ព័ត៌​មានកីឡា &raquo កីឡាជាតិ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​សៅរ៍​ ទី​៣០ មក​រា ម្សិល​មិញ ព្រឹត្តិការណ៍​បាល់ទាត់​ក្នុង​សាល ដែល​មានឈ្មោះ​ថា Smart Futsal Cup បាន​ចាប់ផ្ដើម​ហើយ ដែល​ការ​ប្រកួត​ដណ្ដើម​ពាន និង​ប្រាក់​រង្វាន់​លើក​នេះ គឺជា​លើក​ទី​២​បន្ទាប់​ពី​ការ​រៀបចំ​កាល​ឆ្នាំ​២០១៥ កន្លង​ទៅ ទទួល​បានការ​ចាប់អារម្មណ៍ ។ ការ​ប្រកួត​លើក​នេះ ក្រៅពី​មានការ​ចាប់អារម្មណ៍​ជាង​មុន ក៏​មាន​វត្តមាន​របស់​ក្រុម​ថ្មី​ៗ​ចូលរួម​ប្រកួត​ច្រើន​ជាង​មុន​ផង​ដែរ ។

លោក មិត្ត ហាក់ មន្ត្រី​ទំនាក់ទំនង​ប្រចាំ​ក្រុមហ៊ុន​Smart និង​ជា​អ្នក​ទទួលខុសត្រូវ​ក្នុង​ព្រឹត្តិការណ៍ Smart  Futsal Cup បាន​អះអាង​ថា នេះ​ជា​លើក​ទី​២​ហើយ​ដែល​ក្រុមហ៊ុន​Smart បាន​សម្រេច​រៀបចំ​ឲ្យ​មានការ​ប្រកួត​បាល់ទាត់​ក្នុង​សាល​នេះ​ឡើង ។ លោក​ថា ការ​ប្រកួត​ឆ្នាំ​នេះ គឺ​មាន​ក្រុមបាល់ទាត់​សរុប​ចំនួន​១២​ក្រុម ដោយ​ក្រុម​ទាំង​ពីរ​ត្រូវ​បែងចែក​ជា​ពីរ​ពូ​ល និង​ត្រូវ​ប្រកួត​គ្នា​វិល​ជុំ​ចុះឡើង​ៗ​រហូត​ទាល់តែរក​ឃើញ​ជើង​ខ្លាំង​២​ក្រុម​ក្នុង​ពូ​ល​នីមួយ​ៗ ដើម្បី​ឆ្ពោះទៅ​ប្រកួត​វគ្គ​ខ្វែង​យក​ចំណាត់ថ្នាក់​លេខ​១ រហូត​ដល់​លេខ​៤ ។ ធៀប​នឹង​ការ​ប្រកួតកាលពី​ឆ្នាំ​២០១៥ លោក​ថា ការ​ប្រកួត​បាល់ទាត់​ដណ្ដើម​ជើងឯក​ក្នុង​សាល​ដែល​ទើប​ចេញដំណើរ​នេះ​មានការ​ស្ទុះ​ឡើង​ជាង​មុន​ដោយសារ​តែ​ការ​រៀបចំ​លើក​ទី​១ មាន​កីឡាករ​ចូលរួម​ប្រកួត​ត្រឹមតែ​៨​ក្រុម​ប៉ុណ្ណោះ ។ ចំពោះ​កីឡាករ​ដែល​មាន​វត្តមាន​ចូលរួម​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ គឺ​សម្រាប់​តែ​មន្ត្រី​បម្រើ​ការ​របស់​ក្រុមហ៊ុន​Smart​ប៉ុណ្ណោះ ដោយ​មិន​មាន​ក្រុម​របស់​ស្ថាប័ន​មក​ពី​ខាងក្រៅ​ចូលរួម​នោះ​ឡើយ ។

