ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តកំពង់ធំ៖ ​ស្រ្តីម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ​និង២នាក់ទៀតរងរបួសធ្ងន់ ​ដោយសារគ្រោះថ្នាក់​ចរាចរណ៍ខណៈ​ជិះម៉ូតូ៣នាក់ឆ្លងផ្លូវត្រូវរថយន្តបុក ។

ឧបទ្ទវហេតុនេះ ​បានកើតឡើងនៅវេលា​ម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី៣១​ មករា​២០១៦​ នៅក្នុងភូមិដូង ​ឃុំត្រពំាងប្ញស្សី ស្រុកកំពង់ស្វាយ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាពបាន​ស្រង់របាយការណ៍ប៉ូលិសមូលដ្ឋាន​ឲ្យដឹងជំហានដំបូងមកទៀតថា ​ជនរងគ្រោះដែលជិះម៉ូតូខាងក្រោយ​ស្លាប់ឈ្មោះ គ្រួច ស្រីឡៃ ភេទស្រី ​អាយុ២២ឆា្នំ រស់នៅក្នុងភូមិអូររំដេង​ ឃុំត្រំាងប្ញស្សី ស្រុកកំពង់ស្វាយ ។ ​រីឯអ្នករងរបួសធ្ងន់ឈ្មោះ ​គ្រួច ឆែម ភេទប្រុស ​អាយុ១៨ឆ្នាំ ​ជាអ្នកបើកបរម៉ូតូ ម៉ាកវ៉េវអាល់ហ្វា ​ព៌ណខ្មៅ ពាក់ស្លាកលេខ ​កំពង់ធំ 1G 8574 ​និងអ្នកជិះពីក្រោយម្នាក់ទៀតរបួសធ្ងន់ដែរ​នោះឈ្មោះ ស្វាយ​ សាន ភេទប្រុស ​អាយុ១៨ឆ្នាំ រស់នៅក្នុងភូមិ​អូររំដេង ឃុំត្រំាងប្ញស្សី ​ស្រុកកំពង់ស្វាយ ។ ​ចំណែកអ្នកបើកបររថយន្តម៉ាកត្រៃតុន ​ព៌ណខ្មៅ ​ពាក់ស្លាកលេខសៀមរាប​ 2B 0230 ឈ្មោះ​ ស៊ីវ សោភ័ណ្ឌ​ ភេទប្រុស អាយុ៦៨ឆ្នាំ​ រស់នៅក្នុងភូមិវិហារចិន ​សង្កាត់ស្វាយដង្គំ​ ក្រុងសៀមរាប បានរត់គេចខ្លួនបាត់ ។

បច្ចុប្បន្នសពត្រូវ​បានសមត្ថកិច្ចប្រគល់ឲ្យ​ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ​និងអ្នករបួសធ្ងន់ត្រូវដឹកទៅ​សង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ​ចំណែករថយន្តនិងម៉ូតូ ត្រូវបានបញ្ជូន​យកទៅរក្សាទុកនៅអធិការដ្ឋាន​នគរបាលស្រុកកំពង់ស្វាយរង់ចំាភាគីទំាងចូលមកដោះស្រាយតាមផ្លូវច្បាប់ ៕