ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ជនអន្តោប្រវេសន៍​យ៉ាងតិច​៣៣​នាក់ ក្នុង​នោះ​មាន​កុមារ​ច្រើន​នាក់​បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​៣០ មក​រា ពេល​ពួក​គេ​ប៉ុនប៉ង​មក​កាន់​ប្រទេស​ក្រិ​ក​ចេញពី​ប្រទេស​តួ​ក​គី​មក ក្នុង​ការ​លិច​នាវា​ថ្មី​ដែល​បន្ថែម​លើ​សោកនាដកម្ម​ជា​បន្តបន្ទាប់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​នៅ​សមុទ្រ EGEE ។

មាន​ដើម​កំណើត​នៅ​ស៊ី​រី អា​ហ្វ​ហ្គា​នី​ស្ថាន និង​ភូមា ផង​ដែរ ពួក​អ្នក​ទាំងនេះ​ប៉ុនប៉ង​ធ្វើ​ដំណើរ​ផ្សងព្រេង​មក​កាន់​កោះ LESBOS របស់​ក្រិ​កមក​ពី​ខេត្ត CANAKKALE របស់​តួ​ក​គី ។ កង​ឆ្មាំ​ឆ្នេរសមុទ្រ​តួ​ក​គី​រៀបរាប់​ថា មនុស្ស​យ៉ាងតិច​៣៣​នាក់​ស្លាប់ ហើយ​មនុស្ស​៧៥​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ ។

អ្នក​ថតរូប​របស់ AFP ម្នាក់​បានឃើញ​សាកសព​ជនអន្តោប្រវេសន៍​ប្រមាណ​ជា​២០​នាក់ ក្នុង​នោះ​មាន​កុមារ​ច្រើន​នាក់ នៅ​លើ​មាត់ច្រាំង​សមុទ្រ​ជិត​ទីក្រុង AYYACIK ។ អ្នក​នៅ​រស់រាន​មានជីវិត​ម្នាក់​និយាយ​ទាំង​យំ​ផង​ប្រាប់ AFP ថា យើង​មានការ​ក្តុកក្តួល​ខ្លាំង​ណាស់​ដោយ​មិត្តភក្តិ​យើង​យ៉ាងតិច​២០​នាក់​បាត់​ខ្លួន ។

ពួក​ជនអន្តោប្រវេសន៍​ដែល​ត្រូវ​បាន​សង្គ្រោះ​ភាគច្រើន​ជានា​រី និង​កុមារ ។ នាវា​ដែល​ពួក​គេ​ជិះ​បាន​លិច​នៅ​កន្លែង​មួយ​ចម្ងាយ​ប្រមាណ​ជា​៥០​ម៉ែត្រ​ពី​ឆ្នេរសមុទ្រ​តួ​ក​គី ហើយ​អាវ​ពោង ព្រមទាំង​របស់របរ​ផ្ទាល់ខ្លួន​របស់​ពួក​អន្តោប្រវេសន៍​ដែល​លង់ទឹក​ស្លាប់ ឃើញ​នៅ​លើ​ឆ្នេរ​ខ្សាច់​ជាប់មាត់​សមុទ្រ ។

កាលពី​ថ្ងៃ​ទី​២៨ មក​រា កន្លង​មកនេះ ជនអន្តោប្រវេសន៍​២៤​នាក់ ក្នុង​នោះ​មាន​កុមារ​១០​នាក់​បាន​លង់ទឹក​ស្លាប់​ក្នុង​ដែនទឹក​កោះ SAMOS របស់​ក្រិ​ក ។ រួច​មុន​នេះ មនុស្ស​៧​នាក់​ក្នុង​នោះ​មាន​កុមារ​២​នាក់​ស្លាប់​ក្នុង​ដែនទឹក​កោះ KOS ។ កាលពី​ស​ប្តា​ហ៍​មុន ជនអន្តោប្រវេសន៍​៤៥​នាក់ ស្លាប់​ក្នុង​ការ​លិច​នាវា​៣​គ្រឿងក្នុង​តំបន់​ដដែល​នេះ ។

ទោះបីជា​មាន​ធាតុអាកាស​ត្រជាក់​ខ្លាំង​បំផុត​នា​រដូវរងា ព្រមទាំង​ការ​រឹតត្បិត​នានា​ដោយ​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​ក្តី នៅ​តែ​មាន​ពួក​អន្តោប្រវេសន៍​បន្ត​ផ្សងព្រេង​កាត់​សមុទ្រ​មក​អឺរ៉ុប​ដែរ ក្នុង​ខែមករា​នេះ ៕