លោក​និយាយ​ថា​៖ «​គោលបំណង​ដែល​យើង​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង​គឺ​ដើម្បី​ឲ្យ​បុគ្គលិក​គ្រប់​ផ្នែក​របស់​ក្រុមហ៊ុន​Smart បាន​រួម​គ្នា​បង្កើត​ជា​ក្រុមកីឡា ហើយ​ឡើង​ប្រកួត​គ្នា​ដើម្បី​សុខភាព​ផង ស្គាល់គ្នា​ឲ្យ​បាន​ច្រើនផង និង​អ្វី​ដែល​យើង​ចង់បាន​គឺ​ចង់​ឲ្យ​វិស័យ​កីឡាបាល់ទាត់​ក្នុង​សាល​មានការ​រីក​ចម្រើន​កាន់តែ​ខ្លាំង​នៅ​ក្នុង​ចំណោម​យុវវ័យ​និង​បុគ្គលិក​បម្រើ​ការ​របស់​ក្រុមហ៊ុន​Smart» ។ លោក​និយាយ​ថា ការ​ប្រកួត​នឹង​ធ្វើ​ឡើង​តែ​រៀងរាល់ថ្ងៃ​សៅរ៍​ប៉ុណ្ណោះ ដោយ​ក្នុង​មួយ​ថ្ងៃ​គឺ​មានការ​ប្រកួត​នៅ​ក្នុង​ពូ​ល​A ៦​ក្រុម និង​ពូ​ល​B ៦​ក្រុម ។ ការ​ប្រកួត​ទាំងមូល​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​១២ ខែមីនា ខាង​មុខ​ដោយ​ក្រុម​ជាប់​ជើងឯក​នឹង​ទទួល​បាន​ពាន​ជើងឯក​មួយ​មេដាយមាស និង​ប្រាក់​លាន​ពី​ក្រុមហ៊ុន​Smart​។ លោក​មិន​ច្បាស់​ពី​ប្រាក់​រង្វាន់​សម្រាប់​អ្នក​ឈ្នះ​នោះ​ទេ ដោយ​គ្រាន់តែ​អះអាង​ថា ទឹកប្រាក់​ដែល​ត្រូវ​ផ្ដល់​ជូន​គឺ​មាន​ចំនួន​១៦៣​លាន​រៀល ដែល​ទឹកប្រាក់​នេះ​ជា​ចំនួន​មួយ​ខ្ពស់​បើ​ធៀប​នឹង​ការ​ចំណាយ​កាលពី​ឆ្នាំ​២០១៥ ។

លោក មិត្ត ហាក់  បាន​បន្ត​ទៀត​ថា ក្នុង​ចំណោម​១២​ក្រុម​ដែល​ចូលរួម​ប្រកួតប្រជែង​គ្នា​នេះ គឺ​មាន​កីឡាករ​សរុប​ប្រមាណ​១២០​នាក់ ដោយ​កីឡាករ​ទាំងអស់ ក៏​នឹង​ត្រូវ​បាន​កត់​សម្គាល់ថា ជា​ជើង​ខ្លាំង​សម្រាប់​ព្រឹត្តិការណ៍​ផង​ដែរ ប្រសិនបើ​សមត្ថភាព​លេង​របស់​កីឡាករ​ទាំងនោះ​មាន​ភាព​លេចធ្លោ​នៅ​ក្នុង​ការ​ប្រកួត ។ លោក​អះអាង​ថា ព្រឹត្តិការណ៍ Smart  Futsal Cup មិន​ត្រឹមតែ​ជួយ​ឲ្យ​វិស័យ​បាល់ទាត់​ក្នុង​សាល​មានការ​ចាប់អារម្មណ៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ធ្វើ​ឲ្យ​កីឡាករ​ដែល​សុទ្ធតែ​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន ទទួល​បាន​បច្ចេកទេស​ល្អ​ៗ និង​កាន់តែ​មាន​ទំនាក់ទំនង​គ្នា​តាម​រយៈ​វិស័យ​កីឡា​នេះ រហូត​ដល់​ការ​ប្រកួត​ត្រូវ​បញ្ចប់​នោះ​ផង​ដែរ ។

ក្នុង​នោះ​ក្រុមហ៊ុន​Smart ក៏​មាន​គម្រោង​រៀបចំ​ឲ្យ​មានការ​ប្រកួត​បាល់ទាត់​ប្រភេទ​នេះ​ឲ្យ​កាន់តែ​មាន​ទ្រង់ទ្រាយ​ធំ​បន្ថែម​ទៀត​ក្នុង​ពេល​បន្តបន្ទាប់​ផង​ដែរ ដើម្បី​លើកកម្ពស់​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​ឱ្យ​កាន់តែ​រីក​ចម្រើន​ថែម​ទៀត ៕