រយៈពេល ៣០ថ្ងៃ ដើមឆ្នាំ២០១៦ គ្រោះថ្នាក់​ចរាចរណ៍​ បណ្តាលឲ្យ​មនុស្ស​ជិត​ ២០០នាក់​ស្លាប់​ និង​របួស​ជាង​ ៣០០​នាក់​

ភ្នំពេញ៖ ត្រឹមរយៈពេល ៣ថ្ងៃ នៃខែមករា ដើមឆ្នាំ២០១៦នេះ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស យ៉ាងហោចណាស់ បានបណ្តាលឲ្យ មនុស្សចំនួនជិត ២០០នាក់បានស្លាប់ បាត់បង់ជីវិត និងជាង ៣០០នាក់ផ្សេងទៀត បានរងរបួសធ្ងន់ និងស្រាល។

យោងតាមរបាយការណ៍ របស់នាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១-៣០ ខែមករា ឆ្នាំ២០១៦ មានគ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន ៣១៥លើក បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៥កន្លងទៅ ថយចុះ ៣១លើក ស្មើនឹង ៩ភាគរយ, ស្លាប់ចំនួន ១៨២នាក់ កើនឡើង ៣៤នាក់ ស្មើនឹង ២៣ភាគរយ, របួសធ្ងន់ចំនួន ៣២៩នាក់ ថយចុះ ១៧នាក់ ស្មើនឹង ៥ភាគរយ និងរបួសស្រាលចំនួន ២៩៣នាក់ កើនឡើង ១០៤នាក់ ស្មើនឹង ៥៥ភាគរយ។

មូលហេតុដែលបណ្តាលឲ្យ កើតគ្រោះថ្នាក់ចរាចរណ៍រួមមាន បើកបរក្នុងល្បឿងលឿនចំនួន ១៤២លើក, បើកបរក្នុងស្ថានភាពស្រវឹងចំនួន ៣៤លើក, បើកបរប្រជែងគ្រោះថ្នាក់ចំនួន ៤២លើក, មិនគោរពសិទ្ធិ ៣៤លើក, មិនប្រកាន់ស្តាំ ២៥លើក, បត់គ្រោះថ្នាក់ ២៦លើក និងកត្តាយានយន្តចំនួន ៧លើក។

គួរកត់សម្គាល់ខេត្ត ដែលគ្រោះថ្នាក់ និងរងគ្រោះច្រើន រួមមាន រាជធានីភ្នំពេញ កើតឡើងចំនួន ២៦លើក, ស្លាប់ ១៨នាក់, របួសសរុប ២៧នាក់, ខេត្តបន្ទាយមានជ័យ ២២លើក, ស្លាប់ ១៥នាក់ និងរបួស ៥៣នាក់, ខេត្តកំពង់ស្ពឺ ២២លើក, ស្លាប់ ២១នាក់ និងរបួស ៩២នាក់, ខេត្តពោធិ៍សាត់ ២១លើក, ស្លាប់ ១៩នាក់ និងរបួស៥១នាក់, ខេត្តកំពង់ធំ ១៨លើក, ស្លាប់ ១០នាក់ និងរបួស ១៨នាក់, ខេត្តកណ្តាល ១៦លើក, ស្លាប់ ១៣នាក់ របួស ១២នាក់, ខេត្តព្រៃវែង ១៥លើក, ស្លាប់ ១៥នាក់ របួស ២០នាក់៕