ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​២៩ មក​រា បាន​បញ្ជូន​នាវាចម្បាំង​មួយ​គ្រឿង ទៅ​កាន់​ក្បែរ​កោះ​មួយ​នៃ​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​ចិន និង​ប្រទេស​ឯទៀត​ៗ​សុទ្ធតែ​ប្រកាស​ថា ជា​របស់​ខ្លួន ។ ទ​ង្វើ​បែប​នេះ​នាំ​ឱ្យ​មានការ​តវ៉ា​នានា​របស់​ក្រុង​ប៉េ​កាំ​ង ដែល​បរិហារ​ថា​ជា​ការ​រំលោភ​បំពាន​ដែនទឹក​របស់​ខ្លួន ។

ការ​ល្បាត​នេះ​របស់​នាវាចម្បាំង​អា​មេ​រិ​ក ធ្វើ​ឡើង​បន្ទាប់​ពី​ទ​ង្វើ​បែប​នោះ​ជា​ច្រើន​លើក​មក​ហើយ របស់​សហរដ្ឋ​អា​េ​ម​រិ​ក​ក្នុង​នាម​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍​ក្នុង​ដែនទឹក​ដែល​មាន​ជម្លោះ​រវាង​ចិន និង​រដ្ឋ​ជា​ច្រើន​ក្នុង​តំបន់ ។

ក្នុង​សេចក្តី​ប្រកាស​មួយ​អ្នកនាំពាក្យ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​លោក JEFF DAVIS គូសបញ្ជាក់​ថា នាវាចម្បាំង​អា​េ​ម​រិ​ក​នេះ​ជានា​វា​ពិឃាត​បាញ់​មី​ស៊ី​ល​មានមុខ​ងារ​ច្រើន WIBUR បាន ទៅ​ក្បែរ​កោះ​ទ្រី​តុ​ន​នៃ​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល​ចម្ងាយ​ប្រមាណ​ជា​១២​ម៉ា​យ​ពី​កោះ​ទ្រី​តុ​ន​នេះ ។

អ្នកនាំពាក្យ​រូប​នោះ​គូសបញ្ជាក់​ថា សម្រាប់​សហរដ្ឋ​អា​មេ​រិ​ក​យល់​ថា នេះ​ជា​ការ​ប៉ុនប៉ង​របស់​ប្រទេស​៣ (​ចិន តៃវ៉ាន់ និង​វៀតណាម​) រឹតត្បិត​ការ​ធ្វើ​នាវាចរណ៍​នៅ​តំបន់​នោះ​ដោយ​ទាមទារ​ឱ្យ​មានការ​សុំ​អនុញ្ញាត​ជា​មុន ឬ​ក៏​ស្នើ​សុំ​សិទ្ធិ​ធ្វើ​ដំណើរ ។ ក៏​ប៉ុន្តែ​សម្រាប់​ប្រទេស​ចិន​យល់​ថា វា​ជា​ការ​រំលោភ​បំពាន​លើ​ដែនទឹក​របស់​ខ្លួន​ដែល​ចូល​ជ្រៅ​ដល់​១២​ម៉ា​យ យោង​តាម​គោលការណ៍​ដែល​ទទួលស្គាល់​ជា​អន្តរជាតិ ។

ក្នុង​សេចក្តី​ប្រកាស​មួយ​ក្រសួងការបរទេស​ចិន​បាន​តវ៉ា​ថា នាវាចម្បាំង​អា​េ​ម​រិ​ក​នេះ​រំលោភ​បំពាន​លើ​បណ្តា​ច្បាប់​របស់​ចិន ដោយ​ចូល​មក​ក្នុង​ដែនទឹក​ចិន​ពុំ​មានការ​អនុ​ញ្ញាត ។ យើង​ទាមទារ​ឱ្យ​ភាគី​អា​េ​ម​រិ​ក​គោរព​ច្បាប់​របស់​ចិន ហើយ​ធ្វើ​សកម្មភាព​ក្នុង​ន័យ​អនុគ្រោះ​បំផុត​ចំពោះ​សន្តិភាព និង​ស្ថេ​រ​ភាព​ក្នុង​តំបន់ ។

ប្រទេស​ចិន​ទាមទារ​យក​សមុទ្រ​ចិន​ខាងត្បូង​ស្ទើរ​ទាំងស្រុង ខណៈ​តំបន់​នេះ​ជា​ផ្លូវទឹក​យុទ្ធសាស្ត្រ​សម្រាប់​ពាណិជ្ជកម្ម​ពិភពលោក ហើយ​សម្បូរ​ដោយ​ត្រី និង​ប្រេងកាត ។

នៅ​តំបន់​ប្រជុំ​កោះ​ស្ប្រា​ត​លី​ស្ថិត​នៅ​ភាគ​ខាងត្បូង​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល ចិន រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ជំរុញ​ការ​កសាង​កោះ​សិប្បនិមិត្ត​នានា​ជាមួយ​ព្រ​លាន​យន្ត​ហោះ​ដែល​អាច​ទទួល​បណ្តា​យន្តហោះ​យោធា ។ ជា​ជំរុញ​សាងសង់​បែប​នេះ​នាំ​ឱ្យ​មាន​ភាព​តានតឹង​ជាមួយ​បណ្តា​ប្រទេស​ជិតខាង វៀតណាម តៃវ៉ាន់ ហ្វ៊ី​លី​ពី​ន ម៉ា​ឡេ​ស៊ី ព្រុយ​ណេ ដែល​ក៏​ទាមទារ​យក​កោះ​ទាំងនេះ​ដែរ ញ៉ាំង​ឱ្យ​ចិន​បង្កើន​កម្លាំង​នៅ​តំបន់​នោះ ។

ក្រុង​វ៉ា​ស៊ី​ន​តោន​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ធ្វើ​ឱ្យ​ចិន​មានការ​ខឹងសម្បា​ជា​ច្រើន​លើក ដោយសារ​ការ​បញ្ជូន​នាវា​ពិឃាត​បន្ទាប់​មក​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធ សាស្ត្រ B-52 ទៅ​ក្បែរ​ប្រជុំ​កោះ​ស្ប្រា​ត​លី ។

ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ ចិន​ធ្វើ​ឱ្យ​បណ្តា​ប្រទេស​ជិតខាង​មានការ​មិន​សប្បាយចិត្ត ហើយ​ស្នើ​ឱ្យ​មានការ​គាបសង្កត់​របស់​អន្តរជាតិ ដែល​ចិន​យល់​ថា បែប​នេះ​ជា​ការ​រំលោភ​បំពាន​ដល់​អធិបតេយ្យភាព​របស់​ខ្លួន ៕