ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ប៉ៃលិន ៖ ​ជាងផ្សារ​ដែក​ម្នាក់ ត្រូវ​​ខ្សែ​ភ្លើង​ឆក់​ធ្លាក់​ពីលើ​ផ្ទះថ្ម​​កម្ពស់​​៤​ម៉ែត្រ ​បណ្តាល​ឱ្យ​របួស​ធ្ងន់​សន្លប់​នៅ​នឹង​កន្លែង ហើយ​ត្រូវ​គ្រូ​ពេទ្យ​កាត់​កដៃ​ស្តាំ​ម្ខាង​ចោល ខណៈ​​ឡើង​ផ្សារ​ដែក​ឱ្យ​​គេ​ ​ពេល​លើក​ដែក​បម្រុងយក​ទៅ​ផ្សារ​ក៏​ទាក់​​ខ្សែ​ភ្លើង​​បណ្តាល​ឱ្យ​ឆក់​តែ​ម្តង ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្តសៀមរាប​ បាន​រយៈពេល​២០​ថ្ងៃ ក៏​សុំ​គ្រូពេទ្យ​មក​ព្យាបាល​នៅ​ស្រុក​កំណើត​​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ។

​យុវ​​ជន​រង​គ្រោះ​​ឈ្មោះ ណា​ក់ ស្នា ​អាយុ​២៤​ឆ្នាំ ជា​ជាង​ផ្សារ​ដែក​​​របួសធ្ងន់​ដាច់ដៃស្តាំ និង​របួស​ជើង​ទាំង​សងខាង រស់នៅ​ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ​។

សូម​បញ្ជាក់​​​​ថា ជន​រង​គ្រោះ​ត្រូវ​ខ្សែភ្លើង​ឆក់​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៦ ​កន្លង​ទៅ ស្ថិត​នៅ​ក្រុង​សៀមរាប លុះដល់​ថ្ងៃ​ទី​៣០ ខែមករា ទើប​បន្ត​មក​សម្រាក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ។ លោកគ្រូ​ពេទ្យ​បង្ហើប​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ត្រូវ​ខ្សែភ្លើង​ឆក់​របួស​ធ្ងន់ធ្ងរ ត្រូវការសម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រយៈពេល​យូរ​ថែម​ទៀត ទើប​អាច​ជា​សះស្បើយ​ឡើង​វិញ ៕