អ្នក​នេសាទ​នៅ​ខេត្ត​កំពង់ឆ្នាំង​ថា​បទល្មើស​នេសាទ​កើន​មាន​ច្រើន​នៅ​ស្រុក​កំពង់ត្រឡាច

បទល្មើស​នេសាទ​ដោយ​ប្រើ​កម្លាំង​ទូក​ម៉ាស៊ីន កំពុង​កើត​មាន​ច្រើន​នៅ​តាម​ភូមិ​មួយ​ចំនួន​នៃ​ឃុំ​អំពិលទឹក ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង។ ក្រុម​ពលរដ្ឋ និង​តំណាង​បណ្ដាញ​អ្នក​នេសាទ​បឹង​ទន្លេសាប ឲ្យ​ដឹង​ថា សកម្មភាព​ល្មើស​នេះ​កើត​មាន​តាំង​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា ឆ្នាំ​២០១៥ រហូត​មក​ដល់​បច្ចុប្បន្ន ខាង​សមត្ថកិច្ច​ជំនាញ​ទប់ស្កាត់​មិន​បាន។

ក្រុម​អ្នក​ភូមិ​នៃ​ឃុំ​អំពិលទឹក ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ ខែ​មករា ថា ការ​រស់នៅ​របស់​អ្នក​ភូមិ​បែកចាន ភូមិ​ក្អែកពង ភូមិ​ស្ទឹងស្ងួត និង​ភូមិ​ឪម៉ាល់ កំពុង​រំខាន​ដោយ​សំឡេង​ទូក​ម៉ាស៊ីន​ធ្វើ​សកម្មភាព​ចាប់​ត្រី​ល្មើស​ច្បាប់​ជា​រៀង​រាល់​យប់ ចាប់​ពី​ម៉ោង ៣ ដល់​ម៉ោង​ជាង ៤​ទៀប​ភ្លឺ។ ទីតាំង​ប្រព្រឹត្ត​បទល្មើស​ច្រើន​ជាង​គេ គឺ​នៅ​តាម​បណ្ដោយ​ដង​ទន្លេ ចាប់​ពី​ចំណុច​ព្រែក​ស្ទឹងស្ងួត រហូត​ដល់​ចំណុច​មុខ​សាលា​រៀន​នៃ​ភូមិ​ឪម៉ាល់។

ពលរដ្ឋ​ម្នាក់​ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​មាន​មុខ​របរ​រាយ​មង និង​ចង​សន្ទូច ឲ្យ​ដឹង​ថា ជន​ល្មើស​មាន​ទាំង​ជនជាតិ​វៀតណាម ចាម និង​ខ្មែរ ភាគ​ច្រើន​ចេញ​មក​ពី​ឃុំ​កំពង់ហ្លួង ស្រុក​ពញាឮ ខេត្ត​កណ្ដាល បាន​បើក​ទូក​ម៉ាស៊ីន​អូស​ចៃរ៉ា​យ៉ាង​តិច ​៧​គ្រឿង និង​រុញ​ជន​យ៉ាង​តិច​ពីរ​គ្រឿង​ក្នុង​មួយ​យប់ៗ។ លោក​ថា ការ​នេសាទ​ខុស​ច្បាប់​នេះ បាន​បង្ក​ឲ្យ​ដាច់​មង និង​សន្ទូច​អ្នក​ភូមិ​គ្រប់​គ្នា៖ «សូម​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ មាន​វិធានការ​បញ្ឈប់​មុខ​របរ​នេសាទ​ដោយ​គ្រឿង​ម៉ាស៊ីន​នេះ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​រក​បាន​ចិញ្ចឹម​ឆ្នាំង​ផង ហើយ​យប់​ឡើង​អត់​បាន​ដេក​ទេ ក្ដុងក្ដាំង​រហូត។ អ៊ីចឹង​ប៉ះពាល់​ប្រយោជន៍​ប្រជាពលរដ្ឋ​ក៏​ច្រើន»

