ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ប្រមុខ​ការទូត​អង់គ្លេស លោក PHILIP HAMMOND កាលពី​ថ្ងៃ​ទី​៣០ មក​រា បាន​ស្វាគមន៍​ចំពោះ​ការ​ចូលរួម​របស់​បណ្តា​តំណាង​ពួក​ប្រឆាំង​ស៊ី​រី ក្នុង​ការ​ចរចា​សន្តិភាព​ក្រុង​ហ្សឺ​ណែវ​ជាមួយ​រដ្ឋាភិបាល​ស៊ី​រី ។

តំណាង​របស់​ក្រុម​នេះ​មាន​សមាជិក​១៧​រូប កាលពី​ថ្ងៃ​ទី​៣០ មក​រា បាន​ចាក​ចេញពី​ទីក្រុង​រី​យ៉ា​ដ ទៅ​កាន់​ប្រទេស​ស្វ៊ី​ស បន្ទាប់​ពី​ការ​បដិសេធ​មិន​ទៅ​ចូលរួម​ក្នុង​ការ​ចរចា​នេះ​ក្រោម​ការ​ឧបត្ថម្ភ​របស់ អ​.​ស​.​ប មក ។

លោក HAMMOND មាន​ប្រសាសន៍​ថា ខ្ញុំ​សម្តែង​ការ​អបអរសាទរ​ចំពោះ​ការ​សម្រេចចិត្ត​ដ៏​លំបាក​របស់​គណៈកម្មាធិការ​ជាន់ខ្ពស់​ចូលរួម​ការ​ចរចា HCN របស់់​ពួក​ប្រឆាំង​ស៊ី​រី​ក្នុង​ការ​ចរចា​ក្រុង​ហ្សឺ​ណែវ​តាម​ការ​អញ្ជើញ​របស់​បេសកជន​ពិសេស អ​.​ស​.​ប លោក STAFFAN DE MISTURA ។ ចក្រភព​អង់គ្លេស​គាំទ្រ​ដំណើរការ​នេះ ហើយ​អំពាវនាវ​ឱ្យ​មានការ​បើក​ច្រក​ដោយ​សេរី និង​គ្មាន​ការ​រឹតត្បិត​ដើម្បី​បញ្ជូន​ជំនួយ​មនុស្សធម៌​ទៅ​កាន់​គ្រប់​ទីកន្លែង​នៃ​ប្រទេស​ស៊ី​រី ព្រមទាំង​ឱ្យ​បញ្ឈប់​រាល់​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ដូច​មាន​គូសបញ្ជាក់​ក្នុង​ដំណោះស្រាយ​លេខ​២២៥៤ របស់​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ។

លោក​បន្ត​ថា ជា​អ្នកគាំទ្រ​ចំពោះ​ដំណោះស្រាយ​នយោបាយ​មួយ​នៃ​សង្គ្រាមស៊ីវិល​នៅ​ស៊ី​រី​អង់គ្លេស​ចង់ឱ្យ​បណ្តា​ភាគី​ចូលរួម​ដោយ​សុទ្ធចិត្ត​ក្នុង​ការ​ចរចា ដើម្បី​នាំ​មក​សន្តិភាព​ជូន​ប្រជាជន​ស៊ី​រី ។

ការ​ចរចា​នេះ​បើក​ធ្វើ​កាលពី​ថ្ងៃ​ទី​២៩ មក​រា នៅ​វិមាន អ​.​ស​.​ប ក្រុង​ហ្សឺ​ណែវ ។

ប្រទេស​រុ​ស្ស៊ី​កាលពី​ថ្ងៃ​ទី​២៩ មក​រា អំពាវនាវ​ដល់​គ្រប់​ភាគី​ទាន់​ទិន​ឱ្យ​បោះបង់​ចោល​បណ្តា​លក្ខខណ្ឌ​ជា​មុន​សម្រាប់​ដោះស្រាយ​វិបត្តិ​ស៊ី​រី ដើម្បី​ឈាន​ទៅ​សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ ធ្វើ​ឱ្យ​មាន​សន្តិភាព​ក្នុង​ប្រទេស​ដែល​រង​ការ​ខ្ទេចខ្ទាំ​ដោយ​សង្គ្រាម​ខ្លោចផ្សារ​នេះ ។ អ្នកនាំពាក្យ​ក្រសួងការបរទេស​រុ​ស្ស៊ី លោកស្រី​ម៉ា​រី​យ៉ា ហ្សា​ខា​រ៉ូ​វ៉ា ថ្លែង​ថា ការ​ចរចា​អន្តរ​ស៊ី​រី ជា​ដំណាក់កាល​សំខាន់​បំផុត​មួយ និង​ជា​របត់​មួយ ដើម្បី​ឱ្យ​សម្រេច​បាន​ដំណោះស្រាយ​នយោបាយ​មួយ ៕