វាគ្មិនជាតិ អន្តរជាតិ ជាង៥០០នាក់ ជួបជុំគ្នា​ក្នុង​វេទិកា​ សន្និបាតបញ្ញវន្ត ពិភពលោក ២០១៦

ភ្នំពេញ៖ សន្និបាត បញ្ញវន្តពិភពលោក លើកទី២ (GAC) រយៈពេលពីរថ្ងៃ នៅសណ្ឋាគារ អាំងទែកុងទីណង់ តាល់ (២៩និងថ្ងៃទី ៣០ខែ មករា ឆ្នាំ២០១៦) មានគណៈប្រតិភូ ជាវាគ្មិនជាតិ និង អន្តរជាតិប្រមាណ ជាជាង៥០០នាក់ មកពីបណ្តាប្រទេស ជាច្រើននៅលើ ពិភពលោក មកចូលរួម ។ សន្និបាតធំនៅថ្ងៃទី៣០ ខែមករានេះ បានត្រូវប្រកាស បើកជាផ្លូវការដោយ លោក បណ្ឌិត ហង់ ជួនណារុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។

លោករដ្ឋមន្ត្រីក្រសួងអប់រំ បានមានប្រសាសន៍ថា “ GAC គឺជាព្រឹត្តិការដ៏ពិសេសមួយ ដែលអាចឱ្យអតីតនិស្សិត បញ្ញវន្ត រាជរដ្ឋាភិបាល និងផ្នែកឯកជនបានជួបជុំគ្នា ដើម្បីជជែកពិភាក្សាពី ប្រធានបទសំខាន់ៗ បង្កើតបណ្ដាញទំនាក់ទំនង និងកសាងឱកាស។

ព្រឹត្តិការណ៍នេះគឺជាសញ្ញាសំខាន់មួយដែលបង្ហាញពីការរីកចម្រើននៃធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា។” លោក ហ៊ុន ម៉ាណែត វាគ្មិនកិត្តិយសនៅក្នុងវេទិកា រជជែកពិភាក្សានោះ បានមានប្រសាសន៍ថា“GAC ជម្រុញឱ្យមានទំនាក់ទំនងជិតស្និតរវាងរដ្ឋាភិបាល វិស័យឯកជន និងអប់រំ។ ការបង្កើតឱ្យមានបណ្ដាញ និងដៃគូរវាងរដ្ឋាភិបាល នៅក្នុងវិស័យទាំងបីនេះ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជាក្នុងការកសាងលើកស្ទួយ និងរក្សាធនធានមនុស្សប្រកប ដោយប្រសិទ្ធភាព។ តាមរៈវេទិការនដែរក៏ផ្តល់ឱកាសថ្នាក់ដឹកនាំសំខាន់ៗ អ្នកជំនាញនិងអ្នកដឹកនាំផ្សេងទៀត នៅក្នុងវិស័យទាំងនេះបង្កើន ទំនាក់ទំនងឱ្យកាន់តែស្អិតរមួត”។

លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជាវាគ្មិនកិត្តិយសបានលើកឡើងថា “ ត្បូងគុជមានតម្លៃដោយសារខ្សែ ។ ខ្ញុំពិតជាមានការចាប់អារម្មណ៍ជាខ្លាំង ដែលមិនត្រឹមតែជាការបង្កើតឱ្យមានវេទិការមួយសម្រាប់ជាឱកាសក្នុងការបង្កើតទំនាក់ទំនងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការជម្រុញលើកទឹកចិត្តបញ្ញវន្តក្មេងៗ របស់កម្ពុជានៅជុំវិញពិភពលោកឱ្យត្រឡប់មកស្រុកកំណើតវិញ និងរួមគ្នារក្សាសន្តិភាព បូរណភាពទឹកដី និងវប្បធម៌ជាតិ។ ក្នុងនាមជារដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ខ្ញុំពិតជាមានសុទិដ្ឋិនិយមថា អ្នកដឹកនាំវ័យក្មេងដ៏ឆ្នើមទាំងអស់នេះ អាចជួយឱ្យមានការអភិវឌ្ឍន៍ដ៏សម្បើមលើមូលដ្ឋានសេដ្ឋកិច្ច នៅតំបន់ជនបទនិងកាត់បន្ថយ បាននូវភាពក្រីក្រ។ យើងគួររក្សាឱ្យបាននូវសក្តានុពលរបស់ពួកគេ ហើយពួកគេគួរទទួលបានឱកាសសមស្របដែលអាចបញ្ចេញសមត្ថភាព”។

