគ​លើ​ការ​អភិ​វឌ្ឍ​រថយន្ត​ដែល​ក្រុម​សង្ឃឹម​ថា ការ​វិនិយោគ​នោះ​នឹង​ជួយ​ធ្វើ​ឱ្យ​ល្អ​ប្រ​សើរ​ដល់​សមត្ថ​ភាព​ប្រ​ណាំង​ប្រ​ជែង​ និង​ជួយ​ឱ្យ​ក្រុម​ងើប​ចេញ​ពី​បាត​តារាង​ជើង​ឯក​ពិភព​លោក​នា​ដំ​ណាច់​ឆ្នាំ​នេះ ។ ប្រ​សិន​ជា​ពួក​គេ​ធ្វើ​បាន​សម្រេច​ នោះ​ពួក​គេ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​បន្ថែម​យ៉ាង​ហោច​ណាស់១០​លាន​ផោន​ ។​

ឯ​ម្ចាស់​ថ្មី​ម្នាក់​ទៀត​គឺ​ លោក Colin Kolles​បាន​ថ្លែង​ក្នុង​នាម​ជា​ទី​ប្រឹក្សា​ក្រុម​ថា ៖ «ខ្ញុំ​ខ្លួន​ឯង​ធ្លាប់​បាន​ក្លាយ​ជា​អ្នក​ល្បី​ឈ្មោះ​ ក៏​ដោយ​សារ​តែ​សមត្ថ​ភាព ។ ការ​ប្រ​ណាំង​ F1 ​គឺ​និយាយ​ពី​សមត្ថ​ភាព ។ វា​ជា​ការ​សម្តែង​តាម​របៀប​​ជា​កីឡា ​និង​ជា​ការ​សម្តែង​ដើម្បី​រក​ប្រាក​់​ផងដែរ ។ យើង​នឹង​ប្រឹង​ប្រែង​ឱ្យ​អស់​ពី​សមត្ថ​ភាព​ ហើយ​វិនិយោគ​ឱ្យ​អស់​ពី​លទ្ធ​ភាព​លើ​ចំណុច​នេះដើម្បី​ឡើង​មក​កាន់​ចំ​ណាត់​ថ្នាក់​លេខ​១០​ លើ​តារាង​ជើង​ឯក​ពិភព​លោក​ ។

ប្រ​សិន​ជា​មិន​បាន​សម្រេច​ យើង​នឹង​គិត​គូ​រ​ពី​ថវិ​កា​ ហើយ​ប្រើ​ប្រាស់​តាម​បែប​ផែន​ផ្សេង​ៗ​គ្នា» ។សូម​រំ​លឹក​ថា កាល​ពី​ដើម​ខែ​នេះ​ មហា​សេដ្ឋី​ជាតិ​ម៉ា​ឡេស៊ី តូ​នី ហ្វឺ​ណាន់​ដេស​ បាន​សម្រេច​ចិត្ត​លក់​ក្រុម F1 Caterham ចោល​បន្ទាប់​ពី​បាន​គ្រប់​​គ្រង​អស់​ជាច្រើន​ឆ្នាំ​ និង​ចាយ​ប្រាក់​អស់​ប្រ​មាណ​ជា​៤រយ​លាន​ដុល្លារ​អា​មេរិក​ដោយ​មិន​ទទួល​បាន​ផ្លែ​ផ្កា ៕​