លោក មាស នី ៖ទំនាស់រវាង នរោត្តម រណឫទ្ធិ និង លោក ញឹក ប៊ុនឆៃ ឈានដល់​បែកបាក់​បក្ស​

ភ្នំពេញ៖ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន គណបក្សហ៊្វុនស៊ីនប៉ិច បានលើកសុភាសិតមួយឃ្លាថា «កុំទទួលទានបាយហើយបោកឆ្នាំងចោល» បន្ទូលសម្តេចក្រុមព្រះ ស្របពេលដែលព្រះអង្គ មានជំលោះ ពាក្យសំដី ជាមួយលោកញឹក ប៊ុនឆៃ ព្រះអង្គមិនបាននិយាយចំឈ្មោះថា អោយលោក ញឹក ប៊ុនឆៃទេ តែគេដឹងថា ព្រះអង្គចង់សំដៅលើ លោកញឹក ប៊ុនឆៃ   ក្រោយប្រជុំនៅព្រឹក ថ្ងៃទី៣០ ខែមករា លើប្រធានបទ ពិភាក្សា ការងារ ជាមួយថ្នាក់ដឹកនាំ គណបក្សហ៊្វុនស៊ិនប៉ិច រាជធានី ភ្នំពេញ និងសកម្មជនមូលដ្ឋាន នាភោជនីយដ្ឋានទន្លេបាសាក់២ ខណ្ឌចំការមន ។

លោក មាស នី អ្នកវិភាគឯករាជ្យបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ ថារឿងបង្កប់មួយដែលធ្វើឲ្យ ទំនាក់ទំនង មិនសូវបានល្អ រវាងសម្តេចក្រុមព្រះ ហើយនិងលោក ញឹក ប៊ុនឆៃ គឺថា «និស្ស័យជារាជវង្ស ការសម្រេចចិត្ត មិនគិតខ្វល់ខ្វាយសុំយោបល់ ពីអ្នកខាងក្រោម ប៉ុន្មាននោះទេ  ហើយខ្ញុំគិតថាក្នុងទំនាក់ទំនងបែបហ្នឹង អ្នកនៅខាងក្រោម បើសម្រេចហើយមិនតវ៉ានោះទេ ម៉េចជាមករអ៊ូនៅខាងក្រៅ នេះយើងនិយាយពីប្រពៃណី» ។

អ្នកវិភាគឯករាជខាងលើ បានបន្តថា «ខ្ញុំគិតថាបើសិនជាគំនាមអំណាច ប្រពៃណី ឋានៈទាំងពីរមិនបានយល់ទេ  ហើយសម្តេចក្រុមព្រះ ព្រអង្គនៅគិតថា ព្រះអង្គជារាជវង្ស  ហើយលោក ញឹក ប៊ុនឆៃ ជារាស្ត្រធម្មតា ដែលត្រូវតែស្តាប់ ក្នុងចិត្តនឹងបែកបាក់គ្នាដោយជៀសមិនរួច» ។ លោកបានបន្ថែមទៀតថា «បើមិនបានបែកបាក់គ្នានោះទេ ទំនាស់ហ្នឹងគេហៅថាជាដុំភ្លើងមួយ ហើយធ្វើឲ្យគណបក្សហ្នឹងគ្មានពេលទៅឃោសនាឲ្យគេជឿ ឈានទៅរកការគាំទ្រ ស្វែងរកសន្លឹកឆ្នោតនៅអាណត្តិបោះឆ្នោតខាងមុខ» ៕