ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តបាត់ដំបង ​៖ ​​អ្នក​​រង​គ្រោះ​៣​នាក់​ ដែល​ត្រូវជា​ប្ដី​​ប្រពន្ធ​និង​កូនប្រុស ​​ជួប​ឧប្បត្តិហេតុ​ដ៏​រន្ធត់​មួយធ្លាក់​ចូល​ក្នុង​ឡ​ដុត​ធ្យូង​បណ្ដាល​ឲ្យ​បុរស​ជា​ប្ដី​ស្លាប់​យ៉ាង​អាណោច​អា​ធ័ម រីឯ​ស្ត្រី​​ជា​​ប្រពន្ធ ​និង​កូនប្រុស​ រង​របួសធ្ងន់​ ខណៈពេល​ព្យា​យាម​​ជួយ​ទាញ​ដៃ​ប្ដី​ ​ឪពុក ​ចេញពី​ក្នុង​ឡ​ដុត​ធ្យូង ដែល​មាន​រងើកភ្លើង​ដ៏​ក្រហមឆ្អិនឆ្អៅកាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣១ ​មក​រា នៅ​ចំណុច​​អូរ​ខ្វាត ស្ថិត​ក្នុងភូមិ​រស្មី​សង្ហា ឃុំ​រស្មី​សង្ហា ស្រុក​រតន​មណ្ឌល​ ។

​លោក ​រស់ លឹ​ម​សឺ​ន អធិការរង​ស្រុក​រតន​មណ្ឌល បាន​ឲ្យ​ដឹង​ថា ​​អ្នក​​រង​គ្រោះ​ទាំង​​៣​នាក់​ឪពុក​ម្ដាយ​និង​កូនប្រុស​ បាន​ជួប​គ្រោះ​អ​កុស​ល្យ​ដ៏​គួរ​ឲ្យ​រន្ធត់​បំផុត ដោយសារ​ធ្លាក់​ចូល​ក្នុង​ឡ​ដុត​ធ្យូង ដែល​មាន​រងើកភ្លើង​ក្រហមច្រាលនោះ ។  ​អ្នក​​រង​គ្រោះ​ទាំង​៣​នាក់​​បុរស​ជា​ប្ដី​ឈ្មោះ​ យូ​ន ស៊​ត អាយុ​៤៨​ឆ្នាំ​ (​ស្លាប់​) ​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ​ឆែម ដេត អាយុ​៤៥​ឆ្នាំ របួសធ្ងន់​ និង​កូនប្រុស​ឈ្មោះ​ យួន ចិ​ត្រា អាយុ​១៥​ឆ្នាំ របួសធ្ងន់​ ​​ទាំង​៣នាក់​​មានមុខ​រប​ជា​អ្នក​ដុត​ធ្យូង​លក់ រស់នៅ​ភូមិ ឃុំ​ខាងលើ ហើយ​នៅ​ព្រឹក​កើតហេតុ​ពួក​គាត់​បាន​នាំ​គ្នា​ទៅ​បើក​ឡ ដើម្បី​យក​ធ្យូង​លក់ តែ​អ​កុស​ល​ស្រាប់តែ​ជួប​គ្រោះថ្នាក់​តែ​ម្ដង​ ។

បើ​តាម​ការ​បំភ្លឺ​ពី​អ្នក​ភូមិ​ថា គ្រួសារ​ជន​រង​គ្រោះ​មានមុខ​រប​ដុត​ធ្យូង​លក់​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ ក្រៅពី​ធ្វើស្រែ​​ចម្ការ​​បន្តិច​ប​ន្ទូ​ច ​។ ​នៅ​ព្រឹក​កើតហេតុ​នោះ​ គឺ​ក្រុម​គ្រួសារ​​​​រង​គ្រោះ បាន​នាំ​គ្នា​ទៅ​បើក​ឡ ដើម្បី​យក​ធ្យូង​លក់ តែ​​ក្នុង​ឡធ្យូង​នៅ​មាន​ភ្លើង​នៅឡើយ​ ។ លុះ​ពេល​ទម្លុះ​គម្រប​បើក​ចេញ​ភ្លាម ស្រាប់តែ​ចំហេះ​ភ្លើង​ស្រូប​ទាញ​ប្ដី​ធ្លាក់​ចូល​ក្នុង​ឡ​ដែល​មាន​រងើកភ្លើង​ក្រហមឆ្អៅ​តែ​ម្ដង ​។  អ្នក​ភូមិ​បញ្ជាក់​ថា ភ្លាម​ៗ​នោះ​ប្រពន្ធ​និង​កូនប្រុស​បាន​ព្យាយាម​ចាប់​ទាញ​ដៃ​ប្ដី​-​ឪពុក​ឡើង​លើ​វិញ តែ​មិន​អាច​ជួយ​បាន​ដោយសារ​កម្លាំង​ចំហាយភ្លើង​ឈួល​ចេញ​មក​ក្រៅ​ខ្លាំង​ពេក ធ្វើ​ឲ្យ​ម្ដាយ​និង​កូន​ឆេះ​រលាក​ពេញ​ខ្លួន​ ទើប​មិន​អាច​ជួយ​ប្ដី​បាន​ ។ ជន​រង​គ្រោះ​បាន​ស្លាប់នៅ​ក្នុង​ឡធ្យូង​រហូត​អ្នក​ភូមិ​ជួយ​យក​ទឹក​ទៅ​ជះ​ពន្លត់ ទើប​អាច​យក​សព​ជន​រង​គ្រោះ​ចេញពី​ក្នុង​ឡធ្យូង​បាន ​។

នាយ​ប៉ុ​ស្ដ៏​នគរបាល​​​រស្មី​សង្ហា ​លោក ​ថា​ន ថេ​ន បាន​​ឱ្យ​ដឹង​​ថា ​​​​ក្រោយ​ពី​ទ​ទូល​បាន​ព័​ត៌មាន​​ដ៏​រន្ធត់នេះ​លោក​​ក៏​​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ជួយ​អន្តរា​គម​ន៏​ភ្លាម​ៗ​ដែរ​  ​ប៉ុន្តែ​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ រីឯ​ម្ដាយ​និង​កូនប្រុស​ដែល​ត្រូវ​ភ្លើង​ឆេះ​រលាក​ពេញ​ខ្លួន ​​ត្រូវ​បាន​បញ្ជូន​តាម​រថយន្ត​ទៅ​សង្គ្រោះ​នៅ​​​​មន្ទីរពេទ្យ​ខេត្ត​ភ្លាមៗ​ដែរ ​។ 

ដោយឡែក​ ​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​និង​អ្នក​ភូមិ​​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ក្រោម​ដំណក់ទឹកភ្នែក និង​ក្ដី​អាណិតអាសូរ​ពី​អ្នក​ភូមិ​គ្រប់​ៗ​គ្នា ​៕​