ពលរដ្ឋ​៧​គ្រួសារ​នៅ​ស្រុក​ថាឡាបរិវ៉ាត់​បារម្ភ​ខ្លាច​អាជ្ញាធរ​បណ្ដេញ​ចេញ​ពី​លំនៅឋាន

ពលរដ្ឋ ៧​គ្រួសារ រស់នៅ​ភូមិ​សំអាង ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង បារម្ភ​ពី​គម្រោង​អភិវឌ្ឍន៍​របស់​អាជ្ញាធរ ដែល​តម្រូវ​បណ្ដេញ​ពួក​គាត់​ចេញ​ពី​លំនៅឋាន បន្ទាប់​ពី​ពួក​គាត់​បាន​សាងសង់​ទីលំនៅ​តាំង​ពី​ឆ្នាំ​២០០១។ ពួក​គាត់​ចាត់​ទុក​ការ​បណ្ដេញ​ចេញ​របស់​អាជ្ញាធរ ថា​ជា​រឿង​អយុត្តិធម៌។

ប្រជាពលរដ្ឋ​ភូមិ​សំអាង ចំនួន ៧​គ្រួសារ នៅ​ថ្ងៃ​ទី​៣១ មករា អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត ចុះ​ស្រាវជ្រាវ​ពិនិត្យ​លទ្ធភាព​នៃ​គម្រោង​អភិវឌ្ឍន៍​របស់​អាជ្ញាធរ​ឃុំ ដែល​ជម្លៀស​ពួក​គាត់​ចេញ​ពី​លំនៅឋាន ដើម្បី​យក​ដី​ធ្វើ​មន្ទីរពេទ្យ ដោយ​គ្មាន​សំណង​ទូទាត់។

តំណាង​ពលរដ្ឋ ៧​គ្រួសារ លោកស្រី រឹម ភាព រៀបរាប់​ថា ពលរដ្ឋ ៧​គ្រួសារ​តាំង​ទីលំនៅ​តាំង​ពី​ឆ្នាំ​២០០១ ហើយ​រហូត​ដល់​ឆ្នាំ​២០១១ អាជ្ញាធរ​បាន​ជូន​ដំណឹង​ឲ្យ​ពួក​គាត់​រុះរើ​ផ្ទះ​ដោយ​មិន​ផ្តល់​សំណង​ទូទាត់ ឬ​ដោះ​ដូរ​ដី​នោះ​ទេ។ លោកស្រី​អះអាង​ថា ពលរដ្ឋ ៧​គ្រួសារ ស៊ូ​ស្លាប់​មិន​ព្រម​ចាក​ចេញ​ដាច់​ខាត បើ​អាជ្ញាធរ​មិន​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​សមរម្យ​ជូន​ពួក​គាត់ ដោយ​ផ្ដល់​សំណង​ណា​មួយ​ទេ​នោះ៖ «ទោះ​បី​យ៉ាង​ណា ខ្ញុំ​មិន​ចេញ​ដែរ ព្រោះ​ខ្ញុំ​គ្មាន​ដី​នៅ បើ​អស់​លោក​មិន​រក​ដី​ឲ្យ​ខ្ញុំ ខ្ញុំ​អត់​ចេញ​ទេ ឲ្យ​ខ្ញុំ​ទៅ​នៅ​ឯណា? សូម្បី​តែ​នៅ​ចុង​ឈើ ក៏​សម្បត្តិ​របស់​រដ្ឋ នៅ​ក្នុង​ទឹក ក៏​សម្បត្តិ​របស់​រដ្ឋ»

ពលរដ្ឋ ៧​គ្រួសារ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​អាជ្ញាធរ​ឃុំ ទំហំ​ដី​ជាង ២​ហិកតារ ក្នុង​មួយ​គ្រួសារ​មាន​ដី​ក្បាល ១៥​ម៉ែត្រ​ទៅ ៣០​ម៉ែត្រ បណ្តោយ​ជាង ១០០​ម៉ែត្រ ជា​ប្រភេទ​ដី​លំនៅឋាន​ជាប់​ផ្លូវ​ជាតិ​លេខ​៩ ផ្លូវ​ទៅ​ខេត្ត​ព្រះវិហារ។ កាល​ពី​ឆ្នាំ​២០១២ ក្រុម​និស្សិត​វាស់វែង​ដីធ្លី​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះ​ទៅ​តំបន់​នោះ ពុំ​បាន​វាស់វែង​ដើម្បី​ផ្តល់​ប្លង់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​ទាំង ៧​គ្រួសារ​ឡើយ ខណៈ​ដី​នោះ​កំពុង​មាន​ជម្លោះ។

