ក្រសួង​សុខាភិបាល​ប្រកាស​ឲ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំងឺ​ហ្ស៊ីកា​ដែល​ឆ្លង​តាម​មូស​ខ្លា​ខាំ

ក្រសួង​សុខាភិបាល​កម្ពុជា ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំងឺ​ហ្ស៊ីកា (Zika) តាម​រយៈ​ការ​ការពារ​កុំ​ឲ្យ​មូស​ខ្លា​ខាំ ទោះ​បី​កម្ពុជា មិន​ទាន់​មាន​ផ្ទុះ​ឡើង​នូវ​ជំងឺ​នេះ​ក៏ដោយ។

មូស​ខ្លា​តែង​តែ​ខាំ​មនុស្ស​នៅ​ពេល​ព្រឹក ពេល​ថ្ងៃ និង​ពេល​រសៀល ជាពិសេស​នៅ​កន្លែង​ងងឹត​ខ្វះ​ពន្លឺ មាន​ព្រៃ និង​មាន​ទឹក​ដក់ ជាដើម សុទ្ធ​ជា​កន្លែង​មាន​មូស​ខ្លា ហើយ​មូស​នេះ​អាច​ខាំ​ក្មេង និង​មនុស្ស​គ្រប់​វ័យ។ អង្គការ​សុខភាព​ពិភពលោក បញ្ជាក់​ថា មូស​ខ្លា​ជា​ភ្នាក់ងារ​ចម្លង​មេរោគ​ហ្ស៊ីកា។

ជំងឺ​ហ្ស៊ីកា មាន​រោគ​សញ្ញា​ដូចជា​ជំងឺ​គ្រុនឈាម គឺ​គ្រុន​ក្តៅ ឈឺ​ក្បាល កន្ទួល​ក្រហម​ស្បែក ក្រហម​ភ្នែក និង​ឈឺ​សន្លាក់។

បច្ចុប្បន្ន វីរុស​ហ្ស៊ីកា កំពុង​រាតត្បាត​នៅ​ប្រទេស​ក្នុង​តំបន់​អាមេរិក​ខាង​ត្បូង និង​កណ្ដាល ហើយ​ជំងឺ​នេះ​រាតត្បាត​ខ្លាំង​នៅ​ប្រទេស​ប្រេស៊ីល (Brazil) ក្នុង​ឆ្នាំ​២០១៥។

នៅ​កម្ពុជា ជំងឺ​ហ្ស៊ីកា ធ្លាប់​រក​ឃើញ​មួយ​ករណី​កាល​ពី​ឆ្នាំ​២០១០ ប៉ុន្តែ​អ្នក​ជំងឺ​ត្រូវ​បាន​គ្រូពេទ្យ​ព្យាបាល​ទាន់​ពេលវេលា។ យ៉ាង​ណា​ក៏ដោយ តាំង​ពី​ពេល​នោះ​មក​រហូត​ដល់​បច្ចុប្បន្ន កម្ពុជា ពុំ​រក​ឃើញ​ជំងឺ​ហ្ស៊ីកា នេះ​ទៀត​ទេ។

មន្ត្រី​ជំនាញ​ផ្នែក​សុខភាព ពន្យល់​ថា លោក​អ្នក​ដែល​មាន​រោគ​សញ្ញា​គ្រុន​ក្តៅ ឈឺ​ក្បាល កន្ទួល​ក្រហម​លើ​ស្បែក ក្រហម​ភ្នែក និង​ឈឺ​សន្លាក់ សូម​ប្រញាប់​ទៅ​ជួប​ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ដែល​នៅ​ជិត​លោក​អ្នក និង​ត្រូវ​ជៀសវាង​ការ​បន់ស្រន់​ផ្សេងៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។