ព័ត៌​មានកីឡា &raquo កីឡាអន្តរជាតិ

ទី​បំផុត​ក្លិប​ស្តេច​​ដំរី​ស​ Real M បាន​សម្រេច​ចិត្ត​ទិញ​កីឡា​ករ​ស្បែក​ជើង​មាស​ ជែម​ រ៉ូ​ឌ្រី​ហ្គេ​ ពី​ក្រុម​ជម្រើស​ជាតិ​កូឡំ​ប៊ី​ ក្នុង​តម្លៃ​៧១​លាន​ផោន​ ស្មើ​នឹង​ជាង​១២០​លាន​ដុល្លារ​ជាមួយ​នឹង​កុង​ត្រា​រយៈ​ពេល​៦​ឆ្នាំ​ ។កីឡា​ករ​ខ្សែ​ប្រយុទ្ធ​វ័យ​២៣​ឆ្នាំ​ដែល​កំពុង​លេង​ឱ្យ​ក្លិប​បាល់​ទាត់​បារាំង​ Monaco បាន​សម្តែង​ក្តី​រីក​រាយ​បន្ទាប់​ពី​បញ្ចប់​កិច្ច​ព្រម​ព្រៀង​ និង​ពិនិត្យ​សុខ​ភាព​រួច​រាល់ ។

កីឡា​ករ​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​បំផុត​ក្នុង​ព្រឹត្តិ​ការ​ណ៍​ប្រកួត​បាល់​ទាត់​ពិភព​លោក​២០១៤​ បាន​និយាយ​ថា ៖ «ពេល​នេះ​សុបិនរបស់​ខ្ញុំ​បាន​ក្លាយ​ជា​ការ​ពិត​ហើយ​ ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ដែល​បាន​មក​លេង​ឱ្យ​ក្លិប​ធំ​បែប​នេះ​ ។ ខ្ញុំ​សង្ឃឹម​ថា នឹង​រក​ជ័យ​ជម្នះ​ឱ្យ​ក្លិប​ Real M ក៏​ដូច​ជា​តំណែង​ជើង​ឯក​ផង​ដែរ» ។

ចំណែក​ឯ​លោក​ Florentino Perez ប្រធាន​ក្លិប​ Real M បាន​និយាយ​ថា រ៉ូ​ឌ្រី​ហ្គេ​ គឺ​ជា​កីឡា​ករ​ដែល​មាន​ទេព​កោ​សល្យ​ខ្ពស់​ក្នុង​ការ​​រក​គ្រាប់​បាល់​បញ្ចូល​ទី​គូ​ប្រកួត​ ។ លោក​បន្ត​ទៀត​ថា ៖ រ៉ូ​ឌ្រី​ហ្គេ​ សក្តិ​សម​ណាស់​ក្នុង​ឋានៈ​ជា​អ្នក​ពាក់​ស្បែក​ជើង​មាស​ World Cup 2014 នៅ​ប្រេស៊ីល​ ។ តម្លៃ​ខ្លួន​កីឡា​ករ​វ័យ​ក្មេង​បាន​ស្ថិត​នៅ​លំដាប់​លេខ​៤​ ក្នុង​ចំណោម​កីឡា​ករ​កំពូល​ៗ​៤​រូប​របស់​ក្លិប​ Real M រួម​មាន​កីឡា​ករ​ ហ្គា​រ៉េត​ បែល​ (១៤៥​លាន) កីឡា​ករ​រ៉ូ​ណាល់​ដូ (១៣៦លានដុល្លារ​) និង​ស៊ូ​ អារ៉េស (១២៨​លាន​ដុល្លារ) ។ កីឡា​ករ​ ជេម​ រ៉ូ​ឌ្រី​ហ្គេ ចូល​លេង​ឱ្យ​ក្លិប Monaco ១​រដូវ​កាល​គឺ​២០១៣​-២០១៤​ ស៊ុត​បាល់​បញ្ចូល​ទី​បាន​៩​គ្រាប់​ក្នុង​៣៤​ប្រកួត ៕