ជំងឺមហារីក បានសម្លាប់ ពលរដ្ឋចិន អស់២,៨លាននាក់

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ថា ពលរដ្ឋចិនប្រមាណ ២,៨លាននាក់បានស្លាប់ បន្ទាប់ពីពួកគេកើត ជំងឺមហារីក តួលេខនេះ សរុបនៅក្នុងឆ្នាំ២០១៥ ។

យោងតាមការសិក្សា មួយដោយក្រុមនិសិ្សត អាហារូបករណ៍ចិន បានបញ្ជាក់ថា ជារៀងរាល់ថ្ងៃអ្នកស្លាប់ដោយសារ ជំងឺមហារីកមានប្រមាណ ជាង៧,៥០០នាក់ ។

ការសិក្សានេះបានត្រូវ បោះពុម្ពផ្សាយដោយទស្សនាវដ្តី ឳសថសហរដ្ឋអាម៉េរិក ដែលមានចំណងជើងថា "ស៊ីអេៈ ទស្សនាវដ្តីវិនិច្ឆ័យមហារីក" ដែលមានខ្លឹមសារថា "អ្នកជំងឺរោគមហារីកមាន ចំនួនកើនឡើង ហើយមហារីកនៅក្នុងប្រទេសចិន បាននាំមុខគេ និងបង្កជាបញ្ហាដ៏ចំបង សម្រាប់សុខភាព សាធារណៈ" ។

មានការព្យាករណ៍ មួយបានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៥ អ្នកដែលមានរោគសញ្ញា មហារីកមានជិត៤,៣លាននាក់ ហើយករណីនៃរោគ មហារីក ជាប្រចាំថ្ងៃប្រមាណ ១២,០០០នាក់។

រោគមហារីក ដែលគេជួបប្រទះរួមមាន មហារីកសួត ក្រពះ ថ្លើម និងមហារីកមួយចំនួនទៀត ដែលកើតលើបុរស ដែលមានប្រមាណ ២ ភាគ ៣ នៃករណីទាំងអស់នោះ ចំពោះស្ត្រីវិញ ច្រើនកើតមហារីកសុដន់ សួត ក្រពះ និងមានរោគមហារីក ស្បែកផងដែរ ៕