ព័ត៌​មានកីឡា &raquo កីឡាអន្តរជាតិ

តាមប្រភព​ពី​លោក Mark Hughes គ្រូ​បង្វឹក​ក្លិប Stoke បាន​ឱ្យ​ដឹង​ថា​ ក្លិប​បាន​សម្រេច​ទិញ​កីឡាករ​ខ្សែ​ប្រយុទ្ធ​ Bojan Krkic ពី​ក្លិប Barcelona ជា​មួយ​នឹង​កុងត្រា​រយៈ​ពេល​៤​ឆ្នាំ​ តែ​មិនបាន​បង្ហើប​ឱ្យដឹង​ពី​តម្លៃ​ខ្លួន​នោះ​ទេ ។ ក៏​​បុ៉ន្តែ​​យោង​តាម​ប្រភព​ព័ត៌​មាន​ Telegraph បាន​ឱ្យ​ដឹង​ថា​ កីឡាករ ​Bojan មាន​តម្លៃ​​ប្រហែល​ជាង​៥​លាន​ដុល្លារ ។​

លោក Mark Hughes បាន​ឱ្យ​ដឹង​ទៀត​ថា​ កីឡាករ​ខ្សែ​ប្រយុទ្ធ​ Bojan ចង់​បង្ហាញ​សមត្ថ​ភាព​ក្នុង​ក្លិប​បាល់​ទាត់​​អង់​គ្លេស​ប្រឺមី​ញេលីក​ម្តង បន្ទាប់​ពី​មិន​សូវ​មាន​យីអុ៊ន​ល្អ​ជា​មួយ​ក្លិប Barcelona ។​កីឡាករ​វ័យ​២៣ឆ្នាំ​រូប​នេះ​បាន​ចូល​លេង​ឱ្យ​ក្លិប Barcelona ​តាំង​ពី​អាយុ​១៦​ឆ្នាំ​ ក៏​បុ៉ន្តែ​កាលពី​រដូវ​កាល​ ២០១៣-​២០១៤​ រូប​​លោក​ត្រូវ​បាន​ក្លិប Barcelona ឱ្យ​ក្លិប Ajax ខ្ចី​ជើង ។​ ​

នៅ​ជា​មួយ​ក្លិប​ Ajax ធ្លាប់​បង្ហាញ​វត្ត​មាន​២៤​លើក​ និង​ស៊ុត​បាល់​បញ្ចូលទី​បាន​៤គ្រាប់ ។​ ចំណែក​ឯ​អាជីព​បាល់​ទាត់​​ជា​មួយ​ក្លិប Barcelona ធ្លាប់​ស៊ុត​បាល់​បាន​២៦​គ្រាប់​ក្នុង​១០៤​ប្រកួត​ គិត​ក្នុង​ចន្លោះ​ឆ្នាំ​២០០៧-​២០១១​ ហើយ​ក្រៅ​ពី​នេះ កីឡាករ​ ​Bojan ត្រូវ​បាន​ក្លិប Barcelona ឱ្យក្លិប​ Roma, Milan និង​ Ajax ខ្ចី​ជើង​រហូត ៕​