ឧបករណ៍​នេសាទ​គ្រប់​ប្រភេទ​ដែល​ប្រើ​កម្លាំង​ម៉ាស៊ីន គឺ​ជា​បទល្មើស។ ចៃរ៉ា គឺ​ជា​ប្រភេទ​ឧបករណ៍​ម្យ៉ាង​ប្រើ​សាច់​សំណាញ់​ដែល​មាន​ជើង​សម្រុង ៤ ទៅ ៥​ម៉ែត្រ ហើយ​មុខ​កាត់​ភ្ជាប់​នឹង​ច្រវាក់​ចន្លោះ​ពី ១៥ ទៅ ២០​ម៉ែត្រ ដើម្បី​អូស​ដោយ​កម្លាំង​ម៉ាស៊ីន​នៅ​ក្នុង​ទឹក​ជ្រៅៗ។ រីឯ​ជន​វិញ គឺ​ជា​ឧបករណ៍​ម្យ៉ាង​ប្រើ​សាច់​សំណាញ់​ក្រឡា​ល្អិត ឬ​ធំ ដូច​គ្នា​នឹង​ចៃរ៉ា​ដែរ ប៉ុន្តែ​វា​ជា​ឧបករណ៍​សម្រាប់​រុញ​មាន​មុខ​កាត់​ប្រហែល ១០​ម៉ែត្រ ហើយ​ឧបករណ៍​ទាំង​នេះ មាន​លទ្ធភាព​ចាប់​ត្រី​បាន​ច្រើន​រាប់​រយ​ដង​ពី​ការ​ប្រើ​សំណាញ់ ឬ​សន្ទូច​ដែល​ប្រើ​កម្លាំង​មនុស្ស។

ទាក់ទង​បញ្ហា​នេះ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង លោក សោម ភិរុណ បដិសេធ​មិន​អត្ថាធិប្បាយ​អ្វី​ឡើយ ដោយ​លោក​ប្រាប់​ថា កំពុង​ជាប់​ប្រជុំ។

មេ​ឃុំ​អំពិលទឹក លោក ហេង ចំរើន ថ្លែង​ទទួល​ស្គាល់​ថា បទល្មើស​ពិត​ជា​កើត​មាន​ដូច​សេចក្ដី​រាយការណ៍​របស់​ពលរដ្ឋ​មែន ហើយ​លោក​មិន​ដឹង​ធ្វើ​យ៉ាង​ណា​នោះ​ទេ ក្រៅ​ពី​រាយការណ៍​ទៅ​ថ្នាក់​លើ​ជា​រៀង​រាល់​ខែ តែ​មិន​សូវ​ឃើញ​លទ្ធផល៖ «សមត្ថកិច្ច​ចាប់​ដែរ​ហ្នឹង​ណា ប៉ុន្តែ​ដូច​ថា​មិន​ចំ​គោលដៅ​វា​យ៉ាង​ម៉េច វា​បាន​តែ​មួយ​ប្រាវៗ​អ៊ីចឹង​ទៅ។ ខ្ញុំ​មិន​ដឹង​មាន​វិធានការ​យ៉ាង​ម៉េច​ទេ ខ្ញុំ​នេះ ដល់​ពេល​អ៊ីចឹង ខ្ញុំ​មាន​បំណង​ហៅ​មក​អប់រំ និង​ផ្សព្វផ្សាយ»

តំណាង​បណ្ដាញ​អ្នក​នេសាទ​បឹង​ទន្លេសាប​ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក ស៊ិន សុបញ្ញា ថា​បទល្មើស​ចៃរ៉ា និង​រុញ​ជន​នេះ កើត​មាន​រៀង​រាល់​ឆ្នាំ​ក្នុង​រដូវ​ទឹក​ស្រក ហើយ​ការ​នេសាទ​បែប​នេះ នឹង​បាត់​ទៅ​វិញ​នៅ​រដូវ​ទឹក​ឡើង។ លោក​ថា ការ​បង្ក្រាប​ពុំ​មាន​ប្រសិទ្ធភាព គឺ​អាច​មក​ពី​អាជ្ញាធរ ឬ​ជំនាញ​ជលផល ត្រូវរ៉ូវ​ជាមួយ​ជន​ល្មើស ព្រោះ​រាល់​ការ​ចុះ​បង្ក្រាប​របស់​មន្ត្រី​ជំនាញ ជន​ល្មើស​តែង​តែ​ដឹង​ខ្លួន​ជា​មុន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។