ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជធានី​ភ្នំពេញ ៖ ដូច​ទស្សនៈ​អា​ឡេវ​ចេញផ្សាយ​ពីរ​លេខ​ជាប់​គ្នា​ថា​មិន​ខុស​មែន​ពី​រឿង​រដូវ​ចោរ​រីក​ដូច​ផ្សិត ។ ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​នេះ​ចោរលួច​ចោរប្លន់​កើត​មាន​ព្រោងព្រាត​បង្ក​អសន្តិសុខ​សង្គម អាជីវករ​លក់ដូរ និង​ប្រជាពលរដ្ឋ​រស់នៅ​ទាំង​ភ័យ​ខ្លាច ។ ដូច​ករណី​ចោរកម្ម​បង្ក​ឱ្យ​កក្រើក​ព្រែក​ប្រា​បន្ទាប់​ពី​ចោរ​មួយ​ក្រុម​ចូល​ធ្វើ​សកម្មភាព​ហែក​បង្អួច​ទាំង​កណ្តាល​ថ្ងៃ​ចូល​រើ​កកាយ​យក​គ្រឿងអលង្ការ​មាន​តម្លៃ​អស់រលីង​កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​១២​រសៀល ថ្ងៃ​ទី​២៩ មក​រា ស្ថិត​នៅ​ក្នុងភូមិ​អូរ​អណ្តូង សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ ខណៈ​ម្ចាស់ផ្ទះ​ចាក់សោ​ចោល​ហើយ​ចេញ​ទៅ​លក់ដូរ​នៅ​អូ​ឡាំ​ពិ​ក ។

បើ​តាម​ម្ចាស់ផ្ទះ​ដែល​គេ​ដឹង​ថា​ជា​គ្រូពេទ្យ​នោះ​បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​កោះសន្តិភាព​ឱ្យ​ដឹង​ថា បើ​តាម​ការ​វាយតម្លៃ​របស់​គាត់ ក្រុម​ចោរ​មាន​គ្នា​យ៉ា​ង​តិច​៣​នាក់​បាន​ធ្វើ​សកម្មភាព​គាស់​ចម្រឹង​បង្អួច​ចូល​ទៅ​រើ​កកាយ​តាម​បន្ទប់​គ្មាន​សល់​បន្ទប់់​ណា​ទេ ទាញ​អី​វា​៉ា​ន់រាយ​ប៉ាយ​ពេញ​ផ្ទះ​ដោយ​សេរី ។ ម្ចាស់ផ្ទះ​បាន​ប្រាប់​ទៀត​ថា ផ្ទះ​គាត់​កម្ពស់​១​ជាន់​កន្លះ​មាន​ប្រាំ​បន្ទប់ ហើយ​តាម​បន្ទប់​នីមួយ​ៗ​ប្រដាប់​ទៅ​ដោយ​សោ​យា​៉​ង​រឹង​មាំ និង​នៅ​ក្នុង​បន្ទប់​សុទ្ធតែ​មាន​ទូ​ចាក់សោ​យា​៉​ង​ប្រុង​ប្រយ័ត្ន ។ ប៉ុន្តែ​ទីបំផុត​ទាំង​ទ្វារ​បន្ទប់ និង​ទ្វារ​ទូ​ត្រូវ​ចោរ​គាស់​របើក​អស់​គ្មាន​សល់ ។ រីឯ​អី​វ៉ា​ន់​នៅ​ក្នុង​ទូ​ទាំង​ប៉ុន្មាន​ក៏​ត្រូវ​ក្រុម​ចោរ​រើ​កកាយ​ទាញ​ទម្លាក់​មក​លើ​ឥដ្ឋរ​ប៉ាត់​របា​៉​យ​ខ្ចាត់ខ្ចាយ ។ ម្ចាស់ផ្ទះ​ដដែល​បាន​សន្និដ្ឋាន​ថា ក្រុម​ចោរ​ដែល​ចូល​ធ្វើ​សកម្មភាព​ល្អិតល្អន់​បែប​នេះ​ប្រើ​រយៈពេល​មិន​ក្រោម​២​មោ​៉​ង​ឡើយ ហើយ​ទ្រព្យសម្បត្តិ​ដែល​បាត់បង់​មាន​ប្រាក់​មួយ​ចំនួន គ្រឿងអលង្ការ​ទាំងអស់ បូក​រួម​ទាំង​វត្ថុ​មាន​តម្លៃ​មួយ​ចំនួន​ផង សរុប​ទឹកប្រាក់​ជិត​២​ម៉ឺន​ដុល្លារ ។ លើស​ពី​នេះ​ទៀត គឺ​ប្លង់​ដី និង​ឯកសារ​ពាក់ព័ន្ធ​មួយ​ចំនួន​ត្រូវ​ក្រុម​ចោរ​ហែក​ខ្ទេចខ្ទី ។ ប៉ុន្តែ​លោក​ថា ដូច​ជា​សំណាង​បន្តិច​ដែរ ចោរ​មិន​ហែក​ប្លង់​ផ្ទះ​ចោល កុំ​អី​ត្រូវ​ជួប​ការ​លំបាក​មែនទែន​ហើយ ។

