ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តព្រៃវែង ៖ យុវជន​ម្នាក់​បាន​ចង​.​ក​សម្លាប់​ខ្លួន​រហូត​បាត់​បង់ជីវិត ដោយសារ​តែ​បងប្រុស​ស្តីបន្ទោស​ឱ្យ​បន្តិចបន្តួច​រឿង​ដើរ​លេង​ផឹកស៊ី​ជាមួយ​មិត្តភក្តិ ហើយ​មិន​ជួយ​ធ្វើ​ការងារ​ផ្ទះ​សោះ​។

យុវជន​ដែល​ចិត្តខ្លាំង​ឡើង​ដល់​ប៉ែ​តម្នាក់​នេះ ឈ្មោះ​កុយ សុភា​រ័​ត្ន អាយុ​២៤​ឆ្នាំ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចង​.​ក​សម្លាប់​ខ្លួន​នៅ​ក្នុង​បន្ទប់ទឹក​ផ្ទះ​របស់​គេ ដែល​ស្ថិត​នៅ​ក្នុងភូមិ​ខ្សុំ​ត្បូង ឃុំ​កំពង់​ពពិល ស្រុក​ពារាំង ខេត្តព្រៃវែង កាលពី​វេលា​ម៉ោង​៥​ព្រឹក ថ្ងៃ​ទី​៣១ មក​រា ២០១៦ ។

ប្រភព​ព័ត៌មាន​ពី​ក្រុម​គ្រួសារ​សព​បានឱ្យ​ដឹង​ថា យុវជន កុយ សុភា​រ័​ត្ន នេះ រាល់ថ្ងៃ​គិតតែ​ពី​ដើរ​លេង​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​ព្រឹកល្ងាច​ៗ​ស្ទើរ​រៀងរាល់ថ្ងៃ ហើយ​មិន​ដែល​ជួយ​ធ្វើ​ការងារ​ស្រែ​ចំការ និង​ផ្ទះសម្បែង​នោះ​ទេ ពេល​ខ្លះទៅ​បាត់​១​យប់​២​យប់ ទើប​ឃើញ​ត្រឡប់​មក​ផ្ទះ​វិញ​ក៏​មាន ហើយ​អ្នក​ណា​និយាយ​ណែនាំ​អ្វី​ក៏​មិន​ស្តាប់​ដែរ​។

ប្រភព​ដដែល​នេះ​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​៣០ មក​រា មុន​ពេល​ប្រទះ​ឃើញ​សាកសព​នោះ យុវជន កុយ សុភា​រ័​ត្ន បាន​ចេញពីផ្ទះ​តាំងពី​ព្រឹក​ទៅ​ដើរ​លេង​ជាមួយ​មិត្តភក្តិ ហើយ​បាត់​រហូត​ទាល់តែ​ម៉ោងជាង​៥​ល្ងាច ទើប​ឃើញ​ត្រឡប់​ចូល​ផ្ទះ​វិញ ដោយ​ខឹង​នឹង​រូបគេ​ខ្លាំង​ពេក បងប្រុស​របស់​គេ​ក៏​ស្តីបន្ទោស និង​ជេរ​ដៀល​ខ្លះ​ៗ​ក្នុង​ន័យ​ណែនាំ​ឱ្យ​គេ​ឈប់​ដើរ​លេង​ប៉ោឡែ​តទៅ​ទៀត ទើប​ធ្វើ​ឱ្យ​មានការ​ឈ្លោះប្រកែក​គ្នា​មួយសន្ទុះ​រវាង​បងប្រុស និង​ប្អូនប្រុស រួច​ក៏​បែក​គ្នា​រៀង​ៗ​ខ្លួន ដោយ​ម្នាក់​ៗ​នឹក​ស្មានថា ចប់​រឿង​អស់​ទៅ​ហើយ​។ លុះដល់​ព្រឹកស្អែក​ឡើង​ម៉ោង​ប្រមាណ​ជា​៥​ជិត​ភ្លឺ ពេល​ដែល​បងប្រុស​ចេញពី​បន្ទប់ដេក​ចូល​ទៅ​ក្នុង​បន្ទប់ទឹក ក៏​ស្រាប់តែ​ឃើញ​យុវជន កុយ សុភា​រ័​ត្ន ចង​.​ក​នឹង​ខ្សែ​គោ​ទាក់​ទៅ​នឹង​ធ្នឹម​ដំបូល បន្ទប់ទឹក​ស្លាប់​បាត់​ទៅ​ហើយ ទើប​មានការ​ផ្អើល​ឆោឡោ​ឡើង និង​នាំ​គ្នា​រាយការណ៍​ប្រាប់ ទៅ​សមត្ថកិច្ច​ឱ្យ​ចុះ​ទៅ​ត្រួតពិនិត្យ​តែ​ម្តង​។

តាម​ការ​ឱ្យ​ដឹង​ពី​សមត្ថកិច្ច​បាន​បញ្ជាក់​ថា សព​ពិតជា​ស្លាប់​ដោយសារ​តែ​ចង​.​ក​ពិតមែន ហើយ​ការ​ធ្វើ​អត្ត​ឃា​ដ​ខ្លួនឯង​នេះ គឺ​តាំងពី​វេលា​ពាក់កណ្តាល​អធ្រាត្រ​ម្ល៉េះ ប៉ុន្តែ​គ្មាន​អ្នក​ណា​ដឹង រហូត​ទាល់តែ​ភ្លឺ​ឡើង​ទើប​មាន​អ្នក​ឃើញ​នឹង​ផ្អើល​ឆោឡោ​៕