ព័ត៌​មានកីឡា &raquo កីឡាជាតិ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​កម្ពុជា​-​ថៃ នៅ​លើ​សង្វៀន​ស៊ី​ធី​អិន កាលពី​ថ្ងៃ​សៅរ៍ ទី​៣០ មក​រា កន្លង​មកនេះ កីឡាករ​កម្ពុជា វា​៉​ន់ ចាន់​វ៉េ​ត មក​ពី​ក្លិប​គី​សែន​មាន​រិ​ទ្ធ និង សរ រាជសីហ៍ មក​ពី​ក្លិប​មោងឫស្សី​មរតក​គុន​ខ្មែរ​ខេត្តបាត់ដំបង បាន​ចាញ់​ពិន្ទុ​កីឡាករ​ថៃ​យា​៉​ង​អា​មា​៉​ស់​ដូច​គ្នា ។

កីឡាករ​ចាន់​វ៉េ​ត ដែល​មក​ប្រកួត​ជំនួស​កីឡាករ ឈាន ហុង ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ដិ​ន​ណា ផូ​បា​៉​កន​ផ​ន​សុរិន្ទ បាន​សារភាព​ថា មិន​អាច​យកឈ្នះ​កីឡាករ​ថៃ​តាំងពី​មុន​ពេល​ប្រកួត ព្រោះតែ​លោក​មិន​បាន​ត្រៀមខ្លួន​មុន ទើប​មិន​មាន​កម្លាំង​គ្រប់គ្រាន់​សម្រាប់​តទល់​ជាមួយ​គូប្រកួត ទោះបី​យ៉ា​ង​ណា លោក​ក៏​ត្រូវ​ខិតខំ​ប្រកួត​ឱ្យ​អស់​លទ្ធ​ភាព​ដែរ ។ បើ​និយាយ​ពី​មាឌ និង​កម្ពស់​វិញ គូ​នេះ​មិន​ចាញ់​គ្នា​ទេ ប៉ុន្តែ​បើ​និយាយ​ពី​កម្លាំង គឺ​វ៉ា​ន់ ចាន់​វ៉េ​ត បាញ់​ប្រៀប​កីឡាករ​ថៃ​តាំងពី​ទឹក​ទី​១ ។ វ៉ា​ន់ ចាន់​វ៉េ​ត ដែល​ជា​អ្នក​ប្រដាល់​ជើង​ចាស់​មួយ​រូប​ធ្លាប់​មានបទពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ នៅ​តែ​អាច​តស៊ូ​ប្រកួត​រហូត​ដល់​ចប់​ទឹក​ទី​៥​ដែរ ដោយ​មិន​បណ្តោយ​ឱ្យ​កីឡាករ​ថៃ​រូប​នេះ​យកឈ្នះ​លើ​គេ​បាន​ដោយ​ងាយ​នោះ​ឡើយ ។

ការ​ប្រកួត​ចាប់ពី​ទឹក​ទី​១​ដល់​ទឹក​ទី​៥ វ៉ា​ន់ ចាន់​វ៉េ​ត រក្សា​ទម្រង់​នៃ​ការ​វាយ​ចេញ និង​ការពារ​ខ្លួន​បាន​យ៉ា​ង​ល្អ មិនតែប៉ុណ្ណោះ​មាន​ពេល​ខ្លះ​គេ​ថែម​ទាំង​បាន​ធ្វើ​ឱ្យ​កីឡាករ​ថៃ​រូប​នេះ ស្ថិត​នៅ​ក្នុង​សភាព​ទាល់ច្រក​ម្តង​ៗ​ទៀត​ផង ។ ទោះ​ជាយ៉ាង​ណា វ៉ា​ន់ ចាន់​វ៉េ​ត ភាគច្រើន​ត្រូវ​កីឡាករ​ថៃ​រូប​នេះ​ដាក់​សម្ពាធ​ជាប់​រហូត ជា​ពិសេស​នៅ​ក្នុង​ទឹក​ទី​៤ និង​ទី​៥​តែ​ម្តង វ៉ា​ន់ ចាន់​វ៉េ​ត ត្រូវ​គេ​មើលឃើញ​ការពារ​ខ្លួន​ច្រើន​ជាង​ការ​វាយលុក ទើប​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ប្រកាស​ឱ្យ​ចាញ់​ពិន្ទុ​កីឡាករ​ថៃ​យ៉ា​ង​អស់ចិត្ត ។

ចំណែក សរ រាជសីហ៍ ប្រកួត​ចាញ់​ពិន្ទុ​កីឡាករ​ថៃ​ឈ្មោះ​ភិត​ណាំ ឈោ​គគៀត​ផាត់​រតនៈ​ផា​ន់ ដោយ​ពិន្ទុ​យ៉ា​ង​អស់ចិត្ត​ដូច​គ្នា ។ នៅ​មុន​ពេល​ប្រកួត សរ រាជសីហ៍ បាន​បង្ហាញ​អាការ​ក្អេងក្អាង​បន្តិច​ដោយ​និយាយ​ថា គេ​នឹង​ធ្វើ​ឱ្យ​កីឡាករ​ថៃ​រូប​នេះ​ស្គាល់​ថ្នាំខ្លាំង​ម្តង ប៉ុន្តែ​ទីបំផុត​គេ​បែរជា​ត្រូវ​កីឡាករ​ថៃ​បំបាក់​អំនួត​នៅ​នាទី​ចុង​ក្រោយ​ទាល់តែ​បាន ។

នៅ​ក្នុង​ទឹក​ទី​១​និង​ទី​២ គេ​សង្កេត​ឃើញ សរ រាជសីហ៍ ដេញ​វាយ​កីឡាករ​ថៃ​ពេញ​រេញ​តែ​ម្តង ប៉ុន្តែ​រាល់​ការ​តាម​ដេញ​វាយ​របស់​គេ​បាន​ត្រឹមតែ​ល្អមើល​ប៉ុណ្ណោះ មិន​អាច​ធ្វើ​អ្វី​កីឡាករ​ថៃ​បាន​ឡើយ ។ ផ្ទុយ​ទៅ​វិញ​នៅ​ទឹក​ទី​៣ សរ រាជសីហ៍ ត្រូវ​កីឡាករ​ថៃ មា​៉​ត់​ចូល​មុខ​ពេញ​ៗ ថែម​ទាំង​ទាត់​ឱ្យ​ដួល​ជា​ញឹកញាប់​ទៀត​ផង ។ ទោះបី​យ៉ាង​ណា ចាត់​ទុកជា​សំណាងល្អ​ហើយ ដែល​គេ​អាច​តស៊ូ​ប្រកួត​ដល់​ចប់​ទឹក​ទី​៥ និង​ចាញ់​ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ ។

ដោយឡែក លទ្ធផល​ការ​ប្រកួត​មិត្តភាព​រវាង​កីឡាករ​កម្ពុជា និង​កម្ពុជា​វិញ កីឡាករ ឡេះ តើក មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ព្រែក​តា​ទែន បាន​យកឈ្នះ​ពិន្ទុ​កីឡាករ ហេង វិ​ឆ័​យ មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ។ កីឡាករ សេក ចាន់​រាជ មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប ឈ្នះ​ពិន្ទុ​កីឡាករ ឡាញ់ ផល្លា មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា និង​កីឡាករ ច្រិច កុសល មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ផ្តួល​កីឡាករ ឡុ​ង ខេ​ម មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា ឱ្យ​សន្លប់​នៅ​ត្រឹម​ទឹក​ទី​៣ ៕