ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តព្រះវិហារ ៖ ផ្ទះ​ប្រជាពលរដ្ឋ​៣​ខ្នង និង​តូប​សំអាងការ​១​តូប ស្ថិត​ក្នុងភូមិ​គូលែន​ត្បូង ឃុំ​គូលែន​ត្បូង ស្រុក​គូលែន ខេត្តព្រះវិហារ ត្រូវ​បាន​ភ្លើង​ឆេះ​អស់ទាំង​ស្រុង បណ្តាល​មក​ពី​ទុ​ស្សេ​ចរន្តអគ្គិសនី​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៦ ។

មន្ត្រី​នគរបាល​ស្រុក​គូលែន​បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​បណ្តាល​ឲ្យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ទាំង​៣​ខ្នង និង​តូប​សំអាងការ​១​តូប​ខាងលើ​នេះ បណ្ដាល​មក​ពី​ទុ​ស្សេ​ចរន្តអគ្គិសនី​ដាច់​ខ្សែភ្លើង​ធ្លាក់​ទៅ​លើដំបូល​ផ្ទះ ខណៈ​ពេល​ដែល​ម្ចាស់ផ្ទះ​កំពុង​ដេក​លង់លក់ ហើយ​ធ្វើ​ឲ្យ​ភ្លើង​ឆេះ​ចូល​ទៅ​ក្នុងផ្ទះ​យ៉ាង​សន្ធោសន្ធៅ ទើប​ធ្វើ​ឲ្យ​ម្ចាស់ផ្ទះ​រត់​ចេញពី​ក្នុងផ្ទះ​ដោយ​មិន​បាន​យក​នូវ​សម្ភារ ឬ​ទ្រ​ព​សម្បត្តិ​មក​ជាមួយ​បាន​ឡើយ ។

មន្ត្រី​នគរបាល​បាន​បន្ត​ទៀត​ថា ម្ចាស់ផ្ទះ​ទាំងនោះ​មាន ១-​ឈ្មោះ សេង សំ​អេ​ន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ​, ទី​២-​ឈ្មោះ លាង អាង ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ​, ទី​៣-​ឈ្មោះ ហួ​ន សំ​អូន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ និង ទី​៤-​ឈ្មោះ ហួ​ន ប៊ុ​ន​លាន ភេទ​ស្រី អាយុ​៥១​ឆ្នាំ ។

សមត្ថកិច្ច​ក៏​បាន​បញ្ជាក់​ទៀត​ថា អគ្គិភ័យ​នេះ​បាន​បំផ្លាញ​សម្ភារ​ប្រើប្រាស់ ទ្រ​ព​សម្បត្តិ​ជា​ច្រើន និង​ថវិកា​មួយ​ចំនួន​ធំ ដែល​សរុប​ជា​ទឹកប្រាក់​ប្រមាណ​ជា​ជាង​១​សែន​ដុល្លារ ។

សូម​បញ្ជាក់​ផង​ដែរ ក្នុង​ហេតុការណ៍​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ពលរដ្ឋ​ខាងលើ​នេះ សមត្ថកិច្ច​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​បាន​ព្យាយាម​យក​ឡានទឹក​ទៅ​ជួយ​ពន្លត់​ដែរ តែ​ដោយសារ​ពី​ទីប្រជុំជន​ក្រុង​ព្រះ​វិហារ​ទៅ​កាន់​កន្លែង​កើតហេតុ​មាន​ចម្ងាយ​ប្រមាណ​ជា​៤០​គីឡូម៉ែត្រ ទើប​ធ្វើ​ឲ្យ​សមត្ថកិច្ច​ជួយ​ពន្លត់​មិន​ទាន់ បណ្តាល​ឲ្យ​អគ្គិភ័យ​ឆាបឆេះ​អស់​គ្មាន​សល់ ប៉ុន្តែ​មិន​មាន​បង្ក​គ្រោះថ្នាក់​របួស​ស្នាម ឬ​បាត់បង់​អាយុជីវិត​នរណា​ម្នាក់​ឡើយ ៕