ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តព្រៃវែង ៖ លោក ឡុ​ង ស្រេង ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ពង្រឹង​ឃុំ​ត្នោត ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង កាលពី​ថ្ងៃ​ទី ៣០ ខែមករា ឆ្នាំ​២០១៦ បាន​ចុះ​ជួប​សំណេះសំណាល​ជាមួយ​សមាជិក សមាជិកា ប្រជាពលរដ្ឋ ស្ត្រី​កូនខ្ចី និង​ក្រុម​យុវជន ដែល​លោក​បាន​ប្រើ​យុទ្ធសាស្ត្រ​ថ្មី ដើម្បី​ឈាន​ទៅ​យកជ័យ​ជំនះ​ក្នុង​ការ​បោះ​ឆ្នោត​អាណត្តិ​ក្រោយ​ៗ​នោះ តាម​ក្បាច់​គុណ​គឺ (​ស្រឡាញ់ មេ​បំពេរ​កូន​) ។ មាន​ន័យ​ថា លោក ឡុ​ង ស្រេង បាន​ជួន​សំណេះសំណាល​ជាមួយ​ប្រជា​ពល រ​ដ្ន នាំ​យក​នូវ​អ្វី​ដែល​ជា​តម្រូវការ​របស់​ប្រជា​កសិករ ដូច​ជា​មា​ស៊ី​ន​បូមទឹក​សម្រាប់​ធ្វើ​កសិកម្ម ធ្វើស្រែ ចំការ ដំណាំ គ្រប់​បែប​យ៉ាង និង​ខាង​មុខ​ទៀត​នេះ​លោក​បាន​និង​មាន​គំរោង​ទិញ​អំ​ពូ​ល​ភ្លើង ដោយ​មិនបាច់​ប្រើ​ខ្សែ ឬ​ភ្ជាប់​ពី​អា​គុយ ដាក់​ឲ្យ​ប្រជា​ពល​ប្រើ​គ្រប់​ផ្ទះ​ក្នុង​ឃុំ​ត្នោត​ទាំងមូល​ឲ្យ​តែ​ប្រជាពលរដ្ឋ​គាំទ្រ ។

យុទ្ធសាស្ត្រ «​ស្រឡាញ់​មេ​បំពេរ​កូន​» ក្រៅពី​អ្វី​ដែល​ជា​តម្រូវការ​របស់​ប្រជា​កសិករ​នោះ​ហើយ កាលពី​ថ្ងៃ​ទី​៣០​មក​រា លោក ឡុ​ង ស្រេង និង​សមាជិក សមាជិកា បាន​យកចិត្តទុកដាក់​ចំពោះ​ស្ត្រី​ដែល​ទើប​សម្រាល​កូនខ្ចី​រួច​ប្រមាណ​២១​នាក់ ឧបត្ថម្ភ​ក្នុង​ម្នាក់​២០​ម៉ឺន​រៀល សរុប​ចំនួន​៤២​ម៉ឺន​រៀល ដែល​ថវិកា​នេះ​ជា​មូលនិធិ​របស់​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​, ចាក់​ដី​ក្នុង​បរិវេណ​សាលា​បឋម​សិក្សា​ត្នោត​អស់​ចំនួន​២០៣​រថយន្ត ក្នុង​១​រថយន្ត​តម្លៃ​៥​ម៉ឺន​រៀល សរុប​១០​លាន​១៥​ម៉ឺន​រៀល ។

ក្នុង​យុទ្ធសាស្ត្រ​ដើម្បី​ឆក់​យក​បេះដូង​ប្រជាពលរដ្ឋ​មក​វិញ​នោះ លោក ឡុ​ង ស្រេង និង​ក្រុមការងារ សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​ត្នោត បាន​ជ្រើសរើស​យក​គោលដៅ​សំខាន់​ទៀត​ដូច​ជា ប្រមូលផ្តុំ​ក្រុម​យុវជន យុវនារី បង្កើត​ជា​ក្រុមកីឡា​បាល់ទះ និង​បាល់ទាត់ ហ្វឹកហាត់​ដើម្បី​ជា​ការ​ចូលរួម​ចំណែក​សម្រាប់​ប្រកួត​មិត្តភាព ឬ​ពានរង្វាន់​ថ្នាក់​ជាតិ​ទៅ​អនាគត​ខាង​មុខ​ទៀត​ក៏​ថា​បាន ។ ក្រៅពី​នោះ កីឡា​ដែល​គេ​ហៅ​ថា​ជា​ប្រយោជន៍​ដើម្បី​សុខភាព ហើយ​លេង​កីឡា​ជា​ការ​ជៀស​ផុត​ពី​គ្រឿងញៀន ។

ក្រោយ​ពេល​បង្កើត​ជា​ក្រុមកីឡា​បាល់ទាត់ និង​បាល់ទះ ក្រោម​ការ​ចូលរួម​ពី​ក្រុម​យុវជន និង​យុវនារី​ប្រមាណ​ជិត​២០០​នាក់ លោក​ឡុ​ង ស្រេង សប្បាយចិត្ត និង​មានការ​គាំទ្រ​យ៉ាង​ពេញទំហឹង បាន​នាំ​មក​នូវ​សម្ភារ​កីឡា​គ្រប់មុខ​ទៅ​ផ្គត់ផ្គង់​ប្អូន​ៗ​ក្រុម​យុវជន យុវនារី ជា​បន្តបន្ទាប់​មាន​ដូច​ជា ស្បែកជើង​កីឡា​(​ប៉ា​តា​)​ម្នាក់​២​គូ បាល់ទាត់​មុន​-​ក្រោយ​២០ បាល់ទះ​១០ ស្បែកជើង​កា​រ៉ាំ​ប៉ុង​សម្រាប់​កីឡាបាល់ទះ​ចំនួន​៣៤​គូ សំណាញ់​ហ្វី​ឡេ​(​បាល់ទះ​)១ ធ្វើ​បង្គោល​ហ្គោ​ន​សម្រាប់​បាល់ទាត់​ដែល​មាន​ប្រើ​សំណាញ់​២ សរុប​ទឹកប្រាក់​អស់​ជិត​២​ពាន់​ដុល្លារ​អា​មេ​រិ​ក ។

ដោយ​មើលឃើញ​ចំណុច និង​យុទ្ធសាស្ត្រ​ដ៏​ល្អ​ប្រពៃ​ដែល​លោក ឡុ​ង ស្រេង ប្រធាន​ក្រុមការងារ​ចុះ​ពង្រឹង​ឃុំ​ត្នោត ស្រុក​កញ្ជ្រៀច​អនុវត្ត និង​កំពុង​បន្ត​អនុវត្ត​ដើម្បី​ទទួល​បាន​ជោគជ័យ​នេះ ហៅ​ថា​ជា​យុទ្ធវិធី «​ស្រឡាញ់​មេ​បំពេរ​កូន​» ។