ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

អូតង់ និង​ប្រទេស​តួ​ក​គី​ជា​សមាជិក​ប្លុក​យោធា​នេះ កាលពី​ថ្ងៃ​ទី​៣០ មក​រា បាន​ចោទប្រកាន់​យ៉ាង​ម៉ឺងម៉ាត់​ការ​រំលោភ​បំពាន​ថ្មី​មួយទៀត នា​ពេល​មុន​នេះ​នូវ​ដែនអាកាស​តួ​ក​គី ដោយ​យន្តហោះ​រុ​ស្ស៊ី​មួយ​គ្រឿង ។

ប្រធានាធិបតី​តួ​ក​គី​លោក​តៃ​យី​ប អ័​រ​ដូ​ហ្គា​ន បាន​ព្រមាន​រុ​ុ​ស្ស៊ី​ពី​ផលវិបាក​នានា​នៃ​អំពើ​ខ្វះ​ការ​ទទួលខុសត្រូវ​ទាំងនេះ ។ ការ​ព្រមាន​នោះ​ធ្វើ​ឡើង​២​ខែ បន្ទាប់​ពី​យន្តហោះ​ទម្លាក់​គ្រាប់បែក​រុ​ស្ស៊ី​មួយ​គ្រឿង​ត្រូវ​កង​យន្តហោះ​តួ​ក​គី​បាញ់​ធ្លាក់​កាលពី​ដំណាច់ខែ​វិច្ឆិកា ពីលើ​ព្រំដែន​ស៊ី​រី ដែល​ញ៉ាំង​ឱ្យ​មាន​វិបត្តិ​ការទូត​ធ្ងន់ធ្ងរ​រវាង​ក្រុង​មូ​ស្គូ និង​ក្រុង​អង់កា​រ៉ា ។ នៅ​ព្រ​លាន​យន្តហោះ​ក្រុង​អីុ​ស្តង់​ប៊ុល លោក​អ័​រ​ដូ​ហ្គា​ន ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា រុ​ស្ស៊ី​ត្រូវ​ទទួលខុសត្រូវ​លើ​បណ្តា​ផលវិបាក​ប្រសិនបើ​ខ្លួន​បន្ត​ការ​រំលោភ​បំពាន​បែប​នេះ ប្រឆាំង​សិទ្ធិ​អធិបតេយ្យភាព​របស់​តួ​ក​គី ។ អំពើ​ខ្វះ​ការ​ទទួលខុសត្រូវ​បែប​នេះ​ពុំ​ផ្តល់​ប្រយោជន៍​ទាំង​ចំពោះ​រុ​ស្ស៊ី ទាំង​ចំពោះ​ទំនាក់ទំនង​រវាង​អូតង់ និង​រុ​ស្ស៊ី ព្រមទាំង​ចំពោះ​សន្តិភាព​ក្នុង​តំបន់ ឬ​ជា​សាកល ។

ក្រុង​អង់កា​រ៉ា​កាលពី​ថ្ងៃ​ទី​២៩ មក​រា បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​រុ​ស្ស៊ី លោក​អាន​ដ្រេ​យ កា​ឡូ​វ ដើម្បី​ប្រគល់​ជូន​ការ​ថ្កោលទោស​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​ការ​រំលោភ​បំពាន​ថ្មី​លើ​ដែនអាកាស​របស់​ខ្លួន​ដោយ​យន្តហោះ​រុ​ស្ស៊ី​មួយ​គ្រឿង ។

ក្នុង​សេចក្តី​ប្រកាស​មួយ​ក្រសួងការបរទេស​តួ​ក​គី​អះអាង​ថា យន្តហោះ​ធុន SU-34 មួយ​គ្រឿង​របស់​រុ​ស្ស៊ី​បាន​រំលោភ​បំពាន​ដែនអាកាស​តួ​ក​គី​នា​វេលា​ម៉ោង​១១​និង​៤៦​នាទី​ម៉ោង​ក្នុងស្រុក ។

ចំណែក​អង្គការ​អូតង់​ភ្លាម​ៗ​ធ្វើ​តាម​តួ​ក​គី ដោយ​អះអាង​នា​ថ្ងៃ​ទី​៣០ មក​រា ថា ក្រុង​មូ​ស្គូ​ត្រូវ​គោរព​ឱ្យ​បាន​ពេញលេញ​នូវ​ដែនអាកាស​របស់​ខ្លួន ។ ក្នុង​សេចក្តី​ប្រកាស​មួយ​នាទី​ក្រុង​ព្រុ​ច​សែ​ល​អគ្គលេខាធិការ​អូតង់ លោក JENS STOLTENBERG និយាយ​ថា ខ្ញុំ​អំពាវនាវ​ដល់​រុ​ស្ស៊ី ឱ្យធ្វើ​សកម្មភាព​ប្រកបដោយ​ការ​ទទួលខុសត្រូវ ហើយ​គោរព​ឱ្យ​បាន​ពេញលេញ​នូវ​ដែនអាកាស​អូតង់ ។ លោក​បន្ត​ថា រុ​ស្ស៊ី​ត្រូវ​ចាត់​រាល់​វិធានការ​ចាំបាច់​ដើម្បី​ធានា​ថា ការ​រំលោភ​បំពាន​បែប​នេះ​លែង​មាន​ទៀត ៕