​តើ​គួរតែ​ធ្វើ​ដូចម្តេច​ទើប​កូន​មាន​សុវត្ថិភាព​ពេល​ជិះ​ជណ្តើរយន្ត​?

​តើ​គួរតែ​ធ្វើ​ដូចម្តេច​ទើប​កូន​មាន​សុវត្ថិភាព​ពេល​ជិះ​ជណ្តើរយន្ត​?

​មាន​កូនក្មេង​មួយចំនួន​តែងតែមាន​គ្រោះថ្នាក់​នៅ​ពេល​ដែល​ជិះ​ជណ្តើរយន្ត​ជើង​ជានិច្ច មាន​ក្មេង​ខ្លះ​ដល់​ថ្នាក់​គៀប​ជើង​ទៀតផង ដូចនេះ​តើ​គួរតែ​ធ្វើ​ដូចម្តេច​ទើប​កូន​អាច​ចៀសផុត​ពី​គ្រោះថ្នាក់​ផ្សេងៗ​ពេល​ដែល​កំពុង​តែ​ជិះ​ជណ្តើរយន្ត​នោះ​?

  1. ​នៅពេល​ដែល​កូន​កំពុង​តែ​ជិះ​ជណ្តើរយន្ត​នេះ អ្នក​មិន​ត្រូវឲ្យ​គេ​ប្រលែង​លេង​នោះទេ ព្រោះ​វា​អាច​ធ្វើឲ្យ​គេ​មាន​គ្រោះថ្នាក់​ផ្សេងៗ​ដែល​អ្នក​នឹកស្មាន​មិន​ដល់ ដូចនេះ​អ្នក​គួរតែ​កាន់​ដៃ​គេ​ឲ្យ​ជាប់ ហើយ​ឲ្យគេ​ឈរ​ឲ្យ​ស្ងៀម ទើប​មាន​សុវត្ថិភាព​។​
  2. ​នៅពេល​ដែល​អ្នក​ដាក់​កូនក្នុង​រទេះ អ្នក​មិន​ត្រូវ​រុញ​គេ​ឡើង​លើ​ជណ្តើរយន្ត​ជើង​នោះ​ទេ ព្រោះ​វា​មាន​គ្រោះថ្នាក់​ខ្លាំងណាស់ បើ​អ្នក​ចង់​ជិះ​ជណ្តើរយន្ត អ្នក​គួរតែ​ជិះ​ជណ្តើរ​ប្រអប់​វិញ ទើប​កូន និង​អ្នក​មិន​មាន​គ្រោះថ្នាក់​។​
  3. ​កូន​ក្មេង​ដែល​មាន​អាយុ​ក្រោម​៥​ឆ្នាំ អ្នក​មិន​ត្រូវឲ្យ​គេ​ពាក់​ស្បែកជើង​ដែល​មានប្រលោះ ឬ​ប្រហោង​ឡើង​ជិះ​ជណ្តើរយន្ត​ឡើយ ព្រោះ​បើ​កូន​មិន​ប្រយ័ត្ន ហើយ​ដាក់​ជើង​ជិត​ប្រហោង​នៃ​ជណ្តើរយន្ត វា​អាច​គៀប​ជើង​កូន​បាន​យ៉ាង​ងាយ​បំផុត ដោយសារ​តែ​ស្បែកជើង​កូន​គ្មាន​អ្វី​សម្រាប់​ការពារ​ជើង​របស់​កូន​។​
  4. ​នៅពេល​ដែល​កូន​ជិះ​ជណ្តើរយន្ត អ្នក​មិន​ត្រូវឲ្យ​គេ​យក​ដៃ​លេង​បង្កាន់ដៃ​នៃ​ជណ្តើរ​នោះទេ ព្រោះ​វា​អាច​ធ្វើឲ្យ​កូនគៀប​ដៃដោយ​មិនដឹ​ង​ខ្លួន​។​
  5. ​អ្នក​ក៏​មិន​ត្រូវ​បណ្តោយ​ឲ្យ​កូន​អង្គុយ​លើ​បង្កាន់ដៃ​នៃ​ជណ្តើរយន្ត​លេង​ទុក​ដូចជា​ជិះ​ក្តារ​រអិល​ក្នុង​សួនច្បារ​នោះទេ ព្រោះ​វា​មាន​គ្រោះថ្នាក់​ខ្លាំង​បំផុត​។​
  6. ​នៅពេល​ដែល​អ្នក​នាំ​កូន​ជិះ​ជណ្តើរ​យន្ត អ្នក​ត្រូវ​តែ​ឲ្យគេ​ឈរ​ក្នុង​ខ្សែពណ៌​លឿង ហើយ​មិន​ត្រូវឲ្យ​គេ​ស្លៀកសំពត់​វែង​នោះទេ ព្រោះ​វា​អាច​គៀប​ជាប់​ក្នុង​ជណ្តើរ​យន្ត ម្យ៉ាង​ទៀត​មិន​ត្រូវ​យក​របស់​ស្រួច ឬ​របស់​ផ្សេងៗ​ញាត់​ចូលទៅក្នុង​ប្រលោះ​នៃ​ជណ្តើរ​ទេ ព្រោះ​វា​សុទ្ធតែ​ជា​អំពើ​ដែល​អាច​ធ្វើឲ្យ​កូន​មាន​គ្រោះថ្នាក់​គ្រប់ពេ​ល​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី31  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។