ក្រុមហ៊ុន ទ្រីភាព បដិសេធជាប់ពាក់ព័ន្ធ ជាមួយ ក្រុមហ៊ុន យូនីហ្គ្រីន

ភ្នំពេញ៖ ក្រុមហ៊ុន ទ្រីភាពគ្រុប របស់លោកឧកញ៉ា ទ្រីភាព បានបដិសេធ នូវការលើកឡើងដែលថា ក្រុមហ៊ុន យូនីហ្គ្រីន ជាផ្នែកមួយរបស់ក្រុមហ៊ុន ទ្រីភាពគ្រុប ហើយក័៏បានអំពាវនាវឲ្យ គណៈកម្មាធិការជាតិ បង្ការនិងទប់ស្កាត់បទល្មើសព្រៃឈើ មេត្តាចាត់វិធានការតាមផ្លូវច្បាប់ទៅលើក្រុមហ៊ុនណា ដែលបានរកស៊ីជួញដូរ បទល្មើសព្រៃឈើ ហើយយកឈ្មោះក្រុមហ៊ុនទី្រភាពគ្រុបទៅ ប្រើប្រាស់។

យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាន នៅថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ ក្រុមហ៊ុនទ្រីភាពគ្រុប របស់ឧកញ៉ា ទ្រីភាព បានចេញសេចក្តីប្រកាសព័ត៌មាន បដិសេធថាក្រុមហ៊ុនពុំមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន យូនីហ្គ្រីគ្រុបទេ។ ទន្ទឹមនឹងនោះ ក្រុមហ៊ុនគាំទ្រ ចំពោះសកម្មភាព របស់គណៈកម្មាការជាតិ បង្ការនិងបង្ក្រាប់បទល្មើសព្រៃឈើ ដែលបង្កើតឡើងដោយរាជរដ្ឋាភិបាល និងការដឹកនាំចុះអនុវត្តផ្ទាល់ ដោយនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

សេចក្តីប្រកាសព័ត៌មាន របស់ក្រុមហ៊ុនទ្រីភាព បានសរសេរថា «ក្រុមហ៊ុនទ្រីភាព គ្រុប មានកិត្តិយសជម្រាបជូនមតិសាធារណជនឲ្យបានជ្រាបថា ក្រុមហ៊ុន សូមបដិសេធទាំងស្រុង មិនមានការជាប់ពាក់ព័ន្ធ ទៅនឹងក្រុមហ៊ុន យូនីហ្គ្រីន គ្រុប ដែលថ្មីៗនេះ គណៈកម្មាធិការជាតិបង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើ បានចុះប្រតិបត្តិការ និងត្រួតពិនិត្យឈើ នៅក្នុងដែនក្រុមហ៊ុន យូនីហ្គ្រីន។ ទន្ទឹមគ្នានោះមានការលើកឡើង និងបានចោទប្រកាន់ថា ក្រុមហ៊ុន យូនីហ្គ្រីន គឺជាផ្នែកមួយរបស់ក្រុមហ៊ុន ទ្រីភាពគ្រុប»។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់បន្ថែមទៀតថា «ក្រុមហ៊ុនទ្រីភាពគ្រុប សូមគាំទ្រទាំងស្រុងចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន ជាប្រមុខដែលបានបង្កើត គណៈកម្មាការថ្នាក់ជាតិ បង្ការនិងបង្ក្រាបបទល្មើសព្រៃឈើខុសច្បាប់»៕

សូមបញ្ជាក់ថា អង្គការក្រៅរដ្ឋាភិបាល ដែលឃ្លាំមើលបរិស្ថាននៅកម្ពុជា ធ្លាប់បានចេញរបាយការណ៍រិះគន់ ក្រុមហ៊ុន ទ្រីភាពគ្រុប របស់ឧកញ៉ា ទ្រីភាព ពាក់ព័ន្ធទៅនឹងជំនួញឈើដ៏ធំ នៅប្រទេសកម្ពុជា។ ប៉ុន្តែក្រុមហ៊ុន ទ្រីភាពគ្រុប តែងតែបដិសេធ ហើយថាការរកស៊ីជួញដូរឈើ ធ្វើឡើងដោយស្របច្បាប់ មានការដេញថ្លៃត្រឹមត្រូវ ព្រមទាំងបង់ពន្ធជូនរដ្ឋគ្រប់ចំនួន តាមច្បាប់កំណត់។ បច្ចុប្បន្នក្រុមហ៊ុនទ្រីភាពគ្រុប បានដាំកៅស៊ូ នៅលើដីសម្បទានសេដ្ឋកិច្ច បានគ្រប់តាមកិច្ចសន្យា ជាមួយរាជរដ្ឋាភិបាលលើផ្ទៃដី ជាងមួយម៉ឺនហិចតា នៅស្រុករវៀង ខេត្តព្រះវិហារ និងស្រុកវាលវែង ខេត្តពោធិ៍សាត់ ព្រមទាំងចំការម្រេចផងដែរ៕

ក្រុមហ៊ុន ទ្រីភាព បដិសេធជាប់ពាក់ព័ន្ធ ជាមួយ ក្រុមហ៊ុន យូនីហ្គ្រីន