ត្រីឆ្លាម ០២ក្បាល ប្រយុទ្ធគ្នា​ក្នុង​អាង​ចិញ្ចឹម​ នៅក្រុង​សេអ៊ូល អ្នកចាញ់​ក្លាយជា​​ចំណី

សេអ៊ូល៖ ត្រីឆ្លាមចំនួន ០២ក្បាល ដែលគេចិញ្ចឹមនៅក្នុងអាងដ៏ធំមួយ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង បានប្រយុទ្ធគ្នាមួយប្រាវ អ្នកដែលចាញ់ បានក្លាយជាចំណី ។

ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ថា អ្នកទស្សនានៅអាងចិញ្ចឹមត្រីឆ្លាម នៅក្នុងសេអ៊ូល បានថតរូប និងបានឃើញ អំពីព្រឹត្តិការណ៍ នៃការប្រយុទ្ធគ្នារវាងត្រីឆ្លាមញី និងត្រីឆ្លាមឈ្មោល ដោយអ្នកចាញ់បានក្លាយជាចំណី ។

បុគ្គលិកម្នាក់ដែលបម្រើការងារ នៅអាងចិញ្ចឹមត្រីឆ្លាម COEX បានបញ្ជាក់ថា ត្រីឆ្លាមញីមានបណ្តោយ ប្រវែង២,២ម៉ែត្រ ដែលជាប្រភេទឆ្លាមខ្លាខ្សាច់ បានខាំត្រីឆ្លាមមួយក្បាល ទៀតដែល មានទំហំតូចជាងវាពាក់កណ្តាល ។ តាមពិតទៅហេតុការណ៍នេះ កើតឡើងតាំងពីល្ងាច ថ្ងៃព្រហស្បតិ៍ម្ល៉េះ ។

ក្រោយពីមានការប្រយុទ្ធគ្នា មួយប្រាវ ត្រីឆ្លាមញីបានខាំក្បាលត្រីឆ្លាមដែល មានមាឌតូចជាងវា និងលេបចូលក្នុងពោះ ដោយនៅតែកន្ទុយធ្លាក់ក្នុងទឹកប៉ុណ្ណោះ ។

អ្នកនាំពាក្យមួយរូបមកពី កន្លែងចិញ្ចឹមត្រីខាងលើ បានបញ្ជាក់ថា "ត្រីឆ្លាមខ្លាខ្សាច់ ជាប្រភេទត្រីឆ្លាមដែល ស្ទើរផុតពូជ វាធ្វើការវាយប្រហារ ទៅលើសត្រូវ ដែលមកយាយី ខណៈដែលត្រីឆ្លាម ដល់រដូវពង" ៕

ត្រីឆ្លាម ០២ក្បាល ប្រយុទ្ធគ្នា​ក្នុង​អាង​ចិញ្ចឹម​ នៅក្រុង​សេអ៊ូល អ្នកចាញ់​ក្លាយជា​​ចំណី