គួរជម្រាបថាសន្និបាតមានការរៀបចំជាអង្គវេទិកាជជែកពិភាក្សាព្រមជាមួយនឹងសំណួរចម្លើយលើប្រធានបទនានា ដែលផ្តោតជាសំខាន់លើបញ្ហា ដែលទាក់ទងនឹងប្រទេសកម្ពុជា។ប្រធានបទមានដូចជា ធនាគារនិងហិរញ្ញវត្ថុ ថាមពល ការអប់រំ សុខាភិបាល វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា(STEM) និងទីផ្សារការងារ នគរូបនីយកម្មនិងសំណង់ ប្រព័ន្ធផ្សព្វផ្សាយ ពាណិជ្ជកម្ម ទេសចរណ៍ និងអាស៊ាន។

លោក Andrew Barkla អគ្គនាយក IDP Education បានមានប្រសាសន៍ពីស្នាក់ការកណ្ដាល នៅទីក្រុងម៉ែលប៊ន (Melbourne) ថា “ការផ្តួចផ្តើមរបស់ IDP Education បង្ហាញឱ្យឃើញពីភាពឈានមុខគេនៃសេវាគាំទ្រសិស្សនិស្សិត បន្ទាប់ពីពួកគាត់បានបញ្ចប់ការសិក្សាដោយជោគជ័យ ដោយនៅតែបន្តការបង្កើតឱកាសដ៏មានអត្ថន័យនានាដល់ពួកគេ”។

GAC ២០១៦ បានទាក់ទាញអ្នកឧបត្ថម្ភ និងអ្នកគាំទ្រជាច្រើនមកពីបណ្ដាក្រុមហ៊ុនសភាពាណិជ្ជកម្ម សមាគមអតីតនិស្សិត និងប្រព័ន្ធផ្សព្វផ្សាយជាដើម។ អ្នករៀបចំកម្មវិធីសូមថ្លែងអំណរគុណចំពោះធនាគារ ANZ Royal IELTS ក្រុមហ៊ុនទូរស័ព្ទ Smart  Axiata ធនាគារ ABA  ក្រុមហ៊ុន Orchel Organic Farm ACE Credit Bureau Cambodia និង Realestate.com.kh។ ដៃគូផ្លូវការសម្រាប់រៀបចំកន្លែងសន្និបាត គឺសណ្ឋាគារ អាំងទែកុងទីណង់តាល់ ព្រមទាំងTOMA ក្រុមហ៊ុន Adidas, Spirulina Cambodia, IDD និង ក្រុមហ៊ុនTS Cambodia ដែលជាអ្នកសហការឧបត្ថម្ភ។

លោកស្រី អូលីវីយ៉ា វៃដិន (Olivia Widen) នាយកប្រតិបត្តិសភាពាណិជ្ជចក្រភពអង់គ្លេសនៅកម្ពុជា (BritCham) បានពន្យល់ថា “សន្និបាតបញ្ញវន្តពិភពលោកគឺជាឱកាសដ៏គួរឱ្យសាទរមួយសម្រាប់ឱ្យយើងអាចជួបជុំគ្នានៅក្នុងវេទិការរួមគ្នាតែមួយបាន។ វាជាវេទិការរួមគ្នាមួយ ដើម្បីជម្រុញនូវកិច្ចសន្ទនា និងការចែករំលែកនូវគំនិតនិងចំណេះដឹងក្នុងចំណោមបុគ្គលដ៏ឆ្នើមនិងពូកែៗនៃប្រទេសកម្ពុជា”៕

វាគ្មិនជាតិ អន្តរជាតិ ជាង៥០០នាក់ ជួបជុំគ្នា​ក្នុង​វេទិកា​ សន្និបាតបញ្ញវន្ត ពិភពលោក ២០១៦

វាគ្មិនជាតិ អន្តរជាតិ ជាង៥០០នាក់ ជួបជុំគ្នា​ក្នុង​វេទិកា​ សន្និបាតបញ្ញវន្ត ពិភពលោក ២០១៦