ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង ខណៈ​ពេល​កំពុង​ជិះ​ម៉ូតូ​ម្នាក់ឯង ហើយ​ត្រូវ​បាន​រថយន្ត​ធុន​ធំ​ដឹក​ស្រា​បៀរ​១​គ្រឿង​បើក​បុក​ពេញទំហឹង កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ មក​រា ២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​២០-២១ ស្ថិត​ក្នុងភូមិ​កៅ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

បុរស​រង​គ្រោះ​ឈ្មោះ​ប្រាក់ ផល្លា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​កាត់ដេរ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​គុយ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា PCX ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CL-8530 ចំណែកឯ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-2157 ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បើក​ពី​កើត​ទៅ​លិច ចំណែក​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ បាន​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​បញ្ច្រាស់ទិស​គ្នា​។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ មិនដឹង​ថា មាន​ឧបសគ្គ​អ្វី​នោះ​ឡើយ ទើប​បុក​គ្នា​ពេញទំហឹង បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្ដង ដោយឡែក​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ​ប៉ូលិស​បាន​ចុះ​ធ្វើការ​វាស់វែង​ប្រគល់​សព​ទៅ​ឲ្យ​ក្រុម​គ្រួសារ​នាំ​យក ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ព្រមទាំង​នាំ​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ស្រុក​អង្គស្នួល ដើម្បី​កសាង​សំណុំរឿង និង​ដោះស្រាយ​តាម​ផ្លូវច្បាប់​៕