ជុំវិញ​ករណី​ចោរ​ហែក​បង្អួច​ចូល​លួច​ទាំង​កណ្ដាល​ថ្ងៃនេះ ម្ចាស់ផ្ទះ​បាន​វាយតម្លៃ​ថា ក្រុម​ចោរ​មាន​គ្នា​យ៉ាងតិច​បី​នាក់​ទើប​អាច​ចូល​ធ្វើ​សកម្មភាព​បែប​ទ្រង់ទ្រាយ​ធំ​នេះ​បាន ។ ដោយ​ក្រុម​ចោរ​បាន​ចូល​ពី​ចំហៀង​ខាងលិច​ផ្ទះ​ជា​ដី​មានព្រៃ​ដុះ​ស៊ុបទ្រុប​ផ្ដល់​អំណោយផល​ល្អ​សម្រាប់​ចោរ​លាក់ខ្លួន ។ ក្រុម​នេះ​បាន​ហែក​របង​លួស​ផ្លោះ​ចូល​រួច​គាស់​ចម្រឹង​បង្អួច​ចូល​ទៅ​ក្នុងផ្ទះ​ធ្វើ​សកម្មភាព​រើ​កកាយ​ពេញទំហឹង​តែ​ម្ដង ។

ជុំវិញ​ករណី​ចោរ​ហែក​បង្អួច​ចូល​ធ្វើ​សកម្មភាព​ទាំង​កណ្តាល​ថ្ងៃនេះ តាម​របាយការណ៍​របស់​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជា​រៀង​រាល់​ព្រឹក​ប្រហែល​ម៉ោង​៧ ម្ចាស់ផ្ទះ​តែង​ចាក់សោ​ផ្ទះ ហើយ​ចេញ​ទៅ​លក់​ថ្នាំពេទ្យ​នៅ​ម្តុំ​ផ្សារ​អូ​ឡាំ​ពិ​ករ​ហូត​ដល់​មោ​៉​ង​៧​ទៅ​៨​យប់​ទើប​ត្រឡប់​មក​ផ្ទះ​វិញ ។ នៅ​ថ្ងៃ​កើតហេតុ​នោះ​ក៏​មិន​ខុស​ពី​ពេល​សព្វ​ដែរ ខណៈ​គាត់​កំពុង​បើករថយន្ត​ត្រឡប់​មក​ផ្ទះ​វិញ​ដល់​ពាក់​កណ្តាលផ្លូវ​ស្រាប់តែ​កូន​ដែល​មក​ដល់​ផ្ទះ​មុន​បាន​ទូរស័ព្ទ​មក​ប្រាប់​ថា ចោរ​ចូល​គាស់​ផ្ទះ​យក​មាសប្រាក់​អស់ហើយ ធ្វើ​ឱ្យ​គាត់​ស្រងាក់ចិត្ត​តក់ស្លុត​យា​៉​ង​ខ្លាំង តែ​ខំព្យាយាម​បើករថយន្ត​សំដៅ​មក​ផ្ទះ ។ ពេល​ទៅ​ដល់​ផ្ទះ​ក៏​ស្ទុះ​រត់​ចូល​ទៅ​ឃើញ​អី​វា​៉​ន់រាយ​ប៉ាយ និង​បាត់​អស់​វត្ថុ​មាន​តម្លៃ​ធ្វើ​ឱ្យ​គាត់​ស្លុតចិត្ត​កាន់តែ​ខ្លាំង​រក​វាចា​អ្វី​នឹង​ថ្លែង​មិន​បាន ។

របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា ទ្រព្យសម្បត្តិ​ដែល​បាត់បង់​ទៅ​នោះ​រួម​មាន​គ្រឿងអលង្ការ​សរុប​ជា​ទឹកប្រាក់​១៥០០០​ដុល្លារ​, ប្រាក់​ដុល្លារ​ចំនួន​២០០​ដុល្លារ​, ប្រាក់​រៀល​២​លាន​រៀល​, ទូរស័ព្ទ​អាយ​ហ្វូ​ន​៣​គ្រឿង និង​កុំព្យូទ័រ​១​គ្រឿង ។

ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ មាន​មតិ​លើក​ឡើង​ក្រៅផ្លូវការ​ថា បានជា​ក្រុម​ចោរ​ទាំងនេះ​ព្រហើន​ហា​៊​ន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ចូល​លួច​ទាំង​កណ្ដាល​ថ្ងៃ​បែប​នេះ ទំនងជា​ក្រុម​នេះ​មាន​អាវុធ​ការពារ​គ្រប់​ដៃ ហើយ​ប្រសិនបើ​ពេល​កំពុង​ធ្វើ​សកម្មភាព​នេះ ម្ចាស់ផ្ទះ​មក​ទាន់​នឹង​អាច​មានការ​បង្ហូរឈាម​ក៏​ថា​បាន មាន​ន័យ​ថា ក្រុម​នេះ​មិន​អាច​រត់​ចេញ​ទៅ​វិញ​ដោយ​ដៃទទេ​ព្រោះតែ​ភ័យ​ខ្លាច​ម្ចាស់ផ្ទះ​នោះ​ឡើយ ។

គួរ​កត់​សម្គាល់ថា ប៉ុន្មាន​ថ្ងៃ​ជាប់​ៗ​គ្នា​នេះ ក្រុម​ចោរប្លន់ ចោរលួច បាន​ចេញ​ធ្វើ​សកម្មភាព​យា​៉​ង​កក្រើក​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ពិសេស​នៅ​រាជធានី​ភ្នំពេញ រីឯ​ចំណាត់ការ​របស់​សមត្ថកិច្ច​មិន​ទាន់​មានការ​ចាប់ខ្លួន​ក្រុម​នេះ​ណា​ម្នាក់​យក​មក​ផ្តន្ទាទោស​នៅឡើយ​ទេ ។ ដោយសារ​តែ​អសមត្ថភាព​បង្ក្រាប​ចោរកម្ម​នេះ ក៏​មានការ​ដក​តំណែង​អធិការ​ស្រុក​កំ​រៀង​ចេញ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ មក​រា បន្ទាប់​ពី​ក្រុម​ចោរ​ប្រដាប់​ដោយ​អាវុធ​វែង​ខ្លី​ចូល​ប្លន់​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​បាន​មួយ​ថ្ងៃ ។ ការ​ដក​តំណែង​អធិការ​ស្រុក​កំ​រៀង​នេះ ក៏​ជា​ការ​ព្រមាន​ដល់​អាជ្ញាធរ​គ្រប់គ្រង​ដែនដី​របស់​ខ្លួន​ដទៃ​ៗ​ទៀត​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន និង​បង្កើន​ការ​ចុះ​ល្បាត​ការពារ​សុវត្ថិភាព​ប្រជាពលរដ្ឋ​បន្ថែម​ទៀត ។

ទោះ​ជាយ៉ា​ង​ណា​ក៏​ដោយ ចំពោះ​ករណី​ចោរ​ចូល​គាស់​ផ្ទះ​គ្រូពេទ្យ​នៅ​ព្រែក​ប្រា​ទាំង​កណ្តាល​ថ្ងៃនេះ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​យ៉ាង​ដុតដៃដុតជើង​ហើយ ៕