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ មេ​ឃុំ​សំអាង លោក ញៀន ផុន ទទួល​ស្គាល់​ថា ពលរដ្ឋ​បាន​តាំង​ទី​លំនៅ​ឆ្នាំ​២០០១ តែ​គម្រោង​អភិវឌ្ឍន៍​របស់​អាជ្ញាធរ គឺ​មុន​ឆ្នាំ​២០០១ ទៀត។ លោក​អះអាង​ថា ពលរដ្ឋ​ទាំង​នោះ​សុទ្ធ​តែ​មាន​ដី​កម្មសិទ្ធិ​នៅ​តំបន់​ផ្សេង ហើយ​អាច​មាន​លទ្ធភាព​តាំង​ទីលំនៅ​ថ្មី​បាន។ ដូច្នេះ អាជ្ញាធរ​មិន​បាន​ផ្តល់​សំណង​ទេ។ លោក​ថា អាជ្ញាធរ​ឃុំ​បាន​បញ្ជូន​របាយការណ៍​ករណី​នេះ​ទៅ​អាជ្ញាធរ​ស្រុក​ដោះស្រាយ​បន្ត​ទៀត៖ «ផ្លាក​បិទ​ច្រើន​លើក​ច្រើន​សា តែ​ពួក​គាត់​មិន​ដឹង​ជា​នរណា គាស់​ចេញ។ តែ​គាត់​ចចេស​តែ​រស់នៅ ខ្ញុំ​ដាក់​ពាក្យ​ទៅ​ចៅហ្វាយ​ខេត្ត សាលា​ស្រុក ច្រើន​លើក​ច្រើន​សា»

មន្ត្រី​សង្គម​ស៊ីវិល រក​ឃើញ​ថា ដី​នៅ​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ភាគ​ច្រើន​សម្បូរ​ដោយ​ដី​ទំនេរ និង​សម្បូរ​ដោយ​ព្រៃ​ឈើ ភាគ​ច្រើន​ជា​ដី​គ្រប់គ្រង​ដោយ​មន្ត្រី​មាន​អំណាច និង​អាជ្ញាធរ​នៅ​អម​សង​ខាង​ផ្លូវ​ជាតិ​លេខ​៩ ផ្លូវ​ទៅ​ខេត្ត​ព្រះវិហារ។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល ដែល​ចុះ​អង្កេត​ករណី​នេះ​រក​ឃើញ​ថា ការ​ពន្យារ​ពេល​ដោះស្រាយ​របស់​អាជ្ញាធរ បង្ក​គុណ​វិបត្តិ​ដល់​ការ​រស់នៅ​ពលរដ្ឋ បន្ទាប់​ពី​ពួក​គាត់​មិន​អាច​អាស្រ័យ​ផល​លើ​ដី​នោះ​បាន។ លោក​យល់​ថា អាជ្ញាធរ​គួរ​ផ្តល់​ជា​ដី​សម្បទាន​សង្គមកិច្ច​ជូន​ពលរដ្ឋ​នៅ​តំបន់​ផ្សេង ឬ​សំណង​ទូទាត់​សមរម្យ ប្រសិន​លំនៅឋាន​ពួក​គាត់​ឋិត​ក្នុង​គម្រោង​អភិវឌ្ឍន៍ ដើម្បី​អនុលោម​តាម​យុទ្ធសាស្ត្រ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​រដ្ឋាភិបាល៖ «ពលរដ្ឋ​ជា​អ្នក​ក្រីក្រ តែ​បើ​តាម​ដោះស្រាយ​យឺត​របស់​អាជ្ញាធរ លំបាក​ដល់​សេដ្ឋកិច្ច​របស់​ពួក​គាត់»

ច្បាប់​ភូមិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាត្រា​៣៨ ឆ្នាំ​២០០១ ចែង​ថា បុគ្គល​ទាំងឡាយ​ណា​ដែល​បាន​កាន់​កាប់​ដី​ចាប់​ពី ៥​ឆ្នាំ​ឡើង​ទៅ​ដោយ​សុចរិត មាន​ការ​ដឹង​ឮ​ជា​សាធារណៈ គ្មាន​ការ​ប្ដឹង​ទាស់ កាន់​កាប់​ដោយ​មិន​អាក់​ខាន បុគ្គល​នោះ​អាច​ក្លាយ​ជា​ម្ចាស់​កម្មសិទ្ធិ​ដោយ​ស្រប​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។