ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​ចេញផ្សាយ​វី​ដេ​អូ​ថ្មី​មួយទៀត​បង្ហាញ​ជន​ជី​ហា​ដ​និយាយ​ភាសា​បារាំង​ម្នាក់​ក្នុង​ការ​ប្រហារជីវិត សម្រាប់​ការ​ឃោសនា ។

កាលពី​ថ្ងៃ​ទី​៣០ មក​រា ក្រុម​ជី​ហា​ដ រដ្ឋ​អ៊ិ​ស្លា​ម​បាន​ចាក់​ផ្សាយ​វី​ដេ​អូ​នៃ​ការ​ប្រហារជីវិត​មនុស្ស ដោយ​គ្រាប់កាំភ្លើង​ហើយ​ក្នុង​វី​ដេ​អូ​នេះ​គេ​ឃើញ​ឃាតករ​ម្នាក់​និយាយ​ភាសា​បារាំង​គំរាមកំហែង​ប្រឆាំង​ពួក​អ្នក​មិន​ជឿ​សាសនា ហើយ​លើក​ឡើង​ពី​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ក្រុងប៉ារីស ។

ក្នុង​វី​ដេ​អូ​រយៈពេល​ជិត​៨​នាទី​នេះ ចាក់​ផ្សាយ​តាម​រយៈ​សាខា​ឃោសនា​ខេត្ត​នី​នី​វ​ភាគ​ខាងជើង​អុ​ី​រ៉ា​ក់​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​គេ​ឃើញ​បុរស​៥​នាក់ ក្នុង​នោះ​មាន​បុរស​ម្នាក់​និយាយ​ភាសា​បារាំង​បាញ់​សម្លាប់​ត្រង់​ក្បាល​អ្នកទោស​៥​នាក់ ដែល​ស្លៀកពាក់​ពណ៌​ទឹកក្រូច ដោយ​ចោទ​ពួក​គេ​ថា ជា​ចារបុរស ។

ក្នុង​វី​ដេ​អូ បុរស​៥​នាក់​ដែល​ត្រូវ​គេ​នាំ​មក​ប្រហារជីវិត​និយាយ​ជា​ភាសា​អា​រ៉ាប់​ពី​ហេតុផល​នៃ​ការ​ចាប់ខ្លួន​ពួក​គេ ។ ចំណែក​ជន​ជី​ហា​ដ​និយាយ​ភាសា​បារាំង​ដែល​បិទមុខ​ជិត​ឃើញ​តែ​ប្រឡង់​ភ្នែក ជា​ឃាតករ​តែ​ម្នាក់​គត់​ក្នុង​ចំណោម​ឃាតករ​ទាំង​៥​នាក់ ដែល​ចេញ​វាចា ។ ជន​នេះ​ស្លៀកពាក់​ខោអាវ​ត្រី​អុ​ី ហើយ​អ្នក​ឯទៀត​ៗ​ស្លៀកពាក់​ពណ៌​ខ្មៅ ។

យោង​តាម​អ្នក​ស្រាវជ្រាវ លោក ROMAIN CAILLET អ្នកឯកទេស​ខាង​បណ្តា​ក្រុម​ជី​ហា​ដ​ថា ការ​ជ្រើសរើស​អ្នក​និយាយ​ភាសា​បារាំង​ម្នាក់​គឺ​ចង់​យោង​ដល់​ការ​វាយប្រហារ​ភេរវកម្ម​ក្រុងប៉ារីស​ដោយ​ឃាតករ​គំរាម​វាយប្រហារ​ថ្មី​ទៀត​នៅ​បារាំង ។ បុរស​នោះ​និយាយ​ពី​ពួក​សត្រូវ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ហើយ​ព្រមាន​ថា ឱ្យ​រង់ចាំ​អ្វីមួយ​ដែល​ពុំ​អាច​ឱ្យ​ពួក​គេ​បំភ្លេច​បាន​ដូច​ការ​វាយប្រហារ​ភេរវកម្ម​ថ្ងៃ​ទី​១១ កញ្ញា និង​ការ​វាយប្រហារ​ភេរវកម្ម​ក្រុងប៉ារីស​ដែរ ។ ចំណែក​កន្លែង​ថត​វី​ដេ​អូ​នេះ បើ​តាម​អ្នក​ស្រាវជ្រាវ​រូប​នោះ​ថា គឺ​ក្នុង​ទីតាំង​បែកបាក់​មួយ​ពុំ​ដឹង​ត្រង់​ណា ដែល​ទីតាំង​នោះ​អាច​រង​ការ​ទម្លាក់​គ្រាប់បែក​របស់​បារាំង ៕