អាជ្ញាធរ​ស្រង់​ស្ថិតិ​គ្រួសារ​ដែល​ចូល​កាន់​កាប់​ដី​ជើង​ភ្នំ​ក្រាំង​ដី​មាស​ខេត្ត​កំពង់ឆ្នាំង

ពលរដ្ឋ​មួយ​ចំនួន​នៃ​ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង នៅ​បន្ត​កាន់​កាប់ និង​ដាក់​ស្លាក​លក់​ដី​ជើង​ភ្នំ​ក្រាំង​ដី​មាស នៅ​ឡើយ ខណៈ​អាជ្ញាធរ​មិន​ទាន់​មាន​វិធានការ​ទប់ស្កាត់។ អាជ្ញាធរ​ឃុំ​ឲ្យ​ដឹង​ថា គេ​បាន​ធ្វើ​របាយការណ៍​ពី​ចំនួន​ប្រជាពលរដ្ឋ​ដែល​នៅ​តែ​បន្ត​កាន់​កាប់ និង​ចង់​លក់​ដូរ​ដី​នៅ​តំបន់​នោះ​ហើយ។

អាជ្ញាធរ​ភូមិ-ឃុំ​នៃ​ស្រុក​រលាប្អៀរ ដែល​មាន​តួនាទី​គ្រប់គ្រង​ទឹក​ដី​រដ្ឋបាល​ជុំវិញ​ភ្នំ​ក្រាំង​ដី​មាស ថា​ក្រុម​ពលរដ្ឋ​ដែល​ចូល​ទៅ​ចាប់​ដី​ភ្នំ​នោះ កើត​មាន​ជាង ៤​ឆ្នាំ​មក​ហើយ ទើប​អាជ្ញាធរ​លំបាក​ចាត់​វិធានការ។

មេ​ឃុំ​ពង្រ លោក ខែក សុផល ថ្លែង​នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ថា អាជ្ញាធរ​ឃុំ​បាន​ចុះ​ស្រង់​ចំនួន​គ្រួសារ​ដែល​បាន​ចូល​ទៅ​ចាប់​ដី​កន្លែង​ហាម​ឃាត់​នោះ​ឃើញ​ចំនួន ១៣​គ្រួសារ ប៉ុន្តែ​លោក​មិន​ទាន់​បាន​បញ្ជូន​តួលេខ​នេះ​ទៅ​អាជ្ញាធរ​ស្រុក ដើម្បី​ចាត់​ការ​យ៉ាង​ណា​បន្ត​ទៅ​ទៀត​នៅ​ឡើយ​ទេ។ លោក​ថា ការ​ពិត អាជ្ញាធរ​បាន​ហាម​ឃាត់​មិន​ឲ្យ​ចូល​ទៅ​ទន្ទ្រាន​ដី​ព្រៃ ឬ​កាន់​កាប់​ដី​ភ្នំ​នេះ​តាំង​ពី​ដើម ប៉ុន្តែ​ពលរដ្ឋ​មិន​ស្ដាប់៖ «ខ្ញុំ​ចេះ​តែ​ហាម​ឃាត់​ថា កុំ​ឲ្យ​ទៅ​ធ្វើ។ ដល់​ពេល​ក្រោយ​មក​ចេះ​តែ​បោះ​របង ហើយ​ដាក់​ដាំ (ចេក ស្វាយ) គាត់ (អ្នក​ចូល​ចាប់​ដី​ភ្នំ) ថា​គេ​ធ្វើ​បាន យើង​ធ្វើ​មិន​បាន? ចាំ​ពេល​គេ​ដក​ថ្ងៃ​ណា យក​ថ្ងៃ​ហ្នឹង​ទៅ។ មាន ១៣​គ្រួសារ​មាន​របង ហើយ​ដាំ​អី​តិចតួច ហើយ​មាន​ផ្ទះ​មួយ​ខ្នង​នៅ​ត្រង់​ហ្នឹង​យូរ​ហើយ​ពីរ ឬ​បី​ឆ្នាំ​ហើយ»

