ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ចាម ៖ លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​១​ខ្នង​សាងសង់​អំពី​ឈើ​ជញ្ជាំង​បាំង​ស្លឹក ប្រក់​ក្បឿ​ន មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ពាម​ក្នុង ឃុំ​ព្រែក​ក្របៅ ស្រុក​កងមាស ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​ខ្ទេច​។ ហេតុការណ៍​នេះ កើតឡើង​នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៣០ មក​រា ២០១៦ ពេល​ដែល​ម្ចាស់​បាន​ចេញ​ទៅ​ស្រែ​បាត់ តែ​មិន​បាន​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ឡើយ ។

នាយការិយាល័យ​ពន្លត់​អគ្គិភ័យ​ខេត្ត​លោក​វរសេនីយ៍ទោ យ៉​ន ឌី​ន  ប្រាប់​ឲ្យ​ដឹង​ថា ផ្ទះ​ដែល​ត្រូវ​បាន​ភ្លើង​ឆាបឆេះ​ខ្ទេច​នោះ​មាន​ទំហំ​៦​គុណ​៨​ម៉ែត្រ ជា​របស់​ឈ្មោះ​ណោ ស្រ៊ី​ម ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ ដោយ​មាន​បាត់បង់​ទ្រព្យសម្បត្តិ ក្នុង​នោះ​ដូច​ជា មាស​៥​ជី លុយ​៣​លាន​រៀល ស្រូវ​៦​បាវ វិទ្យុ​១​គ្រឿង អា​គុយ​១​គ្រឿង ព្រមទាំង​សម្ភារ​មួយ​ចំនួន​ផង​ដែរ ។

លោកនាយ​ការិយាល័យ​ពន្លត់​អគ្គិភ័យ​ខេត្ត​បាន​បន្ត​ថា នៅ​ពេល​មុន​កើតហេតុ​បុរស​ម្ចាស់ផ្ទះ​បាន​បិទទ្វារ​ផ្ទះ​របស់​ខ្លួន ដោយ​បាន​ចេញ​ទៅ​ស្រែ​បាត់ ដើម្បី​បង្កបង្កើន​ផល បន្ទាប់​មក​ស្រាប់តែ​ភ្លើង​បាន​ឆាបឆេះ​ចេញពី​ចង្ក្រាន​បាយ​រាលដាល​មក​ខាង​មុខ​ចេញ​ជា​អណ្តាតភ្លើង​សន្ធោរ​សន្ធៅ ផ្សែងហុយ​ខ្មួលខ្មាញ់​ទៅ​លើ​អាកាស និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​ផ្ទះ​អ្នក​ជិតខាង​នាំ​គ្នា​ត​ទុយោ​ទឹក​មក​បាញ់​ពន្លត់ភ្លើង តែ​មិន​អាច​បាញ់​ឲ្យ​រលត់​នោះ​ទេ ព្រោះតែ​ភ្លើង​ឆេះ​ខ្លាំង​យ៉ាង​ពេញបន្ទុក​ទៅ​ហើយ ដោយ​គ្រាន់តែ​អ្នក​ភូមិ​នាំ​គ្នា​ជួយ​ការពារ​មិន​ឱ្យ​ភ្លើង​ឆេះ​រាលដាល​ទៅ​ដល់​ផ្ទះ​របស់​អ្នក​ផ្សេង​។ រហូត​ដល់​ពេល​លា្ង​ច​ទើប​បុរស​ម្ចាស់ផ្ទះ​វិល​ត្រឡប់​មក​ពី​ស្រែ​វិញ បានឃើញ​ផ្ទះ​របស់​ខ្លួន​ឆេះ​ហ្ន​ត់​ក៏​ស្រឡាំងកាំង​រន្ធត់​ក្នុង​ចិត្ត ។ ម្ចាស់ផ្ទះ​ថែម​ទាំង​បាន​ប្រាប់​ទៅ​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ថា គាត់​មិន​ដែល​នៅផ្ទះ​ពេល​ថ្ងៃ​ទេ ភាគច្រើន​នៅ​តែ​ពេល​យប់​ៗ ព្រោះ​ពេល​ថ្ងៃ​នៅ​ជាមួយនឹង​កូន​ៗ​ដែល​មានផ្ទះ​ចម្ងាយ​ពី​ផ្ទះ​ឆេះ​ប្រហែល​១​គីឡូម៉ែត្រ ។ 

លោក​អ៊ុ​ន វណ្ណៈ ប្រធាន​ភូមិ​ពាម​ក្នុង ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ពី​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​ខាងលើ​នេះ អភិបាលស្រុក​កងមាស ក៏​ដូច​ជា​សប្បុរសជន​នានា​បាន​ចលនា​មនុស្សធម៌ ដោយ​បាន​ដែក​ស័ង្កសី មី ថវិកា ព្រមទាំង​របស់របរ​ផ្សេង​ៗ​ទៀត​ជូន​ដល់​ម្ចាស់ផ្ទះ​នា​ព្រឹក​ថ្ងៃ​ទី​៣១ មក​រា  ៕