សម្ព័ន្ធ​ខ្មែរ-អាមេរិកាំង​គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​លោក ហ៊ុន សែន នៅ​អាមេរិក

សម្ព័ន្ធ​ខ្មែរ-អាមេរិកាំង នឹង​ដឹក​នាំ​បាតុករ​ប្រមាណ​ពី ៣០០​នាក់​ទៅ ៥០០​នាក់ ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​គ្រោង​នឹង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​មេ​ដឹក​នាំ​អាមេរិក និង​អាស៊ាន នៅ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ខាង​មុខ​នេះ។

ប្រធាន​សម្ព័ន្ធ​មិត្ត​ខ្មែរ-អាមេរិកាំង លោក ទូច វិបុល បញ្ជាក់​កាល​ពី​ថ្ងៃ​ទី​៣០ មករា ថា ក្រុម​បាតុករ​ទទួល​បាន​ការ​អនុញ្ញាត​ច្បាប់​ពី​សមត្ថកិច្ច​ទីក្រុង​សាន់នីឡែន (Sunnyland) រដ្ឋ​កាលីហ្វ័រញ៉ា (California) រួច​ហើយ ដើម្បី​អាច​ធ្វើ​បាតុកម្ម​ក្បែរ​បរិវេណ​កិច្ច​ប្រជុំ​កំពូល​រៀបចំ​ឡើង​ដោយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) នៅ​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៦ កុម្ភៈ។ លោក​បន្ត​ថា គោល​បំណង​នៃ​បាតុកម្ម​នេះ ដើម្បី​ទាមទារ​ឲ្យ លោក ហ៊ុន សែន បញ្ឈប់​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ដើម្បី​ស្នើ​ឲ្យ លោក បារ៉ាក់ អូបាម៉ា ជំរុញ​ឲ្យ លោក ហ៊ុន សែន អនុវត្ត​លទ្ធិប្រជាធិបតេយ្យ។ សំណើ​របស់​សម្ព័ន្ធ​មិត្ត​ខ្មែរ-អាមេរិកាំង ក៏​ស្រប​ទៅ​នឹង​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ដែរ។

កាល​ពី​ថ្ងៃ​ទី​១៩ មករា អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ក៏​ស្នើ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ផ្ដោត​សំខាន់​លើ​បញ្ហា​សិទ្ធិ​មនុស្ស​ក្នុង​ឱកាស​កិច្ច​ប្រជុំ។ អង្គការ​នេះ​បញ្ជាក់​ថា មេ​ដឹក​នាំ​អាស៊ាន​មួយ​ចំនួន បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស ការ​ធ្វើ​រដ្ឋ​ប្រហារ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម។ អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ទទូច​ឲ្យ លោក បារ៉ាក់ អូបាម៉ា ត្រូវ​ជជែក​ជា​សាធារណៈ​នឹង​មេ​ដឹក​នាំ​អាស៊ាន​ទាំង​នោះ ដើម្បី​ឲ្យ​ដោះ​លែង​អ្នក​ទោស​នយោបាយ ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​នយោបាយ និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​នយោបាយ ក្នុង​នោះ លោក ហ៊ុន សែន គ្រប់គ្រង​អំណាច​អស់​រយៈពេល​ជាង ៣០​ឆ្នាំ ដោយ​ប្រើប្រាស់​អំពើ​ហិង្សា ការ​គំរាម​កំហែង និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​មន្ត្រី​បក្ស​ប្រឆាំង និង​អនុញ្ញាត​ឲ្យ​មាន​អំពើ​ពុក​រលួយ។

ទាក់ទង​គម្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​របស់ លោក ហ៊ុន សែន នេះ​ដែរ លោក ទូច វិបុល អះអាង​ថា បាតុកម្ម​រៀបចំ​ដោយ​ខ្មែរ-អាមេរិកាំង មិន​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ​ឡើយ។

គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​ចេញ​សេចក្តី​ប្រកាស​ថា ពុំ​មាន​គោលការណ៍ ឬ​ផែនការ​ឲ្យ​សមាជិក​សមាជិកា និង​អ្នក​គាំទ្រ​នៅ​សហរដ្ឋ​អាមេរិក (United State) និង​ប្រទេស​កាណាដា (Canada) រៀបចំ​ធ្វើ​បាតុកម្ម​ប្រឆាំង​ដំណើរ​ទស្សនកិច្ច​របស់ លោក ហ៊ុន សែន ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។