ស្ត្រី​ម្នាក់​វ័យ ៥០​ឆ្នាំ ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង បញ្ជាក់​ថា រូប​គាត់ និង​ប្ដី បាន​ចូល​កាប់​រាន​ដី​ភ្នំ​នេះ​នៅ​មុន​ឆ្នាំ​២០០០ ហើយ​បាន​ព័ទ្ធ​របង​នៅ​ឆ្នាំ​២០១៣។ គ្រួសារ​គាត់​បាន​ចំណាយ​កម្លាំង និង​ប្រាក់​ច្រើន​ដែរ​ក្នុង​ការ​ទិញ​បង្គោល​ឈើ​គ្រាក់ និង​លួស​បន្លា​ធ្វើ​ជា​របង ព្រម​ទាំង​ថ្នាំ​បាញ់​ឲ្យ​វល្លិ ឬ​កូន​ឈើ​តូចៗ​ឲ្យ​ងាប់ ទើប​បច្ចុប្បន្ន​រូប​គាត់​ចង់​លក់​ដី​នេះ​មួយ​ផ្នែក គ្រាន់​ដោះស្រាយ​ជីវភាព។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មេ​ឃុំ​ស្រែថ្មី លោក នូ ខៀន ដែល​គ្រប់គ្រង​ទឹក​ដី​រដ្ឋបាល​ជាប់​ភ្នំ​ក្រាំង​ដី​មាស ប៉ែក​ខាង​ត្បូង ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ដោយ​ទូរស័ព្ទ​លោក​មិន​អាច​ទាក់ទង​បាន។ ប៉ុន្តែ​មេ​ភូមិ​អណ្ដូងឫស្សី នៃ​ឃុំ​ស្រែថ្មី លោក ឡេង ហេង ធ្លាប់​បញ្ជាក់​ថា បច្ចុប្បន្ន​មាន​ពលរដ្ឋ​ប្រមាណ ៣០​គ្រួសារ​ដែរ បាន​ចូល​ទៅ​ចាប់​ដី និង​រស់នៅ​ក្បែរ​ជើង​ភ្នំ​ក្រាំង​ដី​មាស។

ចំណែក​អភិបាល​ស្រុក​រលាប្អៀរ លោក សោម វឺន អះអាង​ថា កាល​ពី​ជាង​មួយ​ខែ​មុន លោក​បាន​ចេញ​លិខិត​ហាម​ឃាត់​មួយ​ច្បាប់​ជូន​អាជ្ញាធរ​ឃុំ ដើម្បី​ផ្សព្វផ្សាយ និង​ទប់ស្កាត់​សកម្មភាព​ចូល​ទន្ទ្រាន​ដី​ភ្នំ​ខុស​ច្បាប់ ប៉ុន្តែ​អាជ្ញាធរ​ភូមិ-ឃុំ ថា​ខ្លួន​មិន​ទាន់​ទទួល​បាន​លិខិត ឬ​វិធានការ​ចុះ​ផ្សព្វផ្សាយ​នៅ​ឡើយ​ទេ ខណៈ​ដែល​ពួក​គាត់​បង្ហាញ​ពី​ការ​លំបាក​ដោះស្រាយ​បញ្ហា​នេះ ហើយ​ទុក​ឲ្យ​ថ្នាក់​លើ​ចាត់​ចែង។

ក្រាំង​ដី​មាស គឺ​ជា​ភ្នំ​មួយ​សម្បូរ​ទៅ​ដោយ​វត្ថុ​ធាតុ​ដើម​សម្រាប់​ផលិត​សម្ភារៈ​ប្រើប្រាស់​អំពី​ដី។ ពលរដ្ឋ​ខេត្ត​កំពង់ឆ្នាំង ចាត់​ទុក​ភ្នំ​ក្រាំង​ដី​មាស ជា​អត្តសញ្ញាណ​សម្គាល់​ខេត្ត​របស់​ខ្លួន​មួយ​ដែរ ក្រៅ​ពី​រូប​សំណាក​ឆ្នាំង ដែល​គេ​ធ្វើ​ពី​ស៊ីម៉ងត៍​ដាក់​បញ្ឈរ​លើ​ជើង​ទម្រ​ធំ​មួយ​ក្បែរ​ផ្លូវ​ជាតិ​លេខ​៥ នៅ​ក្នុង​ក្រុង​នៃ​ខេត្ត​នេះ។ បច្ចុប្បន្ន មាន​ពលរដ្ឋ​មិន​តិច​ជាង ៤០​គ្រួសារ​ឡើយ ដែល​កាប់​ឆ្ការ​កាន់​កាប់​ដី​ជើង​ភ្នំ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។