ក្មេងសិស្សសាលា ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ដោយសារ គ្រោះថ្នាក់ចរាចរ នៅស្រុកពេជ្រាដា

មណ្ឌលគិរី៖ យ៉ាងហោចណាស់សិស្សសាលា ម្នាក់បានស្លាប់ នៅនិងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបូសធ្ងន់ គ្រាដែលម៉ូតូ បើកបរក្នុងល្បឿនលឿនជ្រុល ទៅបុករថយន្តកែឆ្នៃដឹកដំឡូងមី ពេញទំហឹង។

ហេតុការនេះបានកើតឡើង នាវេលាម៉ោងប្រមាណជា ៩និង៣០នាទីព្រឹក ថ្ងៃ៣១ ខែមករា ឆ្នាំ២០១៦ ត្រង់ចំនុចផ្លូវបំបែកចូល ភូមិទី០៤ ស្ថិតក្នុងភូមិពូទិល ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ អ្នកឃើញហេតុការណ៍ បានអោយដឹងថាមុនកើតហេតុ គេឃើញ ក្មេងសិស្សសាលាទាំងពីរ បានជិះម៉ូតូឌុបគ្នាចេញពីផ្ទះ ហើយឡើងមកដល់លើផ្លូវ ក៏ត្រូវគោយន្តដឹកដំឡូងមី១គ្រឿង បោះពួយពីទិសខាងកើត បុកពេញទំហឹង និងកិនតែម្តង ប៉ុន្តែអ្នកបើកបរមិនបានឈប់នោះទេ ក៏ព្យាយាមបើកគេច រហូតដល់ចំនុចអូរប្លាយ ស្ថិតក្នុងភូមិស្រែអំពូម ឃុំស្រែអំពូម ស្រុកពេជ្រាដា ក៏ឈប់លាងកង់រថយន្ត ដែលប្រឡាក់ឈាម ដើម្បីបំភ័ណ្ឌភ្នែកសមត្ថកិច្ច ហើយក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង។ 

នគរបាលអធិការដ្ឋាន ស្រុកពេជ្រាដា បានអោយដឹងថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានបង្ករអោយក្មេងសិស្សសាលា ម្នាក់បានស្លាប់ និងម្នាក់ទៀតកំពុងធ្វើការបញ្ជូន ទៅសង្រ្គោះបន្ទាន់មន្ទីរពេទ្យក្រុងភ្នំពេញ។ មន្ត្រីរូបនោះបន្តថា ជនរងគ្រោះដែលបានស្លាប់មានឈ្មោះ រ័ត្ន ហេ ភេទប្រុស អាយុ១២ឆ្នាំ ជនជាតិខ្មែរ ហើយម្នាក់ដែលរងរបួសធ្ងន់មានឈ្មោះ នីន រាជ ភេទប្រុស អាយុ១៣ឆ្នាំ ជិះម៉ូតូឌុបគ្នាម៉ាកវ៉េវ មានទីលំនៅក្បែរកន្លែងកើតហេតុ ចំណែកឯអ្នកបើកបររ រថយន្តកែឆ្នៃមានឈ្មោះ សេង វណ្ណា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិប៊ូស្រា ឃុំប៊ូស្រា ស្រុកពេជ្រា។

បច្ចុប្បន្ននគរបាល បានចាប់ខ្លួន បញ្ជួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ធ្វើការសាកសួរពីមូលហេតុនៃករណីនេះ និងបន្តចាត់ការតាមនិតិវិធី។

សូមជំរាបថា បច្ចុប្បន្នយានយន្តខុស បច្ចេកទេសនៅតែមានចំនួនច្រើនដដែល នៅក្នុងខេត្តមណ្ឌលគិរីនេះ  ហើយវាអាចបង្ករអោយមានករណីគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ ឈានទៅរកការគ្រោះថ្នាក់ ដល់អាយុជីវិតមនុស្សជាបន្តបន្ទាប់។

លោក តូច យ៉ុន ស្នងការខេត្តមណ្ឌលគិរី បានថ្លែងប្រាប់អ្នកឆ្លើយឆ្លង ព័ត៌មានយើងប្រចាំខេត្តនៅរសៀល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦នេះ ឱ្យដឹងថា លោកនឹងរៀបចាត់ចែងធ្វើការណែនាំ អ្នកប្រើប្រាស់យានយន្តគ្រប់ប្រភេទ ឬទោចក្រយានយន្តផ្សេងៗ ដែលខុសលក្ខណៈបច្ចេកទេស អោយនាំគ្នាងាកទៅរក ការគោរពច្បាប់ចរាចរថ្មី និងបើកបរគោរពច្បាប់ចរាចរណ៍ អោយបានល្អប្រសើរទាំងអស់គ្នា ដើម្បីឈានទៅរកការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍៕

ក្មេងសិស្សសាលា ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ដោយសារ គ្រោះថ្នាក់ចរាចរ នៅស្រុកពេជ្រាដា

ក្មេងសិស្សសាលា ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ដោយសារ គ្រោះថ្នាក់ចរាចរ នៅស្រុកពេជ្រាដា